Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារពិភពលោក​ប្តេជ្ញាចិត្ត ថា​នឹង​ជួយ​កម្ពុជា ក្នុង​ការជួយ​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព​ជាមួយ​វិបត្តិ​កូ​វីដ​-១៩​នេះ ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ឱ្យ​ឆាប់​ងើបឡើង​វិញ​

spot_img

​ភ្នំពេញ ៖ ធនាគារពិភពលោក​៖ ការអភិវឌ្ឍ​របស់​ក​ម្ពុ​ជា​ក្នុងពេល ៣០​ឆ្នាំ​មកនេះ កំពុង​រង​ការគំរាមកំហែង​ខ្លាំង​បំផុត ពី​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។ ធនាគារពិភពលោក នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ បានចេញ​របាយការណ៍​មួយ​ដោយបាន​ផ្សព្វផ្សាយ​ថា ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ កំពុង​បង្ក​ការប៉ះទង្គិច​យ៉ាងដំណំ ទៅលើ​ក្បាលម៉ាស៊ីន​សំខាន់ៗ សម្រាប់​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា ក្នុងនោះ​មាន វិស័យ​ទេសចរណ៍​, ឧស្សាហកម្ម​នាំចេញ និង​ផ្នែក​សំណង់ ដែល​ទាំងអស់នេះ តំណាងឱ្យ​ជាង ៧០​ភាគរយ នៃ​កំណើនសេដ្ឋកិច្ច និង​ផ្តល់​ការងារ​មាន​កម្រៃ​ប្រមាណ​ជា ៤០​ភាគរយ នៃ​ការងារ​សរុប​របស់​ប្រទេស​។

​ដោយសារ​មូលហេតុ​នេះ នៅក្នុង​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​ត្រូវបាន​រំពឹងទុក​ថា​នឹងមាន​ល្បឿន​យឺត​បំផុត មិនដែល​ធ្លាប់​ជួបប្រទះ​តាំងពី​ឆ្នាំ​១៩៩៤​មក ដោយ​វា​នឹង​ថមថយ​រហូតដល់​រវាង -១ និង -២,៩ ភាគរយ តាម​ការ​ឱ្យដឹងពី​របា​យ​ការណ៍ «​កម្ពុជា​នៅក្នុង​កាលៈទេសៈ​មាន​វិបត្តិ​កូ​វីដ​-១៩» (Cambodia in the Time of COVID-19) ដែលជា​របាយការណ៍រ​បស់​ធនាគារពិភពលោក ស្តីពី​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​ចុងក្រោយ សម្រាប់​ប្រទេស​កម្ពុជា​។

​នៅក្នុង​ស្ថានភាព​នេះ ភាពក្រីក្រ​ក្នុង​ឆ្នាំ​២០២០ អាច​នឹង​កើនឡើង​ពី ៣ ទៅ ១១​ភាគរយ ដែល​ខ្ពស់ជាង​កម្រិត​នៅ​ខ្សែបន្ទាត់​គោល ឬ​និយាយបាន​ម្យ៉ាង​ទៀតថា កម្រិត​នៅពេលដែល​គ្មាន​ជំងឺ​កូ​វីដ​-១៩ ពិសេស​ក្នុងចំណោម​ក្រុមគ្រួសារ ដែល​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សំខាន់ៗ — មាន វិស័យ​ទេសចរណ៍​, សំណង់​, ពាណិជ្ជកម្ម​, ឧស្សាហកម្ម​ផលិត​, និង​ឧស្សាហកម្ម​កាត់ដេរ — ប្រសិនបើ​ពួកគេ​បាត់បង់​ចំណូល​អស់ ៥០​ភាគរយ សម្រាប់​រយៈពេល​ប្រាំ​មួយខែ​ជាប់​គ្នា​។ ជាមួយគ្នានេះ ឱនភាព​សារពើពន្ធ​នឹងមាន​កម្រិត​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​ក្នុងអំឡុងពេល ២២​ឆ្នាំ កន្លងមក​។

