Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល នឹង​បន្ត​រៀបចំ និង​ដាក់ឱ្យអនុវត្ត​កម្មវិធី​ជាតិ រយៈពេល​វែង​មួយទៀត ដែល​ត្រូវ​ចាប់ផ្ដើម​ឆ្នាំ​២០២១​តទៅ ដើម្បី​ធានា​បន្ត​អនុវត្ត​កំណែទម្រង់​ ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចការ​សំខាន់ៗ​

spot_img

​ភ្នំពេញ​៖ សម្ដេច​ក្រឡាហោម បាន​បង្ហើប​ប្រាប់ថា រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ត​រៀបចំ និង​ដាក់ឱ្យអនុវត្ត​កម្មវិធី​ជាតិ រយៈពេល​វែង​មួយទៀត ដែល​ត្រូវ​ចាប់ផ្ដើម​ឆ្នាំ​២០២១​តទៅ ដើម្បី​ធានា​បន្ត​អនុវត្ត​កំណែទម្រង់​នេះ ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចការ​សំខាន់ៗ ដូចជា ការបន្ត​ពង្រឹង​រដ្ឋបាល​ក្រង ស្រុក ខណ្ឌ ដែល​កំពុងមាន​បញ្ហា​កង្វះខាត​ថវិកា​អនុវត្ត​មុខងារ បញ្ហា​សមត្ថភាព​បុគ្គលិក ប្រព័ន្ធ​កសាង​ផែនការ បែបបទ​នីតិវិធី និង​ទីកន្លែង​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ជាដើម​។​

​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​៣ ខែមិថុនា ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​អភិវឌ្ឍន៍​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​អញ្ជើញ​ជា​អធិបតី ពិធី​ប្រកាស​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​រាជធានី​ខេត្ត ប្រារព្ធ​នៅ​ក្រសួងមហាផ្ទៃ ។​

​ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ឧបនាយករដ្ឋមន្ត្រី ពិធី​ប្រកាស​ផ្សព្វផ្សាយ​នៅថ្ងៃនេះ មានការ​អញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ទេសរដ្ឋមន្ត្រី ឯកឧត្តម លោកជំទាវ រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ឯកឧត្តម លោកជំទាវ ជា​អភិបាល អភិបាលរង នៃ​គណៈ​អភិបាល​រាជធានី ខេត្ត អស់លោក លោកស្រី​ជា​ប្រធាន និង​អនុប្រធាន​មន្ទីរ​សុខាភិបាល​ទាំង​២៥​រាជធានី​ខេត្ត ព្រមទាំង​មន្ត្រីរាជការ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើនរូប​ទៀត ។​

​ឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​លេខាធិការដ្ឋាន គ​.​ជ​.​អ​.​ប បានធ្វើ​របាយការណ៍​ឱ្យដឹងថា រចនាសម្ព័ន្ធ​នៃ​មន្ទីរ​សុខាភិបាល​បច្ចុប្បន្ន ត្រូវ​ផ្ទេរ​ទៅឱ្យ​ស្ថិតក្រោម​រចនាសម្ព័ន្ធ​គ្រប់គ្រង​របស់​រដ្ឋបាល​រាជធានី ខេត្ត រួមមាន​មន្ទីរ​សុខាភិបាល​ចំនួន​២៥ មន្ទីរពេទ្យបង្អែក​រាជ​ធានី​ខេត្ត​ចំនួន​២៥ ការិយាល័យ​ស្រុក​ប្រតិបត្តិ​ចំនួន​១០៣ មន្ទីរពេទ្យបង្អែក​ក្រុង ស្រុក ចំនួន​៩២ មណ្ឌល​សុខភាព​ចំនួន​១២២១ និង​ប៉ុស្តិ៍​សុខភាព​ចំនួន​១២៧ ។​

