Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដាយ​ស៊ី​ហ្គេម​២​ជំនាន់ ត្រូវបាន​តម្កល់ទុក ក្នុង​សារមន្ទីរ​កីឡា​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានរៀបចំ​ពិធី​ប្រគល់ និង​ទទួល​មេដាយ​ជ័យលាភី​ស៊ី​ហ្គេម ២​ជំនាន់​ចុងក្រោយ គឺ​ស៊ី​ហ្គេម លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ម៉ាឡេស៊ី និង​ស៊ី​ហ្គេម លើក​ទី​៣០ ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ព្រមទាំង​ទទួល​គ្រឿង​ឥស្សរិយយស ដើម្បី​ធ្វើ​សៀវភៅ​ប្រវត្តិ​កីឡាករ​-​កីឡាការិនី​កម្ពុជា និង​ដំកល់​ក្នុង​សារមន្ទីរ​កីឡា​កម្ពុជា​។ បើតាម ការផ្សាយ​ព័ត៌មាន​របស់ Cambodia SEA GAMES 2023 ពិធី​នេះ ត្រូវបាន​ធ្វើឡើង​នៅ​សាលប្រជុំ​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​សិស្ស​និស្សិត នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក នៅ​ព្រឹក​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០​។​

​ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​លើកឡើងថា នេះ​គឺជា​ការប្រមូលផ្តុំ​នូវ​សមិទ្ធផល​ជ័យលាភី​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ ដែល​កីឡាករ កីឡាការិនី​ដណ្តើមបាន​លក្ខណៈ​អន្តរជាតិ ជាពិសេស​គឺ​ស៊ី​ហ្គេម រួមទាំង​គ្រូបង្វឹក​ដែល​ដឹកនាំ ដើម្បី​ដំកល់ទុក​ស្នាដៃ​មេដាយ​ទាំងអស់​នៅក្នុង​សារមន្ទីរ​កីឡា តាម​ការណែនាំ​ជាគោលការណ៍​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ការតម្កល់​ស្នាដៃ​នេះ មានដូចជា​មេដាយ ឯកសារ​ពាក់ព័ន្ធ​នឹង​ប្រវត្តិរូប និង​រូបថត នៃ​ស៊ី​ហ្គេម​ទាំង​ពីរលើក​នេះ​។ ឯកឧត្តម​បន្ថែមថា នេះ​គឺជា​តម្លៃ​ដ៏​ថ្លៃថ្លា​ណាស់ ដែល​បានកើត​ចេញពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​កីឡាករ កីឡាការិនី គ្រូបង្វឹក ដែល​ស្នាដៃ​នេះ​នឹងមិន​ត្រឹមតែ​ដំកល់ទុក​ក្នុង​មជ្ឈមណ្ឌល​វប្បធម៌​កីឡា​កម្ពុជា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ទៅ​ថ្ងៃ​ខាងមុខ អាច​នឹង​តម្កល់​ទុកជា​ស្នាដៃ​នៅតាម​ស្ថាប័ន​រាជរដ្ឋាភិបាល​ទៀតផង​។​

​សូមបញ្ជាក់ថា មេដាយ​ស៊ី​ហ្គេម​២​ជំនាន់​នេះ មាន​ចំនួន​៨​គ្រឿង ក្នុងនោះ​រកបាន​ពី​ស៊ី​ហ្គេម ២០១៧ នៅ​ម៉ាឡេស៊ី ចំនួន​៤​គ្រឿង ក្នុងនោះ​មាន​មេដាយមាស​១ ដណ្តើមបាន​ដោយ​កីឡាករ ឃុន ឌី​ម៉ា​, ប្រាក់​១​គ្រឿង ដណ្តើមបាន​ដោយ​កីឡាករ ម៉ឺន សុភា និង​សំរឹទ្ធិ​២​គ្រឿង​។ ចំពោះ​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ហ្វីលីពីន ឆ្នាំ​២០១៩ ដណ្តើមបាន​សំរឹទ្ធិ​៤​គ្រឿង ក្នុងនោះ​១​គ្រឿង​បាន​ពី​កីឡាប្រដាល់​ឃី​ក​បុក​ស៊ី​ង (Kick-Boxing)៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×