Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញ​មូលហេតុ​ចាប់​សកម្មជន អង្គការ មាតា​ធម្មជាតិ ជិះ​កង់​នៅ​កោះកុង ដែល​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ​

spot_img

​កោះកុង​៖ ករណី​ចាប់​ឃាត់​កង់​យុវជន​មួយក្រុម​នៅ​ស្រុក​កោះកុង ខេត្តកោះកុង ត្រូវបាន​មន្ត្រី​មួយរូប​បង្ហើប​ប្រាប់ថា ដោយសារតែ យុវជន​ទាំងនោះ​ជា​សកម្មជន អង្គការ មាតា​ធម្មជាតិ ដែល​ជិះ​ហែរ​ជា​ក្បួន​មក​ភ្នំពេញ មិនមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ ដែល​ធ្វើ​សកម្មភាព​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ ដែល​ករណីនេះ ក្រសួងបរិស្ថាន​បាន​ហៅ​ក្រុម​សកម្មជន អង្គការ មាតា​ធម្មជាតិ គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត​។​

​មន្ត្រី​រូបនោះ​បាន​ឲ្យ​ដឹង​ទៀតថា បើ​ជិះ​កង់​ជា​ក្រុម​ហាត់ប្រាណ​ដើម្បី​សុខភាព គ្មាន​អ្នកណា​ឃាត់ឃាំង​នោះទេ ដូច្នេះ​សូម​បងប្អូន​កុំ​យល់​ច្រ​លំ​ទៀត ។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន បាន​សេចក្តីប្រកាស​ព័ត៌មាន សូម​សម្តែង​ការសោកស្តាយ ចំពោះ​ក្រុម​ជន​មួយចំនួន​តូច ដែល​ចេញមក​សម្តែង ធ្វើជា​អ្នកការពារ​បរិស្ថាន ដោយ​បានធ្វើ​សកម្មភាព​ទាមទារ ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត ដែល​ស្ថិតក្រោម​ការរៀបចំ​មួយ ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។​

​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការទាមទារ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយបាន​បញ្ជូន​ក្រុមមន្ត្រី​ជំនាញ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេងៗ ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​តំបន់​នេះ​សម្បូ​ណ៍​ដោយ​សក្តានុពល ផ្នែក​ធនធានធម្មជាតិ និង​ជីវចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់ស្អាត ដែល​ត្រូវការពារ​និង​អភិរក្ស​។ នៅក្នុង​គម្រោង​ផែនការ ក្រសួង បរិស្ថាន រំពឹងថា នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» អំឡុង​ឆ្នាំ ២០២១ ខាងមុខនេះ ក្រោយ​ការបញ្ចប់​ការសិក្សា​រួចរាល់​។​

​ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុម​ជន​មួយចំនួន​តូច​នេះ នឹង​យល់ដឹង​កាន់តែច្បាស់ ហើយ​ខិតខំ​រៀនធ្វើការ​រួមគ្នា ប្រកបដោយ​ភាពស្មោះត្រង់ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ជៀសវាង​ការបង្កើត​ឆាកល្ខោន​សម្តែង និង​ធ្វើ​អាជីវកម្ម ដើម្បី​កេងចំណេញ​នយោបាយ​។​

​ទោះយ៉ាងណា ក្រុមយុវជន បានលើកឡើង​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា អាជ្ញាធរ និង​សមត្ថកិច្ច​ខេត្តកោះកុង បង្ហាញ​រូបភាព​បំបិទ​សិទ្ធិសេរីភាព​របស់​ពល​រដ្ឋ ដែល​ផ្តល់​សេរីភាព ជូន​ពលរដ្ឋ​គ្រប់រូប ក្នុងការ​ចូលរួម​ថែរក្សា​ធនធានធម្មជាតិ​។ ការលើកឡើង​នេះ ក្រោយពេល​អាជ្ញាធរ​ខេត្តកោះកុង បាន​ហាមឃាត់ និង​ចាប់យក​កង់​របស់​ក្រុមយុវជន ដែលជា​មធ្យោបាយ​ធ្វើដំណើរ ដោយ​ជិះ​កង់​ពី​ខេត្ត​នេះ​ឡើងមក​ភ្នំពេញ ដើម្បី​យក​ញត្តិ​មក​ដាក់ជូន​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ស្នើឱ្យ​ដាក់​តំបន់​កោះកុង​ក្រៅ ជា​តំបន់​អភិរក្ស​ធម្មជាតិ ឬ​តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​។​

​អ្នកសម្របសម្រួល​យុទ្ធនាការ​ជិះ​កង់​ម្នាក់ កញ្ញា រ៉ី រក្សា ប្រាប់​កាសែត​ក្នុងស្រុក​ថា យុទ្ធនាការ​ជិះ​កង់​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ដាក់​តំបន់​កោះកុង​ក្រៅ​ជា​តំបន់​អភិរក្ស​ធម្មជាតិ​សមុទ្រ​ជា​ផ្លូវការ ត្រូវបាន​អាក់ខាន ដោយសារ​អាជ្ញាធរ​ហាម​ឃាត់ និង​ចាប់យក​កង់​របស់​ពួកគាត់​ចំនួន ១០​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការ​ស្រុក​កោះកុង​។ បើទោះបីជា​អាជ្ញាធរ ចាប់យក​កង់​របស់​ពួកគាត់​ក៏ដោយ ប៉ុន្តែ ពួកគាត់​នៅតែ​បន្ត​យក​ញត្តិ​មក​ដាក់ជូន​រដ្ឋាភិបាល​នៅ​ភ្នំពេញ​ដដែល ដោយ​គ្រាន់តែ​ប្តូរ​ពី​ការ​ជិះ​កង់ មកជា​ការធ្វើដំណើរ​ដោយ​ថ្មើរជើង​វិញ​។

យុទ្ធនាការ​ជិះ​កង់​នេះ មាន​យុវជន​ជិត ២០​នាក់ គ្រោង​ធ្វើ​រយៈពេល ៤​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែមិថុនា ដោយ​ចេញដំណើរ​ពី​ទី​រួម​ខេត្តកោះកុង ឆ្ពោះ​មកកាន់​រាជធានី​ភ្នំពេញ​។ ក្នុងការ​ធ្វើដំណើរ​ចេញពី​ទី​រួម​ខេត្តកោះកុង​ប្រមាណ ៥០​គីឡូម៉ែត្រ​ម្សិលមិញ​នោះ ពុំមាន​ការរំខាន​ពី​សំណាក់​សមត្ថកិច្ច​នោះឡើយ​៕

ដោយ​៖​កូ​ឡាប​


spot_img
×