Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច​ក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាល ផ្ដល់​ថវិកា​១៦៦​លាន​ដុល្លារ ដល់​រដ្ឋបាល រាជធានី​-​ខេត្ត ក្នុងការ​អនុវត្ត​សេវា​សុខាភិបាល​

spot_img

​ភ្នំពេញ​៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង​ជា​ប្រធាន គណៈ ក​ម្មា​ធិ​ការ​ជាតិ​សម្រាប់ ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) មានប្រសាសន៍ ថា បន្ទាប់ពី​រាជរដ្ឋាភិបាល​ដាក់ចេញ​នូវ​អនុក្រឹត្យ​ស្តីពី​ការប្រគល់​មុខងារ​គ្រប់គ្រង និង​ផ្តល់​សេវា​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត​នា​ចុងឆ្នាំ​២០១៩​កន្លងមក និង​ផ្អែក​តាម​របាយការណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០២០​នេះ រាជរដ្ឋាភិបាល​បានរួម​គ្នា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​បាន​អនុវត្ត​កិច្ចការ​អាទិភាព​ចាំបាច់​មួយចំនួន ដើម្បី​ធានា​ដល់​ការចាប់ផ្តើម​អនុវត្ត​អនុក្រឹត្យ​នេះ​ដែល​ក្នុងនោះ​រួមមាន ការផ្ទេរ​បុគ្គលិក​សុខាភិបាល​ចំនួន​ជាង​២​ម៉ឺន​នាក់​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​សាមី​នីមួយៗ និង​ការដាក់ចេញ​នូវ​ប្រកាស​អន្តរក្រសួង​ស្តីពី​ការផ្ទេរ​ថវិកា​ចំនួន​ប្រមាណ​១៦៦​លាន​ដុល្លារ​ទៅឱ្យ​រដ្ឋបាល​រាជធានី​-​ខេត្ត​សម្រាប់​គ្រប់គ្រង ចាត់ចែង និង​ប្រើប្រាស់​លើ​ការអនុវត្ត​មុខងារ​ផ្តល់​សេវា​សុខាភិបាល​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​។​

​សម្តេច​ក្រឡាហោម មានប្រសាសន​ន៍​ដូច្នេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់​ឲ្យ​ដំណើរការ មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល រាជធានី​-​ខេត្ត នា​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

​សម្តេច​ក្រឡាហោម បាន​មានប្រសាសន៍​បន្តថា ទោះបី​កម្ពុជា​បាន​នឹង​កំពុង​ជួប​នូវ​ស្ថាន​ភាពលំបាក ដោយសារ​ការរីក​រាល​ដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដែល​តម្រូវឱ្យ​យើងទាំងអស់គ្នា​អនុវត្ត​វិធានការ​នានា ដើម្បី​ការពារ​ទប់ស្កាត់​ពី​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ក៏ដោយ ក៏​ថ្នាក់ដឹកនាំ និង​មន្ត្រី​បច្ចេកទេស​នៃ​ក្រសួងសុខាភិបាល នៅតែ​ខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ និង​កម្លាំងចិត្ត​ក្នុងការ​ចាត់វិធានការ​យ៉ាង​ទាន់ពេលវេលា ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​ដ៏​លំបាក​ទាំង​ការការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ការព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ និង​បាន​សហការ​ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​កិច្ចការ​ចាំបាច់​នានា​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​បុគ្គលិក ការផ្ទេរ​ថវិកា និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​-​ខេត្ត​នេះ​ផងដែរ​៕​

ដោយ៖កូឡាប

spot_img
×