មណ្ឌលគិរី ៖ ទីតាំងសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី ខេត្តមណ្ឌលគិរី មិនយកប្រាក់ដុល្លារប្រភេទក្រដាស 1$ 2$ និង5$ ដោយមូលហេតុដែលគាត់មិនទទួលយកប្រាក់ដុល្លារប្រភេទក្រដាស 1$ 2$ និង5$ ព្រោះតែគាត់យកក្រដាសប្រាក់ប្រភេទទាំងបីនេះទៅទិញទំនិញនៅផ្សារសែនមនោរម្យ ក៏គេមិនយកដែរ, ដូច្នេះហើយបានជាគាត់មិនយកដែរ។
ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី៣មិថុនានេះ បានជម្រាបជូនសាធារណជនឲ្យបានជ្រាប ដែលព័ត៌មានថា៖ នៅសាខាលក់ផលិតផលឡុងបូរ៉ាបណ្ឌិតសេដ្ឋី ខេត្តមណ្ឌលគិរី នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតនៅភូមិចំបក់ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ លក់ដូរមិនយកប្រាក់ដុល្លារប្រភេទក្រដាស 1$ 2$ និង5$ កាលពីព្រឹកថ្ងៃទី02 ខែមេសា ឆ្នាំ2020។
កម្លាំងនគរបាលបានចុះដល់គោលដៅដេីម្បីសួរនាំ នោះជាព័ត៌មានពិត ដោយមូលហេតុដែលគាត់មិនទទួលយកប្រាក់ដុល្លារប្រភេទក្រដាស 1$ 2$ និង5$ ព្រោះតែគាត់យកក្រដាសប្រាក់ប្រភេទទាំងបីនេះទៅទិញទំនិញនៅផ្សារសែនមនោរម្យ ក៏គេមិនយកដែរ, ដូច្នេះហើយបានជាគាត់មិនយកដែរទៅ។
ករណីនេះកម្លាំងនគរបាលបានធ្វើការណែនាំឲ្យរូបគាត់ចាយប្រាក់ដុល្លារប្រភេទនេះជាធម្មតាវិញ តាមសេចក្តីប្រកាសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបើមានអ្នកណាមិនទទួលយកសូមអោយរាយការណ៍មកសមត្ថកិច្ច, រូបគាត់ក៏ទទួលយកតាមការណែនាំនេះ។
សម្តេចតេជោ នាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ ក៏ដូចជាអាជីវករលក់ដូរទាំងអស់ នៅក្នុងកម្ពុជាថា បើបងប្អូនយកប្រាក់ដុល្លារ $1,$2,$5ទៅចាយ ឬទៅដូរ បើមានគេកាត់ទឹក សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់ ដើម្បីមានវិធានការតាមច្បាប់។
សម្តេចតេជោ ហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុង ក្នុងខេត្តព្រះសីហនុនៅថ្ងៃទី១មិថុនា។
សម្តេចតេជោ បានមានប្រសាសន៍ថា ក្រដាសប្រាក់ដុល្លារ $1,$2,$5 អត់កាត់ទឹកឬកាត់ផុកទេ។
សម្តេចបានបញ្ជាក់ថា “សូមជម្រាបជូនបងប្អូនប្រជពលរដ្ឋទូទាំងប្រទេសឲ្យបានជ្រាបថា បើបងប្អូនយកប្រាក់ដុល្លារទៅចាយ ឬទៅដូរ បើមានគេកាត់ទឹកឬកាត់ផុក សូមរាយការណ៍ជម្រាបសមត្ថកិច្ចជាបន្ទាន់”។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រកឃើញចាប់ឲ្យបាន បើនៅតែបន្តចាប់ខ្លួនទៅ ទោះបីគុកចង្អៀតតែគុកនៅអាចដាក់បាន អ្នកឯងបំផ្លាញជាតិហើយមិនទុកទេ។ ឥឡូវសុំចាយទៅ ហើយបន្ទាប់ពីចាយទៅ ប្រហែលជាធនាគារគេមិនបញ្ចេញមកវិញទេ គេបានប្រកាសហើយ តែគ្មានការខាតបង់សម្រាប់ប្រជាពលរដ្ឋនោះទេ ហើយសុំឲ្យដឹងបើមានផ្នែកណាមួយ កន្លែងប្តូរប្រាក់ កាត់ទឹកសុំប្តឹងបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចភ្លាម ហើយយើងនឹងចុះទៅភ្លាម ដើម្បីដោះស្រាយ អត់មានឲ្យការកាត់ទឹកនោះទេ។
សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះជនមួយចំនួន ដែលចោទសម្តេចថា ទាត់ចោលលុយដុល្លារ ស្រវាយកលុយយន្តរបស់ចិនមកប្រើប្រាស់ ក្នុងទីផ្សារកម្ពុជាថា ជាការលើកឡើងរបស់មនុស្សចង្រៃ ដែលមិនអាចឲ្យមានការរួបរួមគ្នាបានឡើយ។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភ ចំពោះការចាយវាយប្រាក់ដុល្លារប្រភេទ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ ព្រោះថាគ្រប់ធនាគារទាំងអស់ នៅតែទទួលក្រដាសប្រាក់ប្រភេទនេះ៕
ដោយ៖កូឡាប