​ទន្ទឹមនឹង​ការផ្ទេរ​រចនាសម្ព័ន្ធ ឯកឧត្តម​បាន​បន្តថា​ក្រសួងសុខាភិបាល បាន​ផ្ទេរ​ធនធានមនុស្ស ដែល​កំពុង​បំពេញការងារ​តាម​មន្ទីរ​សុខាភិបាល និង​អង្គភាព​ក្រោម​ឱវាទ​ទៅឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​មាន​ចំនួន​២០១២៤​នាក់ ក្នុងនោះ​រួមមាន​គ្រូពេទ្យ​កំពុង​បំពេញការងារ​នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​ចំនួន ១៧​ពាន់​២៣៨​នាក់ បុគ្គលិក​បំរើកា​រងារ​រដ្ឋបាល​នៅ​មន្ទីរ និង​ការិយាល័យ​សុខាភិបាល​ចំនួន ២៨៨៦​នាក់ ព្រមទាំង​បុគ្គលិក​កិច្ចសន្យា​ជិត​៣​ពាន់​នាក់​ផ្សេងទៀត ។​

​ឯកឧត្តម​បាន​ន្ថែ​ម​ថា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងសុខាភិបាល និង​ក្រសួងមហាផ្ទៃ បានដាក់​ចេញ​នូវ​ប្រកាស​អន្តរក្រសួង ស្ដី​ការផ្ទេរ​ធនធាន​ថវិកា​ដោយមាន​ភ្ជាប់​លក្ខខណ្ឌ ទៅឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​សម្រាប់​អនុវត្ត​មុខងារ​នេះ ដោយ​ផ្អែក​តាមច្បាប់​ថវិកាជាតិ​ឆ្នាំ​២០២០ និង​ប្រកាស​អន្តរក្រសួង គឺ​ថវិកា​ប្រមាណ ១៦៦.៥​លាន​ដុល្លារ​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត ហើយ​ទ្រព្យសម្បត្តិ​កំពុង​ប្រើប្រាស់​ដោយ​មន្ទីរ​សុខាភិបាល និង​អង្គភាព​ក្រោម​ឱវាទ​ក៏ត្រូវ​ផ្ទេរ​មកឱ្យ​រដ្ឋបាល​រាជធានី ខេត្ត នាពេលខាងមុខ​ដែរ ។​

​នៅក្នុង​ឱកាស​នោះដែរ ឯកឧត្តម​សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​បន្ត​អញ្ជើញ​ថ្លែង​ចំណាប់អារម្មណ៍​ជូន​សម្ដេច និង​អង្គពិធី ដោយបាន​កត់សម្គាល់​អំពី​ការប្រគល់​មុខងារ​គ្រប់គ្រង​ការផ្ដល់សេវា​សុខាភិបាល ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត នេះ ថា​មាន​គោល​បំ​ណ​ធ្វើឱ្យ​ប្រសើរឡើង នូវ​ការផ្ដល់សេវា​សុខាភិបាល ប្រកបដោយ​គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និង​សមធម៌ តាមរយៈ​ការ​បង្ខិត​ការធ្វើ​សេចក្ដីសម្រេចចិត្ត និង​ការទទួលខុសត្រូវ​ផ្ដល់​សេវា​សុខាភិបាល​ឱ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​បញ្ជាក់ថា ក្រសួង​នៅតែមាន​តួនាទី​ចំ​បាច់​មួយចំនួន​ដដែល ដូចជា​ការកសាង​ច្បាប់ កំណត់​របៀបវារៈ​គោល​នយោបាយ​សុខាភិបាល​ជាតិ កំណត់​ស្តង់ដារ​បច្ចេកទេស ផ្ដល់​គោលការណ៍​ណែនាំ​នានា ពិនិត្យ និង​តាមដាន​វាយតម្លៃ​ស្នាដៃ​ប្រព័ន្ធ​សុខាភិបាល​ជាដើម ។ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ផ្ដាំផ្ញើ​រដ្ឋបាល​រាជធានី​ខេត្ត​ខិតខំ​គៀងគរ​ការគាំទ្រ​ថវិកា សម្ភារ និង​បច្ចេកទេស និង​ប្រើប្រាស់​ធនធាន ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព ។​

​បន្ទាប់មក សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​)​បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា និង​មានមតិ​ណែនាំ​ទៅកាន់​អង្គពិធី ។ សម្ដេច​បាន​មានប្រសាសន៍ថា ការប្រគល់​មុខងារ​គ្រប់គ្រង​ផ្ដល់​សេវា​សុខាភិបាល​ទៅឱ្យ​រដ្ឋបាល​រាជធានី ខេត្ត គឺជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​នៃ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​នៅ​កម្ពុជា បន្ទាប់ពី​បាន​ដំណើរការ​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ ។​

