Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ ណែនាំ​ការងារ​អាទិភាព​១១​ចំណុច​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ឱ្យ​ខិតខំ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​

spot_img

​កំពង់ធំ​៖ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ណែនាំ​នូវ​ការងារ​អាទិភាព​ចំនួន​១១​ចំណុច​ដល់​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ឱ្យ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ផ្ដល់​ភាពងាយស្រួល និង​ទំនុកចិត្ត​ជូន​ប្រជាពលរដ្ឋ​។​

​ការដាក់ចេញ​ការងារ​អាទិភាព​នេះ ធ្វើឡើង​ក្នុងឱកាស​ដែល​ឯកឧត្តម​រដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​មន្ទី​រ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្តកំពង់ធំ ដែលមាន​ការចូលរួម​ពី​ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ជាច្រើនរូប​ទៀត​។​

​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តល់នូវ​គោលការណ៍​ណែនាំ លើ​ការងារ​សំខាន់ៗ​មួយចំនួន ដែល​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា ក​.​ប​.​ប ត្រូវ​យកចិត្តទុកដាក់​ខិតខំ​សម្រេច​ឱ្យបាន​ដូចខាងក្រោម​៖

​ទី​១៖ ​ត្រូវខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​មន្ទីរ​ពា​ណិ​ជ្ជ​កម្ម ដែលជា​អង្គភាព​រដ្ឋបាល​តំណាងឱ្យ​ក្រសួងពាណិជ្ជកម្ម ទទួលបន្ទុក​អនុវត្ត​វិស័យ​ពាណិជ្ជកម្ម នៅ​ថ្នាក់ក្រោម​ជាតិ និង​សម្របសម្រួល​តាម​សកម្មភាព​របស់​ក្រសួង​។​

​ទី​២៖​ ក្រសួងពាណិជ្ជកម្ម បានធ្វើ​កែសម្រួល​រចនាសម្ព័ន្ធ​តាមរយៈ​អនុក្រឹត្យ​លេខ​៣៨ អនក្រ បក ចុះ​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២០ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួងពាណិជ្ជកម្ម​ថ្មី ដែល​បច្ចុប្បន្ន​ក្រុមការងារ​របស់​ក្រសួង​កំពុង​រៀបចំ​ប្រកាស​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​នាយ​ក​ដ្ឋា​ន​នី​យ​មួយៗ និង​ប្រកាស ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​ពាណិជ្ជកម្ម​រាជធានី​-​ខេត្ត​ឡើងវិញ ដើម្បី​ឱ្យមាន​លក្ខណៈ​សម​ស្របតាម​សកម្មភាព​ការងារ​ពេល​ប​ច្ចប្ប​ន្ន​។​

​ទី​៣៖​ ចំពោះ​អនុក្រឹត្យ​ថ្មីរ​នេះ ក្រសួងពាណិជ្ជកម្ម បាន​កែសម្រួល ឈ្មោះ​អគ្គនាយកដ្ឋាន (​កាំកុងត្រូល​) មកជា​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) វិញ តាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែល​ធ្វើការ​រំកិល​ការងារ​ពី​ច្រកព្រំដែន មក​ធ្វើការ​ក្នុងប្រទេស​វិញ​។​

​ទី​៤៖ ​ក្រុមការងារ​កំពុង​រៀ​ប​ចំ​ស្នើសុំ​ការឯកភាព​ក្នុងការ​កែសម្រួល​រចនា​សម្ព័ន្ធ​ថ្មី សម្រាប់​អគ្គនាយកដ្ឋាន​នេះ ទៅ​ក្រសួង​មុខងារសាធារណៈ និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឱ​ស្របតាម​តួនាទី និង​ភារកិច្ច​ថ្មី​របស់​អគ្គនាយកដ្ឋាន តទៅ​មុខ​អគ្គនាយកដ្ឋាន​នេះ នឹង​ប្រែ​មុខងារ​មាត់​ថ្មី​ក្នុងការ​ថែរក្សា​សុខុមាលភាព​របស់​ប្រជាពលរដ្ឋ និង​ត្រួតពិនិត្យ​គ្រប់​សកម្មភាព​ការធ្វើ​ពាណិជ្ជកម្ម​។​

​ទី​៥៖​ មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្ត ត្រូវ​ចុះ​ត្រួតពិនិត្យ​គុណភាព​ទំនិញ និង​សេវា ជាពិសេស​អាល់កុល ឱ្យ​កាន់តែ​សកម្ម​ថែមទៀត ដើម្បី​ការពារ​សុខមាលភាពរ​បស់​ប្រជាពលរដ្ឋ និង​ត្រូវ​ណែ​នាំឱ្យ​ពួកគាត់​ចេះ​សម្អាត​ដៃ និង​អនាម័យ​គ្រប់ពេល ដើម្បី​សុខភាព​គ្រួរ​សារ​គាត់ និង​ជៀសផុត​ការឆ្លង​ជំងឺ​កូ​វីដ​១៩​នេះ ។​

