Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហគ្រិន​ខ្មែរ រដ្ឋាភិបាល​អូស្ត្រាលី និង វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា សហការគ្នា​ជំរុញ​ការច្នៃប្រឌិត លើ​ផលិតផល​ក​សិ​-​ម្ហូបអាហារ​​តាមរយៈ​សហគ្រាស​ធុន​តូច និង មធ្យម​

spot_img

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា​បាននិងកំពុង​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី និង​ដៃគូ​នានា ក្នុងការ​អភិវឌ្ឍ​ឧស្សាហកម្ម​កែច្នៃ​ផលិតផល​កសិកម្ម និង​ដើម្បី​ទាក់ទាញ​វិនិយោគ​ពី​ក្នុងស្រុក​និង​អន្តរជាតិ​បន្ថែមទៀត​។

​ការអភិវឌ្ឍ​វិស័យនេះ គឺមាន​សារសំខាន់​ណាស់ ដោយសារ​ផលិតផល​កសិកម្ម​នាំចេញ​របស់​ប្រទេស​កម្ពុជា​មួយចំនួន មិន​ត្រូវបាន​កែច្នៃ​ក្នុងស្រុក​នោះទេ​។ កិច្ចសហការ​នេះ នឹង​ជួយ​បង្កើត​ឱកាស​ក្នុងការ​បង្កើន​តំលៃបន្ថែម ក៏ដូចជា​បង្កើត​ការងារ​នៅក្នុង​វិស័យ​កសិកម្ម អោយ​កាន់តែច្រើន ដែល​វិស័យនេះ មាន​ទំហំ​ស្មើនឹង ២២ ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​។

​ដើម្បី​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម​នេះ សហគ្រិន​ខ្មែរ (Khmer Enterprise) ដែលជា​ស្ថាប័ន​ប្រតិបត្តិ​ករ​មួយ ក្រោម​ការគាំទ្រ​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (MEF) រួមជាមួយ​នឹង កម្មវិធី​ខ្សែសង្វាក់​តម្លៃ​កសិកម្ម​កម្ពុជា​-​អូស្ត្រាលី (CAVAC) ដែលជា​កម្មវិធី​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​កម្ពុជា ឱ្យមាន​ភាពរឹងមាំ និង ភាព​ប្រកួតប្រជែង​ខ្ពស់ ព្រម​ជាមួយនឹង​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC) ដែលជា​សាកលវិទ្យាល័យ​សាធារណៈ​មួយ ស្ថិតក្រោម​ក្រសួង​អប់រំ យុវជន និង កីឡា កំពុង​សហការ​អនុវត្ត​គម្រោង “​វេទិកា កិច្ចសហប្រតិបត្តិការ​រវាង វិស័យ​សាធារណៈ វិស័យ​ឯកជន និង​គ្រឹះស្ថានស្រាវជ្រាវ​” ក្នុង​គោលបំណង​ផ្តល់​កិច្ច​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង បច្ចេកទេស​ដល់​សហគ្រាស​ធុន​តូច និង មធ្យម (SMEs) សំដៅ​ជំរុញអោយមាន​ផលិតផល​ក​សិ​-​ម្ហូបអាហារ​ថ្មីៗ​លក់​នៅក្នុង​ទីផ្សារ​។​

​ក្នុង​ភាពជា​ដៃគូ​នេះ សហគ្រិន​ខ្មែរ និង កម្មវិធី​កា​វ៉ា​ក់ នឹង​ផ្តល់​ជា​វត្ថុធាតុដើម ជំនួយ​ខាង​ជំនាញ​បច្ចេកទេស និង ហិរញ្ញវត្ថុ ដល់​សហគ្រាស​ធុន​តូច និង មធ្យម ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​។ ទន្ទឹមនឹង​នេះដែរ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា នឹង​ផ្តល់ជំនួយ​បច្ចេកទេស​បន្ថែម​, បរិក្ខារ​, និង ទីកន្លែង​របស់ខ្លួន ដើម្បី​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍ និង កែច្នៃ​ផលិតផល​ក​សិ​-​ម្ហូបអាហារ​នេះ​។ សហគ្រាស​ធុន​តូច និង មធ្យម ដែល​ចាប់អារម្មណ៍​ចូលរួម​ក្នុង​គម្រោង​នេះ សូម​ទៅធ្វើ​ការពិគ្រោះ​យោបល់​ជាមួយ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា ដើម្បី​សរសេរ​សំណើ រួច​ផ្ញើ​ទៅកាន់​កម្មវិធី​កា​វ៉ា​ក់ ដើម្បី​ធ្វើការ​ពិនិត្យ​។ ប្រសិនបើ​សំណើ​ត្រូវបាន​ជ្រើសរើស សហគ្រាស​ធុន​តូច និង មធ្យម​ដែល​ទទួលបាន​ជោគជ័យ នឹងធ្វើ​ការ​ជាមួយ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ទៅលើ​ការច្នៃប្រឌិត​ផលិតផល និង ការផ្ទេរ​បច្ចេកវិទ្យា​។ គម្រោង​នេះ នឹង​ចាប់ផ្តើម​បើកទទួល​ពាក្យ​ស្នើ ចាប់ពី​ពាក់កណ្តាល​ខែមិថុនា​នេះ​។​

​ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា “​ការជំរុញ​ផលិក​ម្ម​កសិកម្ម និង​ចំណីអាហារ គឺជា​ផែ្ន​កមួយ​ដ៏​សំខាន់ ក្នុងការ​ចូលរួមចំណែក​របស់​រដ្ឋាភិបាល​អូស្ត្រាលី ក្នុងការ​ទប់ទល់​នឹង​វិបត្តិ​ជម្ងឺ​កូ​វីដ​១៩​ក្នុងប្រទេស​កម្ពុជា​”​។

​ឯកឧត្តម Pablo Kang បាន​បន្ថែមថា “​រាជរដ្ឋាភិបាល​អូស្ត្រាលី តាមរយៈ​កម្មវិធី​កា​វ៉ា​ក់ បាន​គាំទ្រ​វិស័យ​ក​សិ​-​ម្ហូបអាហារ​នៅ​កម្ពុជា​ជាច្រើន​ឆ្នាំ​មកហើយ​។ នាពេលនេះ រដ្ឋាភិបាល​អូស្ត្រាលី​មាន​សេចក្តីសោមនស្ស​រីករាយ ក្នុងការ​សហការ​ជាមួយ​សហគ្រិន​ខ្មែរ និង​វិទ្យាស្ថាន​បច្ចេកទេស​កម្ពុជា ក្នុង​ការកសាង​មូលដ្ឋានគ្រឹះ សម្រាប់​ឧស្សាហកម្ម​ផលិត​ចំណីអាហារ ដែលមាន​គុណភាព​ខ្ពស់​នៅ​កម្ពុជា ដែល​នឹង​ផលិត​ដោយ​សហគ្រាស​កម្ពុជា​ធុន​តូច និង មធ្យម​”​។​

​ឯកឧត្តម​បណ្ឌិត ឈៀង វណ្ណ​មុនិ​ណ្ឌ នាយក​ប្រតិបត្តិ​នៃ​សហគ្រិន​ខ្មែរ បាន​មានប្រសាសន៍ថា “​ដោយមាន​ការគាំទ្រ​ពី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហគ្រិន​ខ្មែរ មាន​ចក្ខុវិស័យ​ក្លាយជា​វេទិកា​ថ្នាក់ជាតិ សម្រាប់​ការលើកកម្ពស់​គ្រប់​សកម្មភាព របស់​វិស័យ​សហគ្រិនភាព​នៅក្នុង​ប្រទេស​កម្ពុជា​។ គម្រោង​នេះ ស្ថិតនៅក្នុង​វិស័យ​អាទិភាព​មួយ​របស់​សហគ្រិន​ខ្មែរ គឺ វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម​។​” ឯកឧត្តម​បណ្ឌិត បាន​បន្ថែមថា “​ក្រៅពី​ជំនួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ការកែច្នៃ​ផលិតផល​ក​សិ​-​ម្ហូបអាហារ សហគ្រាស​ធុន​តូច និង មធ្យម​ក៏​អាច​ទទួលបាន​ការគាំទ្រ​ផ្សេងៗ​ទៀត ពី​សហគ្រិន​ខ្មែរ ដូចជា​ការបង្កើន​សម​ត្ថ​ភាព និង​ឱកាស​វិនិយោគ​រួមគ្នា​ផងដែរ​។​”

​ឯកឧត្តម​បណ្ឌិត អ៊ុម រម្យ​ណី នាយក​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា បានចង្អុលបង្ហាញ​ថា ចក្ខុវិស័យ​របស់​វិទ្យាស្ថាន​គឺ ចង់​ក្លាយជា​សាកលវិទ្យាល័យ​ឈានមុខ​គេ​មួយ នៅក្នុង​ប្រទេស​កម្ពុជា​លើ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ការផ្ទេរ​បច្ចេកវិទ្យា ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​ប្រកបដោយ​ចីរភាព​។ ជាមួយនឹង​គម្រោង​នេះ វិទ្យាស្ថាន​បច្ចេកវិទ្យា​ក​ម្ពុ​ជា នឹង​ប្រើ​ឧបករណ៍​ពិសោធន៍​ដែលមាន​ស្រាប់ រួមទាំង​ជំនាញ និង​បច្ចេកវិទ្យា ក្នុងការ​អភិវឌ្ឍ​ការកែច្នៃ​ផលិតផល​ក​សិ​-​ម្ហូបអាហារ ដើម្បី​ជួយ​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​ការផលិត ផលិតផល​ក​សិ​-​ម្ហូបអាហារ​ថ្មីៗ​៕​

ដោយ​៖​សម្ផស្ស​


spot_img
×