Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

SME ក្នុង​វិស័យ​កសិកម្ម រដ្ឋាភិបាល​យល់ព្រម​បន្ថយ​អត្រា​ការប្រាក់ ១​ភាគរយ​បន្ថែមទៀត

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បាន​យល់ព្រម​បន្ថយ​អត្រា​ការប្រាក់​១​ភាគរយ​ទៀត នៃ​កញ្ចប់​ថវិកា​ពិសេស​ទំហំ ៥០​លាន​ដុល្លារ​អាមេរិក តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ និង​កសិកម្ម ដែល​ផ្តល់​ឲ្យ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម (SMEs) នៅក្នុង​វិស័យ​កសិកម្ម ពោលគឺ​បន្ថយ​អត្រា​ការប្រាក់​សម្រាប់​កម្ចីទុន​បង្វិល​ពី ៦% មក ៥% និង​សម្រាប់​ទុនវិនិយោគ​ពី ៦,៥% មក ៥,៥% ដោយ​មិន​គិត​កម្រៃ​សេវា​ផ្សេងៗ​។

​ការ​ម្រេច​នេះ គឺ​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល ស្តីពី​វិធានការ​បន្ថែម​សំដៅ​ជួយ​ដល់​វិស័យ​ឯកជន និង​កម្មករ​-​និយោជិត ដែល​ទទួលរង​ផលប៉ះពាល់​ធ្ងន់ធ្ងរ ពី​ការរីក​រាល ដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​វិធាន​ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ក្រោយ​វិបត្តិ​នៃ​ជំងឺ​នេះ ជុំ​ទី​៤ កាលពី​ថ្ងៃទី​២៦ ឧសភា ឆ្នាំ​២០២០​។​

​ការ​ចុះថ្លៃ​ការប្រាក់​ចំនួន ១ ភាគរយ​ទៀត​នេះ មានន័យថា ម្ចាស់​សហគ្រាស​ដែល​ខ្ចី​ឥណទាន​ពិសេស​នេះ យកទៅ​ធ្វើជា​ទុន​បង្វិល ត្រូវ​ចុះ​ពី​៦​ភាគរយ មក​នៅ​៥​ភាគរយ​។ ចំណែក​ម្ចាស់​សហគ្រាស​ដែល​ខ្ចីប្រាក់​សម្រាប់​យកទៅ​វិនិយោគ គឺ​ចុះ​ពី​ការប្រាក់​៦,៥ មក​នៅត្រឹម​៥,៥​ភាគរយ​វិញ​។ ក្រៅតែពី​ការទម្លាក់​អត្រា​ការប្រាក់ រដ្ឋាភិបាល​ក៏បាន​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​សហគ្រាស ដែល​ខ្ចីប្រាក់​យក​ធ្វើជា​ទុន​បង្វិល មាន​រយៈ​រហូតដល់​៧​ឆ្នាំ​។ តែ​ចំពោះ​ម្ចាស់​សហគ្រាស​ដែល​ខ្ចីប្រាក់​សម្រាប់​វិនិយោគ​វិញ គឺ​នៅតែ​រក្សា​រយៈពេល​ខ្ចី​យ៉ាងយូរ​២​ឆ្នាំ​ដដែល​។

​បើតាម​ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​ក​សិ​ម្ម បាន​ឲ្យ​ដឹងថា ម្ចាស់​សហគ្រាស​នីមួយៗ អាចមាន​លទ្ធភាព​ទទួល​បាន​ឥណទាន​ក្នុង​កញ្ចប់​ថវិការដ្ឋ ៥០​លាន​ដុល្លារ​អាមេរិក​នេះ បាន​ត្រឹម ៣០​ម៉ឺន​ដុល្លារ​។ ប៉ុន្តែ​បច្ចុប្បន្ន​រដ្ឋាភិបាល សម្រេច​ពង្រីក​វិសាលភាព​នៃ​ការផ្តល់​ឥណទាន​នេះ ដល់​បណ្តុំ​សហគ្រាស​ធុន​តូច និង​មធ្យម ដោយ​លើកទឹកចិត្ត​ចំពោះ SME​ណា ដែល​ពាក់ព័ន្ធ​ឱ្យប្រើ​ប្រាស់​សេវា​បច្ចេកទេស​របស់​ម​ជ្ឈ​មណ្ឌល​សហគ្រិន​ខ្មែរ ដើម្បី​សម្រួល​ដល់​ការទទួលបាន​ឥណទាន​នេះ​។​

​សូមបញ្ជាក់ថា សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ថ្មី​នេះ គឺ​បាន​កែសម្រួល​លើ​វិធាន​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​អាជីវកម្ម កាលពី​ថ្ងៃទី ១៦​មីនា ឆ្នាំ​២០២០ ដែល​រដ្ឋាភិបាល​បាន​ទម្លាក់​កញ្ចប់​ថវិកា ៥០​លាន​ដុល្លារ សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​វិនិយោគ​របស់ SME ដែល​ធ្វើការ​លើ​វិស័យ​កសិកម្ម ក្នុងអំឡុង​វិបត្តិ​កូ​វីដ​-១៩៕

ដោយ​៖​សម្ផស្ស​


spot_img
×