​ទី​៦៖​ មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្ត ត្រូវ​ពង្រឹង​ការអនុវត្ត​លិខិតបទដ្ឋាន​គតិយុត្ត​ដែលមាន​ថ្មីៗ ដែល​ទាក់ទង​នឹង​ក្រសួងពាណិជ្ជកម្ម ជាពិសេស ការគ្រប់គ្រង​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិ​ក​ត្រូ​និក ដែល​ច្បាប់​នេះ​ទើបតែ​ដាក់ឱ្យ​ប្រើប្រាស់ និង​អគ្គនាយកដ្ឋាន​សេវា​ពាណិជ្ជកម្ម​កំពុង​រៀបចំ​នីតិវិធី​សម្រាប់​គ្រប់គ្រង​ការងារ​នេះ​។​

​ទី​៧៖​ មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​ចុះ​ពង្រឹង​ការអនុវត្ត​បទបញ្ញត្តិ​នានា ទាក់ទង​នឹង​ការលើក​ផ្លាក​យីហោ​ភោជនីយដ្ឋាន ស្ថានីយ៍​ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែង​កំសាន្ត និង​ទីតាំង​ផ្សេងៗ​ទៀត​ដែលមាន​លក្ខណៈ​មិន​សម​ស្របតាម​លក្ខណៈ​ប​ចេ្ច​ក​ទេស​។​ល​។ កុំ​ចាំតែ​ក្រុមការងារ​ពង្រឹង​មន្ទីរ​ថ្នាក់ជាតិ​ចុះមក​ធ្វើ គឺ​ត្រូវ​ចេះ​ម្ចាស់ការ​ដោយ​ខ្លួនឯង​។​

​ទី​៨៖ ​មន្ទីរ​ពាណិជ្ជកម្ម និង​សាខា ក​.​ប​.​ប ខេត្ត ត្រូវ​ពិនិត្យ និង​តាមដាន​តម្លៃ​ទំនិញ និង​តម្លៃ​តាម​ស្ថានីយ៍​ប្រេងឥន្ធនៈ ដែល​បានកំណត់​តារាង​តម្លៃ ដែល​ចេញ​ដោយ​ក្រសួង​។​

​ទី​៩៖​ មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរខេត្ត លើ​អនុវត្ត​ការងារ​វិមជ្ឈការ និង​វិសហមជ្ឈការ ស្របតាម​សេចក្ដីសម្រេច​របស់​រាជ​រដ្ឋាភិបាល​អំពី ការ​កាត់​មន្ត្រី​ថ្នាក់ស្រុក របស់​គ្រប់​មន្ទីរ ក្រសួង ស្ថាប័ន​ទាំងអស់​។​

​ទី​១០៖​ ក្រសួង បានចេញ​ប្រកាស​ស្តីពី​ការគ្រប់គ្រង​ការចេញលិខិត​អនុ​ញ្ញ​ត​រៀបចំ​ពិព័រណ៍​ពាណិជ្ជកម្ម ដែលមាន​ចំពោះ​ស្តង់​ចាប់ពី​៥០​ស្តង់​ចុះ ឱ្យមក​មន្ទីរ​ពាណិជ្ជក​ម្ម​រាជធានី ខេត្ត អនុវត្ត​។​

​ទី​១១៖​ ត្រូវខិតខំ​ក្ដាប់​ឱ្យបាន​នូវ​បញ្ហា​ប្រឈម​នានា​ដែល​ពាក់ព័ន្ធ និង​រាយការណ៍​ទៅ​ឯកឧត្តម​អភិបាលខេត្ត និង​ក្រសួង​ដើម្បី​មាន​វិធានការ​ដោះស្រាយបាន​ទាន់ពេលវេលា​។​

​សូមបញ្ជាក់ថា នៅក្នុង​ចក្ខុវិស័យ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម​បាន​ផ្ដោត​យកចិត្តទុកដាក់​ខ្លាំង​លើ​ការលើកកម្ពស់​ផលិតកម្ម និង​ការធានា​គុណភាព​នៃ​ផលិតផល​ឱ្យស្រប​តាម​ស្ដង់ដារ​របស់​ទីផ្សារ ការការពារ​កម្មសិទ្ធិ​បញ្ញា ការទប់ស្កាត់​ការ​ក្លែងបន្លំ ការពង្រឹង​យន្ដការ​ត្រួតពិនិត្យ​គុណភាព​ទំនិញ​ដើម្បី​ធានា​ឱ្យ​ការនាំចេញ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×