​សម្ដេច​បាន​បន្ថែមថា​នៅ​រយៈពេល​ចុងក្រោយ​នេះ យើង​បានសម្រេច​កិច្ចការ​ធំៗ​ជាច្រើន ប៉ុន្តែ​ទន្ទឹមនឹងនេះ នៅមាន​កិច្ចការ​មួយចំនួនទៀត នៅ​សេសសល​ដែល​ចាំបាច់​ត្រូវ​បន្ត​រៀបចំ នូវ​កម្មវិធី​ជាតិ​សម្រាប់​កំណែទម្រង់​នេះ ក្នុង​រយៈពេល​មួយ​ជា​កំណត់​ជា​បន្ត ដោយសារតែ​នេះ​ជា​កិច្ចការ​ថ្មីថ្មោង ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ប្រព័ន្ធគ្រប់គ្រង​រដ្ឋបាល​រប​ស់​យើង ដែល​ទាមទារ​ការអត់ធ្មត់ និង​ពិចារណា​គ្រប់​ជ្រុងជ្រោយ ចៀសវាង​កំហុស​ទាំងឡាយណា​ប៉ះពាល់​ដល់​ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​។​

​សម្ដេច​បាន​រំលឹកថា ទោះបី​ប្រទេស​យើង​កំពុង​ជួបប្រទះ នឹង​ស្ថាន​ភាពលំបាក​នៃ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ ក៏​ផ្អែក​តាម​របាយការណ៍​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ដើមឆ្នាំ​២០២០​នេះ យើង​បាន​រួមគ្នា​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​អនុវត្ត​កិច្ចការ​ជាអាទិ​ភាពចាំបាច់​មួយចំនួន ដើម្បី​ធានា​ដល់​ការអនុវត្ត​អនុក្រឹត្យ​ផ្ទេរ​មុខងារ​គ្រប់គ្រង​វិស័យ​សុខាភិបាល​នេះ ដោយបាន​ចេញប្រកាស​ផ្ទេរ​បុគ្គលិក ថវិកា និង​ប្រកាស​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​សុខាភិបាល​។​

​សម្ដេច​បាន​មានប្រសាសន៍ថា ផ្អែក​តាម​ប្រព័ន្ធគ្រប់គ្រង​សុខាភិបាល​ថ្មី​នេះ ក្រុមប្រឹក្សា និង​គណៈ​អភិបាល​រាជធានី​ខេត្ត នឹង​ក្លាយជា​អ្នកទទួលខុសត្រូវ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន អំពី​លទ្ធផល​នៃ​ការបំពេញ​ការងារ​ពាក់​ព័ន្ធ​នឹង​ការផ្ដល់សេវា​សុខាភិបាល​នានា ហើយ​អ្វីដែល​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​រាជរដ្ឋាភិបាល​នោះ គឺ​ការបំពេញ​ការងារ​ដោយ​ផ្អែកលើ​គោលនយោបាយ ផែនការ​យុទ្ធសាស្ត្រ​វិស័យ​សុខាភិបាល និង​ស្តង់ដារ​នានា ដែល​បាន​កំណត់ដោយ​ក្រសួងសុខាភិបាល ។​

​ជាមួយគ្នានេះ សម្ដេច​បាន​បន្តថា ប្រធាន​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត ត្រូវមាន​តួនាទី​ទទួលខុសត្រូវ​ចំពោះ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​រាជធានី​ខេត្ត​សាមី ក្នុងការ​គ្រប់គ្រង ការចាត់ចែង ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​ការតាមដាន​ទទួលខុសត្រូវ​ការផ្ដល់​សេវា​សុខាភិបាល​ដែល​បានប្រគល់​ជូន ។​

