Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ការងារ និង​គូ​អភិវឌ្ឍន៍ រួមគ្នា​គាំទ្រ​ដល់​យុវជន​វ័យក្មេង​ងាយ​រងគ្រោះ​នៅ​កម្ពុជា ជម្នះ​នូវ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​កសាង​អនាគត​ការងារ​ដ៏​ភ្លឺស្វាង​

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​ដៃគូ​អភិវឌ្ឍន៍ បាន​ចុះ​កិច្ចព្រមព្រៀង​រួមគ្នា​លើ​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន ដំណាក់កាល​ទី​២ ដែល​ថវិកា​សរុប​សម្រាប់​កម្មវិធី DEY ដំណាក់កាល​ទី​២ នេះ មាន​ចំនួន ៨,៤៨ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់​ចំនួន ៤ លាន​ដុល្លារ ជា​ថវិកា​ផ្តល់​ដោយ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) និង​ចំនួន ៤,៤៨ លាន​ដុល្លារ​ទៀត ជា​ថវិកា​ដែល​បានមកពី​មូលនិធិ​ស្នូល​របស់​ទីភ្នាក់ងារ ដែល​ចូលរួម​នៅក្នុង​កម្មវិធី​នេះ​ពី​អ្នកផ្តល់ជំនួយ​ដទៃទៀត ពី​វិស័យ​ឯកជន ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ គម្រោង​នេះ មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៣​។​

​កម្មវិធី​នេះ​នឹង​ផ្តល់ឱ្យ​យុវជន​ដែល​បោះបង់​ការសិក្សា និង​ងាយ​រងគ្រោះ​នូវ​កញ្ចប់​ការសិក្សា​ប្រកបដោយ​នវានុវត្តន៍ ដែល​រួមបញ្ចូល​នូវ​ជំនាញ​បច្ចេកទេស ជំនាញ​សហគ្រិន ជំនាញ​ទន់ និង​ការធ្វើ​ពាណិជ្ជកម្ម ក៏ដូចជា​ការណែនាំ​ពីមុខ​របរ​ដែល​កំពុង​មាន​តម្រូវការ ដើម្បី​ធានាថា​ពួកគេ​អាចបំពេញ​តាម​តម្រូវការ​ទីផ្សារការងារ និង​ត្រៀមខ្លួន​ជាស្រេច​សម្រាប់​ការងារ​ប្រកបដោយ​គុណភាព​។ ក្នុងអំឡុងពេល​នៃ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩​នេះ កម្មវិធី​នេះ​ក៏​ជួយ​គាំទ្រ​ផ្នែក​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល ក្នុងការ​ឆ្លើយតប​ជាបន្ទាន់​ទៅនឹង​ជំងឺ​កូ​វីដ​-១៩ និង​បន្ទាប់ពី​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ បាន​មានប្រសាសន៍ថា នៅក្នុង​ដំណាក់កាល​លំបាក​នេះ កម្ពុជា ពិត​ជាមាន​សេចក្តី​រីករាយ​ណាស់ ដែល​បានឃើញ​ដៃគូ​អភិវឌ្ឍន៍​ក្នុងប្រទេស ក៏ដូចជា​ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ បានរួម​គ្នា​គាំទ្រ​ដល់​យុវជន​វ័យក្មេង​ងាយ​រងគ្រោះ​នៅ​កម្ពុជា ជម្នះ​នូវ​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន និង​កសាង​អនាគត​ការងារ​ដ៏​ភ្លឺស្វាង​។​

​លោកស្រី Pauline Tamesis អ្នកសម្របសម្រួល​អង្គ​ការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ទាក់ទង​ទៅនឹង​ផលប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ដោយសារ​ការ​រាល​ត្បា​តនៃ​ជំងឺ​កូ​វីដ​-១៩​នេះ ប្រទេស​កម្ពុជា​ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​ការផ្លាស់ប្តូរ​បរិយាកាស​ប្រព័ន្ធ​ឌីជីថល និង​ប្រជាសាស្ត្រ​។ យុវជន​ជា​ស្រី្ត និង​បុរស​វ័យក្មេង​ចំនួន ១៦០,០០០​នាក់ បាន​ចូលទៅក្នុង​ទីផ្សារការងារ​ជា​រៀងរាល់ឆ្នាំ និង​ត្រូវការ​ជាខ្លាំង​នូវ​ជំនាញ និង​សមត្ថភាព​ក្នុងការ​ដោះស្រាយ​នូវ​បញ្ហា​ទាំងអស់នេះ​។​

​លោកស្រី Pauline បាន​បន្តថា កម្មវិធី​ដំណាក់កាល​ទី​២​នេះ​នឹង​ទាញយក​ផលប្រយោជន៍​ពី​ការចូលរួម​របស់​វិស័យ​ឯកជន រួមមាន​៖ សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជកម្ម​កម្ពុជា (CAMFEBA) ក្នុង​បេសកកម្ម​សម្រប​សម្រួលកា​រ​ផ្លាស់ប្តូរ​ពី​សាលារៀន​ទៅ​កន្លែងធ្វើការ និង​ការចូលរួម​កាត់បន្ថយ​ការមិន​ស៊ីចង្វាក់​គ្នា​នៃ​ជំនាញ​របស់​យុវជន​វ័យក្មេង​នៅ​កម្ពុជា​។​

​សូមជម្រាបថា កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន​ដំណាក់កាល​ទី​២​នេះ មាន​គោលបំណង​គាំទ្រ​ដល់​ស្ត្រី និង​បុរស​វ័យក្មេង​នៅ​កម្ពុជា ដើម្បីឱ្យ​ពួកគេ​កាន់តែ​អាច​ទទួលបាន​ឱកាស​សមរម្យ​ប្រកបដោយ​ផលិតភាព តាមរយៈ​ការធានា​ឱ្យ​ពួកគេ​កាន់តែ​មានលទ្ធភាព​ឆ្លើយតប​ចំពោះ​តម្រូវការ​ទីផ្សារការងារ និង​ត្រៀមខ្លួន​ដើម្បី​ទទួលបាន​ការងារ​ប្រកបដោយ​គុណភាព​។ សរុបមក មាន​យុវជន ១៧០.០០០​នាក់ (​ស្រី ៥០%) នឹង​ទទួលបាន​ផល​ដោយផ្ទាល់​ពី​កម្មវិធី​ការងារ​សមរម្យ​សម្រាប់​យុវជន​ដំណាក់កាល​ទី​២​នេះ​។
​ដើម្បី​សម្រេចបាន​លទ្ធផល និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ឲ្យ​បានជា​អតិបរមា​នៅក្នុង​ដំណាក់កាល​ទី​២​នេះ កម្មវិធី DEY នឹង​ផ្តោត​ជារួម​លើ​គ្រប់​សកម្មភាព​ទាំងអស់​ក្នុង​វិស័យ​ចំនួន ៤ មាន​ទេសចរណ៍ កសិឧស្សាហកម្ម សំណង់ និង​កម្មន្តសាល​៕

ដោយ​៖​សម្ផស្ស​

spot_img
×