Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងទេសចរណ៍ សម្រេច​ដាក់ចេញ​វិធាន​សុវត្ថិភាព និង​ក្រម​ប្រតិបត្តិ​ពិសេស សម្រាប់​អាជីវកម្ម​ទេសចរណ៍​ធំៗ ៤ ក្នុងដំណាក់កាល និង​ក្រោយ​កូ​វីដ​១៩

spot_img

​ភ្នំពេញ ៖​ក្រសួងទេសចរណ៍ នៅ​ថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០២០ បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ដើម្បី​ចូលរួម​ដល់​ការបង្កើន​​ប្រសិទ្ធភាព ​នៃ​ការទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ Covid-19 ដែល​រាជរដ្ឋាភិបាលនិង​ក្រសួងសុខា​ភិ​បាល​​​បាន​ដាក់​ចេញ​និង​បន្ទាប់ពី​បាន​ពិគ្រោះ​ពិភាក្សា​យ៉ាង​ល្អិតល្អន់​ជាមួយ​ក្រសួងសុខាភិបាល និង​ផ្នែក​ឯកជន​រួចមក​ក្រសួងទេសចរណ៍​បានសម្រេច​ដាក់ចេញ​នូវ​ប្រកាស​ស្ដីពី វិធាន​សុវត្ថិភាព​ទេសចរណ៍​សម្រាប់​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​និង​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្តន៍​ក្នុង​អាជីវកម្ម​ធំៗ​ចំនួន ៤​។​

​ក្នុង​កិច្ចប្រជុំ​ថ្នាក់ដឹកនាំ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៣ ខែមិថុនា ឆ្នាំ​២០២០ ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត ថោង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ អង្គប្រជុំ​បានបង្ហាញ​ពី​ប្រភេទ​នៃ​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ទាំង ៤ នោះ​រួមមាន​៖

​អាជីវកម្ម​សេវាកម្ម​ស្នាក់នៅ​ទេសចរណ៍​។ អាជីវកម្ម​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍​។

​អាជីវកម្ម​សេវាកម្ម​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក ផ្លូវគោក និង អាជីវកម្ម​រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍​។​

​ក្នុង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ទាំងនេះ ក៏មាន​ការកំណត់​នូវ​លក្ខខណ្ឌ​ជាច្រើន ក្នុងនោះ​មាន​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​ដោយ​ខាន​ពុំបាន និង​លក្ខខណ្ឌ​ជម្រើស ដែល​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ត្រូវ​រៀបចំ​បំពេញ​តាម​លក្ខខណ្ឌ​កំណត់​។​

​ក្នុងករណី​ដែល​មូលដ្ឋាន​អាជីវកម្ម​សេវាកម្ម​ទេសចរណ៍​ខាងលើ មិនបាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​ទេនោះ​អាច​នឹង​ប្រឈម​នឹង​ការព្យួរ​អាជ្ញាប័ណ្ណ​ទេសចរណ៍​មួយរយៈ ប៉ុន្តែ​ក្នុងករណី​ដែល​បាន​បំពេញ​នូវ​លក្ខខណ្ឌ​តម្រូវ​បានល្អ​បន្ថែម​ដោយ​លក្ខខណ្ឌ​ជម្រើស​មួយចំនួនទៀត អាច​នឹង​បានទទួល​នូវ​ប័ណ្ណ​បញ្ជាក់ និង​លិខិត​សរសើរ (Label) ​ទទួលស្គាល់​គុណភាព​សេវាកម្ម​ក្នុងដំណាក់កាល Covid-19 ពី​ក្រសួងទេសចរណ៍ ដែល​អាច​បិទ​បង្ហាញ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ឬ​ចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម និង​គេហទំព័រ​របស់​ក្រសួងទេសចរណ៍​បាន​។​

​ជាមួយនឹង​ការដាក់ចេញ​ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​ខាងលើ ក្រសួងទេសចរណ៍​ក៏​ដាក់ចេញ​នូវ​សេចក្តីណែនាំ «​អ្វីដែល​គួរ​ធ្វើ និង​អ្វី​មិនគួរ​ធ្វើ​» សម្រាប់​វិស័យ​ទេសចរណ៍ ក្នុងដំណាក់កាល​កូ​វីដ​១៩​នេះ​ជា​ភាសា​ខ្មែរ និង​ភាសាបរទេស​ផងដែរ​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​ថ្លែងថា ប្រកាស​ស្តីពី​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ក្រម​ប្រតិបត្តិ​សម្រាប់​អនុវត្តន៍​នេះ​នឹងត្រូវ​ប្រកាស​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×