​ការដួលរលំ​នៃ​កម្លាំង​សំខាន់ៗ សម្រាប់​ជំរុញ​កំណើន​បាន​ប៉ះទង្គិច​យ៉ាងខ្លាំង ដល់​កំណើនសេដ្ឋកិច្ច និង​ធ្វើឱ្យ​ការងារ​របស់​មនុស្ស​យ៉ាងហោចណាស់ ១,៧៦​លាន​នាក់ ស្ថិតក្នុង​ហានិភ័យ​។ របាយការណ៍​នេះ​ក៏បាន​ព្រមាន​ដែរ​ថា ការហូរចូល​នៃ​មូលធន​មកពី​ក្រៅប្រទេស ក៏​កំពុងតែ​ស្តួចស្តើង​ទៅៗ​ដែរ ដែល​តាមរយៈ​នេះ​វា​នឹង​ញ៉ាំងឱ្យ​តម្លៃ នៃ​ទីផ្សារ​អចលនទ្រព្យ​ស្រុតចុះ ហើយ​ទំនងជា​នឹង​ឈានទៅ​បញ្ចប់​ការរីកលូតលាស់​យ៉ាង​រហ័ស នៃ​វិស័យ​សំណង់ ទៀតផង​។ កម្ចី​មិន​ដំណើរការ​(​កម្ចី​ខូច​)​ត្រូវបាន​រំពឹងថា​នឹង​អាចមាន​ទំហំ​កាន់តែ​ធំ​ឡើង ក្នុងពេលដែល​ពុំទាន់​មានការ​ទូទាត់​សង​ឥណទាន​បច្ចុប្បន្ន ដែល​ត្រូវបានធ្វើ​កន្លងមក​ចំពោះ​ឱ្យ​វិស័យ​សំណង់​, អចលនទ្រព្យ និង​ការលក់​ទិញ​លំនៅឋាន​តាមរយៈ​ការបង់​រំលស់​។

​ជាការ​ឆ្លើយតប​ទៅនឹង​វិបត្តិ​កូ​វីដ​-១៩​នេះ របាយការណ៍​បានស្នើ​ឡើង នូវ​អនុសាសន៍​គោលនយោបាយ​មួយចំនួន សំដៅ​ជួយ​ជាបន្ទាន់​ជំនួយ​សេដ្ឋកិច្ច​និង​ការពារ​សុខភាព​សាធារណៈ ស្តារ​ឡើង​សេដ្ឋកិច្ច​ឲ្យ​ងើប​ឡើងវិញ​ក្នុង​រយៈពេល​ខ្លី និង​ជួយ​ពង្រឹង​ភាព​ធន់​នៃ​ផ្នែក​ម៉ាក្រូ​សារពើពន្ធ និង​សង្គម នៅក្នុង​រយៈពេល​មធ្យម​។

​លោកស្រី អ៊ី​ន​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​នៃ​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា​៖ «​វិបត្តិ​ជាស​កល​ដែល​បង្កដោយ​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​នេះ បានធ្វើឱ្យ​មានការ​ប៉ះទង្គិច​យ៉ាងដំណំ មកលើ​សេដ្ឋកិច្ច​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០២០​។​»
​លោកស្រី​មានប្រសាសន៍​បន្ថែមទៀត​ថា​៖ «​ធនាគារពិភពលោក​ប្តេជ្ញាចិត្ត ថា​នឹង​ជួយ​កម្ពុជា ក្នុង​ការជួយ​ដោះស្រាយ​ឱ្យមាន​ប្រសិទ្ធភាព​ជាមួយ​វិបត្តិ​កូ​វីដ​-១៩​នេះ និង​ក្នុង​ការពង្រឹង​សេដ្ឋកិច្ច​ឱ្យ​ឆាប់​ងើប​ឡើងវិញ និង​មាន​ភាព​ធន់ នាពេល​អនាគត​។​»

​របាយការណ៍​នេះ​រួមមាន​ផ្នែក​មួយ​ដែរ ដែល​ផ្តោត​ពិសេស​ទៅលើ​សារសំខាន់​របស់​គុណភាព​អប់រំ ក្នុង​មុខងារ​គន្លឹះ​មួយ​សម្រាប់​ការអភិវឌ្ឍ​មនុស្ស និង​សម្រាប់​ធ្វើឱ្យមាន​កំណើន​ប្រកបដោយ​ចីរភាព​នៅ​កម្ពុជា​។ ជារួម ថវិកា​ចំណាយ​ទៅលើ​វិស័យ​អប់រំ​បាន​កើន​សឹងតែ​ជិត​បី​ដង​ទៅហើយ គឹ​មាន​ចំនួន ៨៤៨​លាន​ដុល្លារ​អាមេរិក​ក្នុង​ឆ្នាំ​២០១៩ ប្រៀប​ទៅនឹង ៣៤៣​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៤ ដោយ​ក្នុងនោះ​មួយចំណែក​ក្រាស់ក្រែល​ត្រូវបាន​ចាយ ទៅលើ​ការដំឡើង​បៀវត្សរ៍​របស់​គ្រូបង្រៀន​។ យ៉ាងណាក៏ដោយ ការបង្កើន​គុណភាព​អប់រំ​នៅក្នុង​ប្រព័ន្ធ​សាលា​រដ្ឋ នៅតែ​បន្ត​ជា​បញ្ហា​ប្រឈម​ធំ​នៅឡើយ​។

