Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រួតពិនិត្យ​ការងារ ការរៀបចំ​ខួប​លើក​ទី​៤៣​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​»

spot_img

​ភ្នំពេញ​៖ បន្ទាប់ពី​បាន​ប្រជុំពិភាក្សា​បង្កើត​សមាសភាព​ក្រុមការងារ ដើម្បី​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៤៣​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​»​ថ្ងៃទី​២០ មិថុនា ឆ្នាំ​១៩៧៧ – ថ្ងៃទី​២០ ខែ មិថុនា ឆ្នាំ​២០២០ រួចមក នៅ​ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២០ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រុមការងារ​រៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៤៣​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» បាន​បើក​កិច្ចប្រជុំ​ជា​លើក​ទី​២ ដើម្បី​ត្រួតពិនិត្យ​ការងារ ដែល​ក្រុម​កា​ងារ​បាន​អនុវត្ត​មួយ​ជំហាន​កន្លងមក ដែរ​កិច្ចប្រជុំ​នេះ បាន​ប្រព្រឹត្តិ​ទៅ​ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ព្រមទាំង​មានការ​ចូលរួម​ពី​សមាជិក​ក្រុមការងារ មកពី​បណ្តា​អង្គភាព​នានា ក្នុង​កងយោធពល​ខេមរភូមិន្ទ និង​នគរបាលជាតិ ជាច្រើនរូប​ទៀត​។​

ថ្លែង​បើក​កិច្ចប្រជុំ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​សំដែង​នូវ​ការកោតសរសើរ ចំពោះ​ក្រុមការងារ​បច្ចេកទេស​ទាំង​អស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ក្នុងពេល​កន្លងមក​។ ឯកឧត្តម បាន​បញ្ជាក់ថា​៖ ការពិភាក្សាគ្នា​ឲ្យ​បាន​ល្អិតល្អន់ អំពី​ការរៀបចំ​ប្រារព្ធ​ខួប​លើក​ទី​៤៣​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» នាពេលនេះ គឺជា​ត្រីវិស័យ​សម្រាប់​នាំ​ផ្លូវ​ដល់​ការរៀបចំ​ពិធី​ប្រារព្ធ​ខួប​លើក​ទី​៤៣​ឆ្នាំ ក្នុង​ឆ្នាំ​២០២០ នេះ​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​បន្ថែមទៀត​។​

កិច្ចប្រជុំ​នាឱកាស​នោះបាន​ពិភាក្សា​ទៅលើ​របៀបវារៈ​ចំនួន​៣ ក្នុងនោះ​រួមមាន​៖ ខ្លឹមសារ​នៃ​ការ​ប្រារព្ធ​ពិធី ការពិភាក្សា​អំពី​កម្មវិធី​ផ្លូវការ ដែល​នឹងត្រូវ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេ​មុត ខេត្ត​ត្បូងឃ្មុំ ដែល​មាននៅ​សាលារៀន​កោះ​ថ្ម និង នៅ​ចំណុច​អិ​ច ១៦, ការពិភាក្សា​អំពី​សមាសភាព ការអញ្ជើញ​ភ្ញៀវ​ចូលរួម​, ការ​ពិ​ភក្សា​អំពី​មធ្យោបាយ​ដឹកជញ្ជូន ពេទ្យ​ចល័ត និង​ការធានា​លើ​ការហូបចុក និង ការ​ស្នាក់​នៅក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សាគ្នា​ផង​ដែល អំពី​វិធានការ​ការពារ​សន្តិសុខ ដែល​ទទួលខុសត្រូវ​ដោយ​កម្លាំង​នគរបាលជាតិ និង​កម្លាំង​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​ត្បូងឃ្មុំ​។​

​ចូលរួម​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​នាឱកាស​នោះដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ណឹ​ម សុវត្ថិ ទីប្រឹក្សា​ពិសេស សម្តេច​ពិជ័យ​សេនា ទៀ បាញ់ អគ្គនាយក អគ្គនាយកដ្ឋាន​នយោបាយ និង​កិច្ចការបរទេស និង​ជា​ប្រធាន​ក្រុមការងារ​សិក្សា​ស្រាវជ្រាវ​សាងសង់​វិមាន​ឈ្នះ ឈ្នះ បាន​មានប្រសាសន៍ថា​៖ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៧៧ គឺមាន​លក្ខណៈ​ជា​ប្រវត្តិសាស្ត្រ ដែលមាន​ទំនាក់ទំនង​ទៅជា​មួយ​ប្រទេស​វៀតណាម ជា​មិត្ត ដែល​បាន​បង្កើត​ឲ្យ​មាន​ថ្ងៃ​០២ ធ្នូ និង​ថ្ងៃ​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩ រួម​និង​ព្រឹត្តិការណ៍​ផ្សេងៗ​ទៀត នឹង​បាន​នាំទៅដល់​នយោបាយ​ឈ្នះ ឈ្នះ​។​

​សូមបញ្ជាក់ថា​៖ ការ​ប្រារព្ធ​ពិធី​រំលឹក​ខួប​លើក​ទី​៤៣​ឆ្នាំ ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តួលរំលំ​របប​ប្រល័យពូជសាសន៍ «​ប៉ុល ពត​» ថ្ងៃទី​២០ មិថុនា ឆ្នាំ​១៩៧៧ – ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០២០ គឺ​ដើម្បី​រំលឹក​ឡើងវិញ​នូវ​ប្រវត្តិសាស្ត្រ​រំដោះប្រទេស​ជាតិ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន និង​យុទ្ធ​មិត្ត​៤​រូប ដែល​បាន​យក​ជីវិត​ធ្វើជា​ដើមទុន ក្នុងការ​រំដោះប្រទេស​ជាតិ​ឲ្យ​បាន​រួច​ចាក​ផុតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត នៅ​ថ្ងៃទី ៧ មករា​ឆ្នាំ​១៩៧៩ និង​បាន​ដឹកនាំ​ប្រទេសជាតិ ឲ្យ​ទទួលបាន​នូវ​សុខសន្តិភាព ក្រោម​គោលនយោបាយ​ឈ្នះ ឈ្នះ ធ្វើ​ឲ្យ​ប្រទេសជាតិ មាន​សន្តិភាព​ពេញលេញ និង​ការអភិវឌ្ឍ​រីកចំរើន​មក​ដល់ពេល​បច្ចុប្បន្ននេះ ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×