Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះបានហៅគ្រួសារកំពូលក្រមែន ! ​មួយ​គ្រួសារ​ជួប​ការលំបាក ដល់​ថ្នាក់​រក​កន្លែង​ជ្រក​គ្មាន នៅ​ភូមិ​កោះ​ហិប ដង្ហោយ​រក​សប្បុរសជន​ជួយ​

spot_img

ស្ទឹងត្រែង​៖ គ្រួសារ​មួយ​មានកូន ចំនួន​៦ នាក់ រស់នៅក្នុង​បន្ទុក​កំពុង​ជួប​ការខ្វះខាត​ស្បៀងអាហារ​។ រីឯ​ប្រពន្ធ​មាន​ជំងឺ​ដេក​លើ​កន្ទេល ក្រោម​ដំបូលផ្ទះ​ធ្លុះធ្លាយ ជញ្ជាំង​បាំង​ខ្យល់ បាន​ដង្ហោយ​រក​សប្បុរសជន​ជួយ​។​

​លោក ភួង ភេ អាយុ​៤០​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​កោះ​ហិប ឃុំ​អូរ​ស្វាយ ស្រុក​បូរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បាន​រៀបរាប់ថា សព្វថ្ងៃនេះ​គ្រួសារ​គាត់​ជួប​ការខ្វះខាត​ណាស់ រកតែ​អង្ករ​ដាំបាយ​ឲ្យ​កូន​ក៏​គ្មាន​ដែរ​។ ពេលនេះ​ប្រពន្ធ​ដេក​ឈឺ​នៅលើ​កន្ទេល គ្មាន​លទ្ធភាព​យក​គា​ត់ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​។ សុខភាព​គាត់​ក៏​ចុះខ្សោយ ក្រៅពី​មើលថែ​ប្រពន្ធ​ចេញទៅ​ណា​មិន​រួច​ថែមទាំង មើលថែ​កូន​៦​នាក់ ក្នុងបន្ទុក​ទៀត​។​

កសិករ​ម្នាក់នេះ បាន​រៀបរាប់​ទៀតថា ដោយសារតែ​រស់​លើដី​កោះ​ឆ្ងាយ ពី​ទីប្រជុំជន​ហើយ​ពឹងផ្អែក​តែ​លើ​ការនេសាទ​ត្រី​មួយ​មុខ មិនអាច​ទប់ទល់​នឹង​តម្រូវការ​គ្រួសារ​គាត់​ឡើយ​។ ពេលនេះ​មានតែ​លើកដៃ​សំពះ សុំ​ក្តី​សន្តោស​ពី​សប្បុរសជន​ជិត​ឆ្ងាយ ផ្តល់ជំនួយ​សម្រាប់​ជីវិតចុងក្រោយ និង​វាស​ដល់​កូនៗ​ផង​។​

​លោក ស៊ី មី មេភូមិ​កោះ​ហិប​​បាន​បញ្ជាក់ថា តាម​ការពិនិត្យ​ជាក់​​ស្តែង​គ្រួសារ​មួយ​នេះ ពិតជា​ទីទ័លក្រ​មែន​។ ចៃដន្យ​បាន​ព្រះសង្ឃ​និមន្ត​មកលេង ក៏បាន​ជួយឧបត្ថម្ភ​ជា​បច្ច័យ​ខ្លះៗ ដើម្បី​ជាការ​ដោះ​ទាល់​មួយគ្រា​។​

​លោក​មេភូមិ​បន្តថា កន្លងមក​អាជ្ញាធរ​បាន​ជួយ​គ្រប់​ជំហាន​មកហើយ ដូចជា ធ្វើ​ប័ណ្ណ​ក្រីក្រ និង​ទទួលបាន​ជំនួយ​មនុស្សធម៌ ពី​កាកបាទក្រហម​ជាដើម តែ​ពុំ​គ្រប់គ្រាន់​សម្រាប់​ទ្រទ្រង់​ជីវភាព​ពេញលេញ​ទេ​។​

​លោក​មេភូមិ​បន្ថែមថា រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ គ្រួសារ​មួយ​នេះ មិនបាន​ទៅធ្វើ​ការ​អ្វី ក្រៅពី​នៅ​មើលថែ​ប្រពន្ធ​ឈឺ​នោះទេ ស្រែ​ក៏​មិនបាន​ធ្វើ​ចំការ​ធ្វើ​មិនកើត កូន​ក្នុងបន្ទុក​តូចៗ គ្មាន​ការងារ​ធ្វើ ទើប​ជួប​ការលំបាក​បែបនេះ​។​

​លោក សេក ម៉ៅ មេឃុំ អូរ​ស្វាយ បាន​បញ្ជាក់ថា នៅលើ​កោះ​ហិប​នេះ មាន​ប្រជាព​លេ​ដ្ឋ​រស់នៅ​ជាង​១០០​គ្រួសារ​។ ជា​កោះ​មួយ ស្ថិតនៅ​ដាច់ស្រយាល​ពី​គេឯង​។ ដូចនេះ​ការទំនាក់ទំនង​គ្នា នៅមានកម្រិត ទើប​បងប្អូន​ប្រជាពលរដ្ឋ​ខ្លះ ជួប​បញ្ហា​ប្រឈម ទទួល​ការដោះស្រាយ​មិនបាន​ទាន់ពេលវេលា​។​

​ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ រស់​នៅលើ​កោះ​ហិប​នោះ ភាគច្រើន​មាន​ជីវភាព​ខ្សត់ខ្សោយ ព្រោះ​ពួកគាត់​ពឹងផ្អែក​តែ​លើ​មុខរបរ​នេសាទ និង​ធ្វើស្រែ​ចំការ​តិចតួច​ប៉ុណ្ណោះ​៕

ដោយ​៖​សុខុម​


spot_img
×