​ផ្នែក​ដែល​ផ្តោត​ពិសេស​នៅក្នុង​របាយការណ៍​នេះ បានធ្វើការ​ពិនិត្យ​ទៅលើ​គំរូ​ពីរ​នៃ​សាលារៀន — គឺ សាលារៀន​ជំនាន់​ថ្មី (New Generation School) និង សាលារៀន​ដែលមាន​ការគ្រប់គ្រង​នៅ​កម្រិត​សាលា (School Based Management) — ដោយសារ​សាលា​គំរូ​ទាំងពីរ​នេះ បានបង្ហាញ​លទ្ធផល​គួរឱ្យ​ទុកចិត្ត នៅក្នុង​គុណភាព​នៃ​ការអប់រំ​។ នៅក្នុង​សាលា​គំរូ​ទាំងពីរ​នេះ កត្តា​ធំៗ​នៅក្នុង​ចំណោម​កត្តា​សំខាន់ៗ ដែល​រួមចំណែក​នាំឱ្យ​ការសិក្សារ​រៀនសូត្រ​របស់​សិស្ស ទទួលបាន​លទ្ធផល​ល្អប្រសើរ​នោះ គឺ​ការផ្តល់ឱ្យ​សាលា​ទាំងនេះ​មាន​ស្វ័យភាព ក្នុង​កម្រិត​មួយ​សម្រាប់​គ្រប់គ្រង​ប្រតិបត្តិការ​របស់ខ្លួន អមដោយ​គណនេយ្យភាព​ខ្ពស់ជាង​មុន​, ការប្រើប្រាស់​វិធី​គ្រប់គ្រង​ផ្អែកលើ​ស្នាដៃ​ការងារ​, និង​ការ​សង្កត់ធ្ងន់​ទៅលើ​គុណភាព​របស់​គ្រូបង្រៀន​។​

​ផ្នែក​ដែល​ផ្តោត​ពិសេស​នៅក្នុង​របាយការណ៍​នេះ ក៏បាន​រំលេច​ឡើង​ផងដែរ នូវ​អនុសាសន៍​គោលនយោបាយ​សំខាន់ៗ​មួយចំនួន ដើម្បី​ឈានទៅ​កែលម្អ​គុណភាព នៃ​ការអប់រំ​នៅ​កម្ពុជា ដូចជា​ការពង្រឹង​គណ​នេ​យ្យ​ភាព​នៅតាម​សាលា​រដ្ឋ​, ការភ្ជាប់​លក្ខខណ្ឌ​នៃ​ការដំឡើងប្រាក់បៀវត្សរ៍ និង​ការដំឡើង​មុខតំណែង ទៅនឹង​ការសម្រេចបាន​ស្នាដៃ​ការងារ​, និង​ការធ្វើ​វិសិដ្ឋ​កម្ម​លើ​សមត្ថភាព​និង​គុណភាព​របស់​គ្រូបង្រៀន​។​
​របាយការណ៍​បច្ចុប្បន្ន​ភាព​សេដ្ឋកិច្ចកម្ពុជា (Cambodia Economic Update) ចេញផ្សាយ​ពីរដង​ក្នុង​មួយឆ្នាំ ដោយ​ផ្តល់ព័ត៌មាន​បច្ចុប្បន្នភាព​ក្នុង​រយៈពេល​ខ្លី និង​រយៈពេល​មធ្យម ស្តីពី​ស្ថានភាព​ម៉ាក្រូសេដ្ឋកិច្ច​នៅ​ប្រទេស​កម្ពុជា​៕

​ដោយ​៖​កូ​ឡាប​

spot_img
×