Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល មន្ដ្រីរាជការ ក្រុមការងារ​បច្ចេកទេស ស្ថាបនា​ផ្លូវ ៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ជួប​សំណេះសំណាល​មន្ដ្រីរាជការ ក្រុមការងារ​បច្ចេកទេស​ស្ថាបនា​ផ្លូវ ៣៤​ខ្សែ ហេដ្ឋារចនាសម្ព័ន្ធ និង​ត្រួតពិនិត្យ​ការងារ​ស្ថាបនា​ផ្លូវ​នៅក្នុង​ក្រុងព្រះសីហនុ ដែលជា​ផ្លូវ​នៃ​ផែនការ​យុទ្ធសាស្ត្រ ធ្វើឱ្យ​ក្រុងព្រះសីហនុ ក្លាយជា​ទីក្រុង​ទេសចរណ៍ និង​ពាណិជ្ជកម្ម​ដ៏​ស៊ី​វិ​ល័យ ខេត្ត​នៃ​គំរូ​ពហុ​បំណង នៅ​ថ្ងៃ​ចន្ទ ទី​១ ខែមិថុនា ឆ្នាំ​២០២០ នេះ​។​

​បើតាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បញ្ជាក់ថា ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ប្រវែង​សរុប​៨២,១៤៥ គីឡូម៉ែត្រ ដែល​កំពុង​ត្រូវបាន​ស្ថាបនា គិត​រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ សម្រេចការ​សាងសង់​បាន​ចំនួន​៩០,៦០​ភាគរយ​ហើយ​។​

​ថ្ងៃអាទិត្យ ទី​១៧ ខែឧសភា ឆ្នាំ​២០២០ សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ចុះ​ទស្សនកិច្ច​ពិនិត្យ​វឌ្ឍនភាព​នៃ​ការស្ថាបនា​ផ្លូវ​ក្រុង​ចំនួន​៣៤​ខ្សែ នៅ​ខេត្ត​ព្រះសីហនុ​។​

​ដំណើរ​ទស្សនកិច្ច​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន មន្ត្រីរាជការ​ជុំវិញ​ខេត្ត តំណាង​ក្រុមហ៊ុន​សាងសង់ ទីប្រឹក្សាបច្ចេកទេស​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ផងដែរ​។​

​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​៣៤​ខ្សែ ដែល​បាន​បើក​ការដ្ឋាន​ស្ថាបនា​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៩ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា គិត​រហូតមកដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ សម្រេចបាន ៩០,៦០​ភាគរយ​ហើយ​។​

​គម្រោង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ ចំនួន​៣៤​ខ្សែ​នេះ មាន​ប្រវែង​សរុប​ចំនួន ៨២,១៤៥ គីឡូម៉ែត្រ អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​ចំនួន​ប្រាំពីរ គ្រោង​ចំណាយ​រយៈពេល​សាងសង់​ចំនួន​៨​ខែ ចាប់​ពីថ្ងៃ​ចុះកិច្ចសន្យា ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍ​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន រដ្ឋបាលខេត្ត​ព្រះសីហនុ មាន​ភារកិច្ច​ត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​នេះ​។​

​គួរកត់សម្គាល់​ផងដែរ​ថា ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ក្នុង​ក្រុង​នៃ​ខេត្ត​ព្រះសីហនុ ត្រូវបាន​ស្ថាបនា​ឡើងវិញ​ទាំងស្រុង​បន្ទាប់ពី​ទទួលរង​ការខូចខាត​ទាំងស្រុង​ដោយសារ កំណើន​នៃ​ការអភិវឌ្ឍ​យ៉ាងគំហុក និង​គ្រោះទឹកជំនន់​នាពេល​កន្លងមក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ហើយ​នេះ​ជាការ​បើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយទៀត នៃ​ខេត្ត​ព្រះសីហនុ​ដែល​មិន​ធ្លាប់មាន​ពីមុនមក​ក្នុងការ​ស្ថាបនា​ផ្លូវ​ទូទាំង​ក្រុង​បែបនេះ​។​

​លើសពីនេះ​ទៀត ការស្តារ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនេះ​ធ្វើឡើង​ក្រោម​ការយកចិត្ត​ទក​ដាក់​ពី​ប្រមុខ​រាជរដ្ឋាភិបាល ដែល​ធ្វើឱ្យ​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​មួយ​នេះ​មាន​ភាព​ស៊ី​វិ​ល័យ​ទាក់ទាញ​ការវិនិយោគ​បន្ថែមទៀត ស្របទៅនឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង ការ​ប្រែក្លាយ​ឱ្យទៅជា​ខេត្ត​ឧស្សាហកម្ម​គំរូ​ពហុ​បំណង​តែមួយគត់ និង​ជា​ខេត្ត​បំពង់ករ​សេដ្ឋកិច្ច​របស់​កម្ពុជា​ផងដែរ​។​

​ហេតុ​ដូច្នេះហើយ រាជ​ដ្ឋា​ភិ​បាល​បានសម្រេច​បញ្ចេញ​ថវិកា​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ​ទាំងនេះ​ក្រុង​ក្នុង​ខេត្ត​ព្រះសីហនុ​ក្នុង​គោលដៅ​ប្រែក្លាយ​ក្រុងព្រះសីហនុ​ឲ្យ​ក្លាយជា​ទីក្រុង​ដ៏​ទំនើប​ពោរពេញ​ដោយ​សោភ័ណភាព បរិស្ថាន​ល្អ សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ធុរកិច្ច​ជាពិសេស ធានា​នូវបាន​គុណភាព​រឹងមាំ​អាច ប្រើប្រាស់​បានយូរ​អង្វែង។

សូមបញ្ជាក់ជូនសាធារណជនដែរថា ផ្លូវទាំង ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២,១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែនេះ ចែកចេញជា ៣ប្រភេទរួមមាន៖

១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥,៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។

២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ ទៅ ១៧,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

៣៖ អនុវិថី មានចំនួន ១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០,២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ​៕

ដោយ​៖​កូ​ឡាប​

spot_img
×