Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តី​ស្លាប់ ប្រពន្ធ​របួសធ្ងន់ ដោយសារ​ភ្លើង​ឆេះ​ផ្ទះ នៅ​ឃុំ​ក្រាំង​យ៉ូ​វ

spot_img

​កណ្តាល ៖ អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង បាន​ឲ្យ​ដឹងថា បុរស​ម្នាក់​បាន​ស្លាប់​នៅក្នុង​បន្ទប់ និង​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា នៅក្នុង​គ្រោះ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​១​ខ្នង (​ភ្លើង​ឆេះ​ផ្ទះ និង​រោង​សិប្បកម្ម​) នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២១ និង ៣០​នាទី ស្ថិតនៅ​ភូមិ​ទួល​ក្រាំង ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល ។​

​ផ្ទះ​ដែល​ឆេះ ចំនួន​១​ខ្នង​សង់​ពី​ឈើ​ប្រក់​ក្បឿង ទំហំ​ផ្ទះ​បណ្ដោយ​៩​ម៉ែត្រ ទទឹង​៧​ម៉ែត្រ ដោយ​ត​យ៉ាក​ជំ​ហៀ​ង​ខាងជើង និង​ខាងមុខផ្ទះ សរុប​ទំហំ​បណ្ដោយ​៣០​ម៉ែត្រ ទទឹង​១៥​ម៉ែត្រ ធ្វើជា​រោង​សិប្បកម្ម ជួល​ឲ្យ​សិប្បកម្ម​ដេរ​ខោអាវ​រោងចក្រ ដោយ​សម្ភារ​មាននៅ​ក្នុងនោះ​ខូចខាត​ទាំងស្រុង​។​

​ជនរងគ្រោះ ១.​ឈ្មោះ ស្រ៊ុន បូ​រិ​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ស្លាប់​) ជនជាតិខ្មែរ មាន​មុខរបរ​កម្មក​រ​រោងចក្រ កត់​ឡូ និង​យាម​រោងចក្រ​(​ប្តី​)​។ ២.​ឈ្មោះ អឿន សុខ​ហៀ​ង ភេទ​ស្រី អាយុ​២៤​ឆ្នាំ រងរបួស​ធ្ងន់ (​ប្រពន្ធ​) ជនជាតិខ្មែរ មាន​មុខរបរ​កម្មការិនី ប្រធាន​ផ្នែក​ដេរ អ្នក​ទាំងពីរ​មាន​ទីលំនៅ ភូមិ​ទួលសាលា ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

​នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ មាន​ករណី​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ និង​រោង​សិប្បកម្ម នៅ​ចំណុចកើតហេតុ​ខាងលើ​។​
​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ខាងលើ​ភ្លាម កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្រាំង​យ៉ូ​វ និង​កម្លាំង​ប្រជា​ការពារ​ឃុំ​ក្រាំង​យ៉ូ​វ ជាមួយ​កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្អាង​ភ្នំ និង​ប្រជា​ការពារ​ឃុំ​ស្អាង​ភ្នំ ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែក​គយ និង​ប្រជា​ការពារ​ឃុំ​ព្រែក​គយ ក្រុមប្រឹក្សាឃុំ មេភូមិ គ្រូពេទ្យ​មណ្ឌល​សុខភាព បាន​ចុះ​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ ជួយ​ធ្វើការ​ត​ប្រព័ន្ធ​ទឹក​នៅក្បែរនោះ បាញ់​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ រីក​រាលដាល​ដល់ផ្ទះ​អ្នកជិតខាង និង​បាន​រាយការណ៍​សុំ​អន្តរាគមន៍​ពី លោកស្នងការ​រង​ទទួល​ការងារ​អគ្គិភ័យ​ខេត្តកណ្ដាល ស្នើសុំ​ឲ្យ​ជួយសង្គ្រោះ ដោយ​យក​រថយន្ដ​ពន្លត់​អគ្គិភ័យ​(​ឡានទឹក​) មកជួយ​អន្តរាគមន៍​សង្គ្រោះ​ជាបន្ទាន់​បំផុត​។​

​ក្នុងពេល​ជាមួយគ្នា​នោះដែរ កម្លាំង​អន្តរាគមន៍​ស្រុក​ស្អាង និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល សហការ បាន​បែងចែក​ការងារ​គ្នា ប្រមូល​ព័ត៌មាន​ថា មាន​កម្មករ​ចំនួន​២​នាក់ មាន​តួនាទី​ស្នាក់នៅ​យាម ក្នុង​រោង​សិប្បកម្ម​កន្លែងកើតហេតុ ដែលមាន​អគ្គិភ័យ​កំពុង​ឆេះ​នោះ កម្លាំង​អន្តរាគមន៍​បានធ្វើការ​គាស់​ទ្វា​ទម្លុះ​ចូលទៅ ស្វែងរក​ជនរងគ្រោះ ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ ក៏បាន​ប្រទះឃើញ ឈ្មោះ អឿន សុខ​ហៀ​ង (​ប្រពន្ធ​) ដែល​កំពុង​ដួលសន្លប់ នៅក្នុង​បន្ទប់ ក្នុង​រោង​សិប្បកម្ម​នោះ បាន​ជួយសង្គ្រោះ​យក​ចេញមកក្រៅ ធ្វើការ​សង្គ្រោះ​ជាបឋម ដោយ​លោកគ្រូ​ពេទ្យ និង​បន្ត​ស្វែងរក​ឈ្មោះ ស្រ៊ុន បូ​រិ​ន (​ប្ដី​) បាន​ប្រះ​ឃើញ​ដួល (​ស្លាប់​) នៅ​បន្ទប់ទឹក​បាត់ទៅហើយ​។​

​នៅវេលា​ម៉ោង​២២ និង​២០​នាទី រថយន្ដ​ពន្លត់​អគ្គិភ័យ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល បានមក​ដល់ បាញ់​ទឹក​គ្រប់គ្រង​ស្ថានការណ៍ និង​ពន្លត់ភ្លើង​បាន​ទាំងស្រុង នៅវេលា​ម៉ោង​២៣ និង​៥០​នាទី ដោយ​ប្រើប្រាស់​រថយន្ដ​ពន្លត់​អគ្គិភ័យ​ចំនួន​៣​គ្រឿង ប្រើ​ទឹក​អស់​ចំនួន​២១​ម៉ែត្រគូប​។​

​បច្ចុប្បន្ន​ជនរងគ្រោះ ត្រូវបាន​រថយន្ត​សាមុយ បញ្ជូនទៅ​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្អាង​។ ការសន្និដ្ឋាន អគ្គិភ័យ​ខាងលើ​កើតឡើង ដោយសារ​ឆ្លង​ចរន្តអគ្គិសនី (​ផ្ទុះ​ស្សេ​ខ្សែភ្លើង​)៕​ដោយ​៖​កូ​ឡាប​

spot_img
×