​សម្ដេច​បាន​បង្ហើប​ថា រាជរដ្ឋាភិបាល នឹង​បន្ត​រៀបចំ និង​ដាក់ឱ្យអនុវត្ត​កម្មវិធី​ជាតិ​រយៈពេល​វែង​មួយទៀត ដែល​ត្រូវ​ចាប់ផ្ដើម​ឆ្នាំ​២០២១​តទៅ ដើម្បី​ធានា​បន្ត​អនុវត្ត​កំណែទម្រង់​នេះ​ឱ្យ​កាន់តែ​ស៊ីជម្រៅ​លើ​កិច្ចការ​សំខាន់ៗ ដូចជា​ការបន្ត​ពង្រឹង​រដ្ឋបាល​ក្រង ស្រុក ខណ្ឌ ដែល​កំពុងមាន​បញ្ហា​កង្វះខាត​ថវិកា​អនុវត្ត​មុខងារ បញ្ហា​សមត្ថភាព​បុគ្គលិក ប្រព័ន្ធ​កសាង​ផែនការ បែបបទ​នីតិវិធី និង​ទីកន្លែង​ផ្ដល់​សេវា​ជូន​ពលរដ្ឋ​ជាដើម​។​

​សម្ដេច​បាន​មានប្រសាសន៍ថា កម្មវិធី​ថ្នាក់ជាតិ​ថ្មី​នេះ នឹង​ផ្ដល់​អាទិភាព​ដល់​ការពង្រឹង​ស្ថាប័ន​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ ដើម្បី​ធានា​ការរួម​សហការ​ជាមួយ​រដ្ឋបាល​ឃុំ​សង្កាត់ ឱ្យ​ក្លាយជា​រដ្ឋបាល​មូលដ្ឋាន​មាន​សមត្ថភាព និង​ធនធាន​សម​សម្រប សម្រាប់​ផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន ស្របតាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ ។​

​សម្ដេច​បាន​បន្តថា កម្មវិធី​ជាតិ​នេះ ក៏​នឹងសិក្សា​ជម្រើស​នានា​ដើម្បី​កែសម្រួល​រចនាសម្ព័ន្ធរ​ដ្ឋ​បាល​រាជធានី ខេត្ត ដើម្បី​បែងចែក​ឱ្យបាន​ច្បាស់លាស់​នូវមុខ​ងារ តួនាទី និង​ការទទួលខុសត្រូវ​រវាង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ តាម​ប្រភេទ​នីមួយៗ ដើម្បី​ដើរតួនាទី​ជា​រដ្ឋបាល​ថ្នាក់​តំបន់​មានមុខ​ងារ និង​ការទទួលខុសត្រូវ​ក្នុងនាម​ជា​តំណាង​រាជរដ្ឋាភិបាល ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ សម្រាប់​ការសម្របសម្រួល និង​គាំទ្រ​ដល់​រដ្ឋបាល​មូលដ្ឋាន មុខងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ សេវា​សង្គម និង​មុខងារ​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​។​

​សម្ដេច​បាន​គូសបញ្ជាក់ថា ក្រសួង​នឹង​បន្ត​សិក្សា និង​អភិវឌ្ឍន៍​ឱ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្លាយជា​រដ្ឋបាល​ពិសេស​មួយ ដែល​តម្រូវឱ្យមាន​រចនា​សម្ព័ន្ធ​ដោយឡែក និង​មាន​ប្រព័ន្ធគ្រប់គ្រង​តាម​បច្ចេកទេស​ព័ត៌មានវិទ្យា​ទំនើប ដើម្បី​ធានា​ដល់​ការគ្រប់គ្រង ការចាត់ចែង និង​ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ឆ្លើយតប​តម្រូវការ​ប្រជាពលរដ្ឋ ដែល​កំពុងមាន​ការកើនឡើង​យ៉ាងខ្លាំង ។​

​សម្ដេច​បន្តថា ក្រសួង​នឹងសិក្សា ដើម្បីឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ប្រើប្រាស់​បច្ចេកវិទ្យា​វៃឆ្លាត ក្នុង​ការផ្ដល់សេវា​មានគុណ​ភាព ប្រសិទ្ធភាព តម្លាភាព និង​បរិ​យា​ប័ន្ន និង​អាច​រក​ប្រភព​ចំណូល​នានា ដើម្បី​ពង្រឹង​ភាព​ម្ចាស់​នៃ​ការប្រើប្រាស់​ធនធាន ហើយ​ក្រសួង​ក៏​នឹងសិក្សា​ពី​ជម្រើស​នានា ដើម្បី​កំណត់​សក្ដានុពល​នៃ​ខេត្ត ឬ​ក្រុង​មួយចំនួន ដើម្បី​អាច​រៀបចំ​ជា​រដ្ឋបាល​ស្វយ័ត​នាពេល​អនាគត ។​

