Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កុំ​មើលងាយ​មនុស្ស​ឲ្យ​សោះ​! ពី​ទារក​ត្រូវ​ម្តាយ​បោះចោល​ក្នុង​ធុងសំរាម ក្លាយជា​នាយក​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ មាន​ប្រាក់​រាប់លាន​ដុល្លារ​

spot_img

Freddie Figgers (​អាយុ ៣០ ឆ្នាំ​) គឺជា​សហគ្រិន​វ័យក្មេង​ជោគជ័យ​យ៉ាងច្រើន នៅ​អាមេរិក និង​ជា​ម្ចាស់​ក្រុមហ៊ុន Figgers Communication ដែលមាន​តម្លៃ​ជាង ៦២ លាន​ដុល្លារ ក្នុង​ឆ្នាំ ២០១៧ បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​អ៊ី​ន​ធើរ​ណិ​ត​នៅ​ជុំវិញ​ពិភពលោក សម្តែង​នូវ​ការកោតសរសើរ​ជាខ្លាំង ព្រោះតែ​ពុំ​នឹកស្មានថា គាត់​ជា​ក្មេង​ត្រូវ​ម្តាយ​ចិត្ត​អប្រិយ​បោះបង់ចោល​ក្នុង​សំរាម ទាំង​ខ្លួន​ក្រហម​រងាល បានប្រែក្លាយ​ជា​មនុ​ស្សមា​ន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ ដែល​ត្រូវបាន​ផ្តល់​តម្លៃ​ខ្ពស់បំផុត​។​

Freddie ជា​ជនជាតិ​អាមេរិក ដែល​មិន​ធ្លាប់​នឹក​ស្រមៃ​ថា ជីវិត​ខ្លួន​នឹង​ផ្លាស់ប្តូរ​មកដល់​ចំណុច​នេះ ត្រូវបាន​ម្តាយ​បោះបង់ចោល​នៅក្នុង​ធុងសំរាម បន្ទាប់​កើត​បាន​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅក្នុង​រដ្ឋ Florida ឆ្នាំ​១៩៨៩​។ ហើយ​នៅពេលនោះ ទារក​ដ៏​អភព្វ Freddie ត្រូវបាន​ប្រទះឃើញ​ដោយ​អ្នកប្រមូល​សំរាម ដែល​បន្ទាប់​បាន​នាំយកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ អាយុ​បាន ២ ថ្ងៃ ទារក Freddie បាន​មានសំណាង ត្រូវបាន​ប្តី​ប្រពន្ធ​១​គូ​ឈ្មោះ Nathan និង Betty ទទួល​យកទៅ​ចិញ្ចឹម​។​

​កុមារភាព​របស់ Freddie តែង​ត្រូវបាន​មិត្ត​រួម​ថ្នាក់​ចំអក​ដាក់ ដោយ​ហៅថា​ជា​ក្មេង​ត្រូវ​ម្តាយ​បោះបង់ចោល​ក្នុង​ធុងសំរាម ។ ហើយ​ពាក្យ​មើលងាយ​ទាំងនេះ សម្រាប់​គាត់ វា​គឺជា​ស្នាម​ប្រឡាក់​ដ៏​គួរ​ឲ្យ​អាម៉ាស​ខ្លាំងណាស់​។​

​ទោះយ៉ាងណា នៅ​អាយុ ៩ ឆ្នាំ ឪពុកចិញ្ចឹម បាន​ទិញ​កុំ​ព្យ័​រ​ទ័​រ​១​តឹក​១​គ្រឿង​ម៉ាក Maclntosh ផលិត​ឆ្នាំ​១៩៨៩ សម្រាប់​គាត់ ក្នុងតម្លៃ ២៥ ដុល្លារ ដោយ​សង្ឃឹមថា វា​នឹងធ្វើ​ឲ្យ Freddie គេច​ផុតពី​ការមើល​ងាយ​ទាំងនោះ​។

