តារាកុងហ្វូហុងកុងជើងចាស់ លោក Sammo Hung (តាម៉ាប់) បានធ្វើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម ជាពិសេសហ្វេនៗដែលនិយមចូលចិត្ត មានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីបានឃើញមុខមាត់ថ្មីដ៏កម្ររបស់គាត់ ជាមួយរូបរាងកាយស្គមស្គាំងចាស់ច្រើន មើលសឹងពុំស្គាល់នោះ។
យ៉ាងណាមិញ រូបភាពទាំងនេះត្រូវបានបញ្ចេញដោយតារាចម្រៀងហុងកុង Alan Tam កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ដោយគាត់បានថតទុកជាអនុស្សាវរីយ៍ ខណៈជួបជុំរួមអាហារថ្ងៃត្រង់ជាមួយតារាក្បាច់គុនដ៏ល្បីឈ្មោះរូបនេះ ដែលបច្ចុប្បន្នមានអាយុ ៦៨ ឆ្នាំ ទៅហើយ។
ក្នុងនោះ Tam បានសរសេរ Caption នៅលើគណនី Twitter របស់ខ្លួនថា៖ «បងធំ Sammo បានបញ្ចេញស្នាដៃចម្អិនអាហារពីរបីមុខ ពិតជាឆ្ងាញ់ៗណាស់!!» ។
លោក Hung ដែលជាដឹកនាំសម្តែងសិល្បៈនៃខ្សែភាពយន្តក្បាច់គុនឆ្នាំ២០០៨ ក្នុងរឿង «Ip Man» សម្តែងដោយ កុំកុំ (Donnie Yen) និងដើរតួជាបងធំកុងហ្វូក្នុងរឿង «Ip Man2» ឆ្នាំ២០១០ គឺត្រូវបានមើលទៅស្ទើរពុំស្គាល់ ព្រោះថាពេលនេះ រូបរាងកាយរបស់លោកហាក់ពុំមាំទាំ និងធាត់ដូចពីមុនទៀតទេ ពោលគឺស្រកសាច់ច្រើនទៅតាមវ័យរបស់គាត់។
ប៉ុន្តែ ទន្ទឹមនឹង អ្នកប្រើប្រាស់បណ្តាញសង្គមជាច្រើន បានបង្ហាញការការព្រួយបារម្ភពីសុខភាពរបស់គាត់ជាខ្លាំងនោះ កូនប្រសារបស់គាត់ បានបញ្ជាក់ប្រាប់ឲ្យដឹងថា តាមពិតទៅសុខភាពរបស់គាត់ល្អប្រសើរធម្មតាទេ ហើយមូលហេតុដែលគាត់ស្រកសាច់បែបនេះ គឺដោយសារតែលទ្ធផលគាត់ហូបតម និងហូបមានអនាម័យ។
សូមបញ្ជាក់ថា បន្ទាប់ពីការវះកាត់ជង្គង់របស់គាត់ក្នុងឆ្នាំ ២០១៧ ក្រុមវេជ្ជបណ្ឌិតហុងបានណែនាំឲ្យតារាសម្តែងរូបនេះ ព្យាយាមបញ្ចុះទម្ងន់ឲ្យបាន ១៨ គីឡូក្រាម នៅពេលដែលគាត់ពុំអាចដើរបាន ដោយនៅតែលើរទេះរុញអស់រយៈពេល ២ ឆ្នាំ៕
ប្រែសម្រួល៖ លឹម ហុង (ប្រភព៖ nextshark)