Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្រណោះ​ណាស់​ម្ចាស់​ថ្លៃ​! ក្មេងស្រី​អាយុ​១៣​ឆ្នាំ តស៊ូ​អង្គុយ​ក្រោម​កម្តៅថ្ងៃ​ក្តៅហែង ដើម្បី​ទទួលបាន​អ៊ីនធឺណិត​ប្រសើរ សម្រាប់​រៀន​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​

spot_img

​បច្ចុប្បន្ននេះ មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទេ គឺ​នៅ​បណ្តា​ប្រទេស​ជាច្រើន កូនសិស្ស​បាននិងកំពុង​ជួប​បញ្ហាលំបាក​ជាខ្លាំង ក្នុងការ​សិក្សា​នៅផ្ទះ​របស់​ពួកគេ (​រៀន​តាម​អេឡិចត្រូនិក​) ព្រោះថា សាលារៀន​ទាំងអស់​ពុំទាន់​ត្រូវបាន​អនុញ្ញាត​ឲ្យ​បើក​ឡើងវិញ ខណៈដែល​ស្ថានភាព​ជំងឺ Convid-19 មិនទាន់​ធូរស្បើយ​ទាំងស្រុង​នៅឡើយ​។​

​ពិតមែន​ហើយ សម្រាប់​គ្រួសារ​ទំនើប​ដែល​រស់​នៅមាន​ប្រព័ន្ធ​អ៊ិន​ធើរ​ណិ​ត ប្រើប្រាស់​គ្រប់គ្រាន់ និង​លឿន នោះ​វា​មិនសូវ​ជា​បញ្ហា​ប្រឈម​នោះទេ ប៉ុន្តែ សម្រាប់​កូនសិស្ស​ដែល​រស់​នៅតាម​តំបន់​ជនបទ​ដាច់ស្រយាល​វិញ ដែល​ពុំមែន​បណ្តាញ​អ៊ិន​ធឺ​ណិ​ត​ប្រើប្រាស់​គ្រប់គ្រាន់ នោះ​ជា​រឿង​លំបាក​បំផុត​មួយ សម្រាប់​ពួកគេ ក្នុងការ​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដ៏​ទំនើប​នេះ​។​

​តួយ៉ាង​ដូចជា​ក្មេងស្រី​ម្នាក់នេះ ដែល​រស់នៅ​តំបន់​ជនបទ នៅក្នុង Sarawak ប្រទេស​ម៉ាឡេស៊ី គឺ​នាង​ពិតជា​មានការ​លំបាក​យ៉ាងខ្លាំង​។ ប៉ុន្តែ បើទោះជា​អ៊ី​ន​ធើរ​ណិ​ត នៅ​តំបន់​រស់នៅ​របស់​នាង​ខ្សោយ​ខ្លាំង​យ៉ាងណា ក៏​មិនអាច​បញ្ឈប់​នាង​ពី​ការសិក្សា​បានឡើយ​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ SMK Tinggi Sarikei បាន​បង្ហោះ​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់​ឈ្មោះ Heliyana អាយុ ១៣ ឆ្នាំ រស់នៅ​តំបន់ Sarikei ត្រូវបាន​គេ​ប្រទះឃើញ​អង្គុយបញ្ឈរជង្គង់ ជាមួយ​ដៃ​ម្ខាង​កាន់​ប៊ិច និង​ដៃ​ម្ខាង​ទៀត​កាន់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន កំពុង​ធ្វើ​កិច្ចការ​យ៉ាង​យក់ចិត្តទុកដាក់​ដើម្បី​បញ្ចប់​វិញ្ញាសា​ប្រឡង នៅលើ​ក្រដាស​ដាក់​លើ​ភ្លៅ​របស់​នាង ស្ថិតក្រោម​កម្តៅថ្ងៃ​ដ៏​ក្តៅហែង ដែល​មើលទៅ​គួរ​ស្រណោះ​ខ្លាំង​បំផុត​។​

​នៅពេល​សួរថា តើ​ហេតុអ្វី​បានជា​ប្អូនស្រី​មិន​ធ្វើ​កិច្ចការ​នៅក្នុង​ផ្ទះ​ជំនួស នាង​បាន​ឆ្លើយ​យ៉ាង​ដូច្នេះ​ថា​៖ «​អ៊ី​ន​ធើរ​ណិ​ត​នៅ​ក្នុងផ្ទះ​ពុំ​អាច​ប្រើ​បាន​នោះទេ ដើរ​យឺត​ណាស់ ពោលគឺ​ពុំ​អាច​ប្រើ​បានតែ​ម្តង ហេតុនេះ ខ្ញុំ​ក៏​បង្ខំចិត្ត​ចេញមក​ខាងក្រៅ ដើម្បី​បញ្ចប់​កិច្ចការ​សាលា និង​ក៏ដូចជា​រៀន​មេរៀន​ផ្សេងៗ តាមរយៈ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ចនេះ​»​។​

​ទោះយ៉ាងណា មិនមែន​តែ Heliyana ម្នាក់​ទេ ដែល​ជួប​បញ្ហា​នេះ ព្រោះថា នៅមាន​កូនសិស្ស​ជាច្រើន​ទៀត នៅក្នុង​តំបន់​របស់​នាង ក៏​កំពុង​ប្រឈមមុខ​នឹង​ការលំបាក​ក្នុងការ​ព្យាយាម​ទទួលយក​បទដ្ឋាន​ថ្មី នៃ​ការរៀន​តាម​អេឡិចត្រូនិក​នេះដែរ ដោយសារតែ​បញ្ហា​កង្វះ​អ៊ិន​ធើរ​ណិ​ត​ប្រើប្រាស់​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ worldofuzz)


spot_img
×