Freddie បាន​និយាយថា បន្ទាប់ពី​កុំ​ព្យ័​ទ័​រ​នោះបាន​ខូច ៥ ទៅ ៦ ដង គាត់​បានធ្វើ​ការជួសជុល​វា​ដោយ​ខ្លួនឯង ហើយ​វា​ក៏​នៅតែ​ដំណើរការ​រហូតមកទល់​សព្វថ្ងៃនេះ​ផងដែរ​។​

​ចាប់តាំងពី​ពេលនោះ​មក Freddie បានចាប់ផ្តើម​ងប់​ង​ល់​នឹង​បច្ចេកវិទ្យា​។ គាត់​បាន​រចនា (Design) ឧបករណ៍​រុករក និង​ឧបករណ៍​ទំនាក់ទំនង​ពីរ​ផ្លូវ ដើម្បី​ភ្ជាប់​ទៅនឹង​ស្បែកជើង​ឪពុកចិញ្ចឹម​របស់គាត់​ដែលមាន​ជំងឺ​វង្វេងវង្វាន់ ដូច្នេះ គាត់​អាច​រកឃើញ​នៅពេលណា​ដែល​គាត់​វង្វេង​។ នៅ​អាយុ ១២ ឆ្នាំ Freddie បានទទួល​ការ​ដំបូង​ជា​អ្នកបច្ចេកទេស​ជួសជុល​កុំព្យូទ័រ នៅឯ​ស្រុកកំណើត​របស់គាត់​ស្ថិតនៅក្នុង​រដ្ឋ​ផ្លរីដា​។​

​នៅ​អាយុ ១៥ ឆ្នាំ Freddie បាន​ផ្តើមគំនិត​បង្កើត​សេវាកម្ម Cloud ។ គាត់​បាន​ទៅរក​អ្នកលក់​រថយន្ត វិស័យ​ច្បាប់ ឈ្នួ​ញ​អចលនទ្រព្យ ដើម្បី​ជួយ​ពួកគេ​ក្នុងការ​ផ្លាស់ប្តូរ​ពី​ទិន្នន័យ​រក្សាទុក​លើ​ក្រដាស ទៅក្នុង​កុំព្យូទ័រ​វិញ​។​

​បើទោះបីជា​បុរស​វ័យក្មេង​រូបនេះ មាន​ទេពកោសល្យ​ក្នុង​ការជួយ​ជុល​ផ្នែក Hardware និង​បណ្តាញ (Network) យ៉ាងណាក៏ដោយ នោះ Software ក៏​ជា​ចំណង់​ចំណូលចិត្ត​បំផុត​របស់គាត់​ផងដែរ​។ ជាការ​ពិតណាស់ ក្រោយៗ​មក Freddie បាន​ឌី​ហ្សា​ញ​កម្មវិធី​សុវត្ថិភាព​សម្រាប់​ធនាគា​រ​, ប្រព័ន្ធ​ត្រួតពិនិត្យ​អ្នកជំងឺ​ពី​ចម្ងាយ (​សម្រាប់​មនុស្ស​ចាស់​) និង​កម្មវិធី Software រាប់មិនអស់​ដទៃទៀត​។

Freddie បាន​និយាយថា «​នៅពេល​អាយុ ១៧ ឆ្នាំ ខ្ញុំ​ទទួលបាន​អតិថិជន ១៥០ នាក់ ។ ខ្ញុំ​ជួលជុល​កុំព្យូទ័រ​ពី ៥០ ទៅ ៦០ គ្រឿង ក្នុង​១​សប្តាហ៍​។​