​ជាការ​កត់សម្គាល់ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត អាច​ចាប់ផ្ដើម​គ្រប់គ្រង​ចាត់ចែង​មុខងារ ផ្ដល់​សេវា​សុខាភិបាល ដែល​បាន​ផ្ទេរ​ប្រកបដោយ​ការទទួលខុសត្រូវ សម្ដេច​បាន​ណែ​នាំឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​រៀបចំ​ផ្សព្វផ្សាយ និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​រាជធានី​ខេត្ត​សាមី ឱ្យបាន​ទូលំទូលាយ ដោយ​អនុវត្តតាម​វិធានការ​ក្រសួងសុខាភិបាល ក្នុងការ​ការពារ​ទប់​ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ។​

​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​បុគ្គលិក​ប្រមាណ​ជាង​២​ម៉ឺន​នាក់ សម្ដេច​បាន​មានប្រសាសន៍ថា ទោះបី​បុគ្គលិក​ទាំងនេះ នៅតែ​បន្ត​ស្ថិតក្នុង​អង្គ​សុខាភិបាល​ក៏ដោយ ក៏ប៉ុន្តែ​បុគ្គលិក​ទាំងនេះ ត្រូវបាន​ផ្ទេរ​ឱ្យ​ស្ថិតក្រោម​ការគ្រប់គ្រង​ផ្ទាល់ របស់​រាជធានី​ខេត្ត​សាមី​នីមួយៗ ហើយ​ថា​ការគ្រប់គ្រង​បុគ្គលិក ពិសេស​ការ​តែង​តាំ​បុគ្គលិក​គឺជា​កិច្ចការ​ដ៏​រសើប ដែល​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ត្រូវមាន​តម្លាភាព ស្របតាម​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បានកំណត់​។​

​សម្ដេច​បាន​មានប្រសាសន៍​ដែរ​ថា ថវិកា​ដែល​បាន​ផ្ទេរ​មក គឺមាន​ភ្ជាប់​លក្ខខណ្ឌ ដែល​ទាមទារ​ឱ្យ​ក្រុមប្រឹក្សា និង​គណៈ​អភិបាល​ត្រូវមាន​ការយល់ដឹង​ឱ្យបាន​ច្បាស់ អំពី​គោលការណ៍ បែបបទ និង​នីតិវិធី​នៃ​ការគ្រប់គ្រង និង​ប្រើប្រាស់​ថវិកា​នេះ និង​មិនអាច​យក​ថវិកា​នេះ​ទៅប្រើ​ប្រាស់ ក្នុង​មុខងារ​ផ្សេង​ក្រៅពី​វិស័យ​សុខាភិបាល បានឡើយ ហើយគ​.​ជ​.​អ​.​ប ត្រូវ​សហការ​ជាមួយ​ក្រសួងសុខាភិបាល ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព​ន្លឿ​ន​ការផ្ទេរ​ទ្រព្យសម្បត្តិ​នានា ពាក់ព័ន្ធ​មុខងារ​សេវា​សុខាភិបាល មក​រាជធានី​ខេត្ត​ឱ្យបាន​រួចរាល់​មុន​ឆ្នាំ​២០២០​។​

​មុននឹង​បញ្ចប់ ក្នុងនាម​រាជរដ្ឋាភិបាល ក្នុងនាម គ​.​ជ​.​អ​.​ប សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ជាថ្មី​អំពី​ការតាំង​ចិត្ត​ដ៏​មុះ​មុត របស់​រាជរដ្ឋាភិបាល ក្នុង​ការបន្ត​អនុវត្ត​ឱ្យ​កាន់តែ​ស៊ីជម្រៅ នូវ​កំណែទម្រង់​វិមជ្ឈការ ដើម្បី​រួមចំណែក​ជំរុញ​ល្បឿន នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ ឱ្យ​កាន់​តែមាន​ភាព​ចម្រុងចម្រើន​៕

​ដោយ​៖​កូ​ឡាប​

 

spot_img
×