​បន្ទាប់ពី​បញ្ចប់​ការសិក្សា​នៅ​មហាវិទ្យាល័យ​ក្នុង​ឆ្នាំ​២០០៩ នៅពេលនោះ គាត់​ទទួលបាន​ឱកាស​ឌី​ហ្សា​ញ​កម្មវិធី​មួយ​ដែលមាន​តម្លៃ ៦៥,០០០ ដុល្លារ​។ នៅពេល​អាយុ ២៣ ឆ្នាំ គាត់​ក៏បាន​ធ្វើ​ឲ្យ​ប្រសើរ (Upgrade) ឧបករណ៍​ត្រួតពិនិត្យ​ពី​ចម្ងាយ ដែល​ធ្វើ​ឲ្យ​ឪពុកចិញ្ចឹម​របស់គាត់ ដើម្បី​ជួយ​ដល់​មនុស្ស​ចាស់ៗ​ដែល​មិន​ចង់ទៅ​ពេទ្យ ដែល​ក៏​នៅតែ​អាច​ត្រូវបាន​យកចិត្តទុកដាក់ និង​តាមដាន​ពី​ចម្ងាយ​ផងដែរ​។ គាត់​បាន​លក់​ឧក​បរ​ណ៍​ច្នៃប្រឌិត​នេះ​ក្នុងតម្លៃ ២.៣ លាន​ដុល្លារ ដើម្បី​ជួយ​ចាក់គ្រឹះ​សម្រាប់​ក្រុមហ៊ុន​ផ្ទាល់​របស់គាត់​។​

​បច្ចុប្បន្ននេះ Freddie បាន​ក្រុមហ៊ុន​មួយ​ដែល​លក់ smartphone និង​កញ្ចប់ data ហើយ​គាត់​នៅតែ​ចង់​ងប់​ង​ល់​នឹង​ការបញ្ចូល​បច្ចេកវិទ្យា​ជាមួយនឹង​ការថែរក្សា​សុខភាព​។ ឧទ​ហរ​ណ៍​វាស់​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ឥត​ខ្សែ សម្រាប់​អ្នកជំងឺ​ដែលមាន​ជំងឺ​ទឹកនោមផ្អែម ។ អ្នកជំងឺ​អាច​ទាញយក និង​ចែករំលែក​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម តាមរយៈ​បច្ចេកវិទ្យា​ប្ល៊ូ​ធូ​ស (Bluetooth) ។ គាត់​ក៏​កំពុងធ្វើការ​នៅលើ​គម្រោង​ស្រដៀង​គ្នា​នៃ​បច្ចេកវិទ្យា «​ស្បែកជើង​ឆ្លាត​» ដើម្បី​ជួយ​គ្រួសារ​ទាំងឡាយ ឲ្យ​រក្សា​ការផ្សារភ្ជាប់​ជាមួយ​មនុស្ស​ជាទី​ស្រឡាញ់ ដែល​ប្រឈម​នឹង​ភាព​គ្មាន​ផ្ទះសម្បែង​។​

Freddie និយាយថា​៖ «​កាលពី​អតីតកាល ប្រសិនបើ​ខ្ញុំ​មិនត្រូវ​បាន​គេ​រកឃើញ នោះ​ខ្ញុំ​ច្បាស់​ណាស់​នឹង​ស្លាប់ ឬ គ្មាន​ផ្ទះសម្បែង​នោះទេ​» ។​

Freddie បាន​រៀបការ​ជាមួយ​ប្រពន្ធ​របស់គាត់​ឈ្មោះ Natlie ជា​អ្នកច្បាប់​ម្នាក់ ហើយ​បច្ចុប្បន្ននេះ គាត់​មានកូន​ស្រី​២​នាក់​ហើយ​។ តែ​ទន្ទឹមនឹងនេះ​ផងដែរ គាត់​ក៏បាន​សម្តែង​នូវ​ការដឹងគុណ​ខ្លាំង​បំផុត ចំពោះ​ឪពុកម្តាយ​ចិញ្ចឹម​របស់​គាត់​ទាំងពីរ ដែល​បាន​អាណិតអាសូរ និង​ផ្តល់​ក្តី​ស្រឡាញ់​សម្រាប់​គាត់ និង​ជាពិសេស​ប្រែក្លាយ​រូបគាត់ ពី​ក្មេង​ម្តាយ​បោះបង់ចោល​ក្នុង​ធុងសំរាម មកជា​មនុស្ស​ម្នាក់​ដែល​សង្គមជាតិ​ត្រូវការ និង​ក៏​ដូច​ទទួលបាន​ការរាប់​អាន​ពី​មនុស្ស​យ៉ាងច្រើន​ផងដែរ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ m.vcci.com.vn/)


spot_img
×