Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រី​ទេសចរណ៍ ស្នើ​ក្រុមហ៊ុន​ព្រី​ន​ម៉ា​ណ័​រ បង្កើត​គម្រោង​នាវា​ទេសចរណ៍​ធំៗ​តាម​ទន្លេមេគង្គ ខណៈ​កម្ពុជា​មិនទាន់បាន​ទាញ​សក្ដានុពល ពី​ទន្លេមេគង្គ​បាន​ច្រើន​នៅឡើយ​

spot_img

​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​រា​ធានី​ភ្នំពេញ ក៏ដូចជា នៅ​កម្ពុជា​ឱ្យមាន​ភាពល្អប្រសើរ​មួយកម្រិត​ទៀត ឯកឧត្ដម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើ​ទៅកាន់​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត (Prince Manor Resort) លើ​គម្រោង​រៀបចំ​ដំណើរការ​នាវា​ទេសចរណ៍​នៅតាម​ដង​ទន្លេមេគង្គ ។ ឯកឧត្ដម​រដ្ឋមន្ត្រី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​កម្ពុជា​មិនទាន់បាន​ទាញ​សក្ដានុពល ពី​ទន្លេមេគង្គ​បាន​ច្រើន​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​ក្រសួងទេសចរណ៍ បាន​ខិតខំ​ជំរុញឱ្យមាន​ការវិនិយោគ កាន់តែច្រើន​នៅតាម​ដង​ទន្លេ​នេះ​”​។​

​សំណើ​នេះ​ត្រូវបាន​លើកឡើង ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន ជាមួយ​លោក ស៊ូ ជី​ស៊ី​ង (Xu Zhixing) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រី​ន​រៀល​អេ​ស្តេត​គ្រុប (Prince Real Estate Group) និង​ប្រតិភូ​គណៈ​គ្រប់គ្រង​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​
​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត មាន​ទីតាំង​ស្ថិតនៅ​ស្រុក​កៀនស្វាយ ខេត្តកណ្ដាល (​ចន្លោះ​ផ្លូវជាតិ​លេខ​១ និង​ទន្លេមេគង្គ​ក្រោម​)​។​

​លោក ស៊ូ ជី​ស៊ី​ង បាន​លើកឡើងថា នៅ​ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ Prince Real Estate Group ចង់​បើកសម្ពោធ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​ជា​ផ្លូវការ ទើប​មកសុំ​ការណែនាំ​ពី​ឯកឧត្ដម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​ជាមុន​។ ចំពោះ​ការលើកឡើង​នេះ ត្រូវបាន​ឯកឧត្ដម​រដ្ឋមន្ត្រី​បង្ហាញ​ការពេញចិត្ត ប៉ុន្តែ​ឯកឧត្ដម​មានប្រសាសន៍​ថា ក្នុងខណៈ​នេះ​កម្ពុជា​កំពុង​ស្ថិតក្នុង​ដំណាក់​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ដូច្នេះ​អាច​នឹង​រង់ចាំ​ពេលវេលា​សមស្រប​ណាមួយ ដែល​រាជរដ្ឋាភិបាល​មានការ​អនុញ្ញាត​។​

​លោក ស៊ូ បាន​ទទួលយក​យោបល់​របស់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​រង់ចាំ​អនុវត្តតាម​ការសម្រេច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​បាន​បន្តថា នៅពេល​សម្ពោធ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​រួចរាល់ និង​បន្ទាប់ពី​ទទួលបាន​ការគាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា​ហើយ​នោះ ក្រុមហ៊ុន​នឹង​ចាប់​អនុវត្ត​គម្រោង​នាវា​ទេសចរណ៍​នេះ នៅ​ឆ្នាំ​២០២០-២០២៣ ដោយ​ចង់ឱ្យមាន​កំពង់ផែ​ទេសចរណ៍​ស្ដង់ដា​មួយ​នៅ​មជ្ឈមណ្ឌល​ព្រី​ន​ម៉ា​ណ័​រ​រី​សត​តែម្ដង​។​

​ចំពោះ​គម្រោង​បង្កើតឱ្យមាន​កំពង់ផែ​ទេសចរណ៍​នេះ​ទៀតសោត ត្រូវបាន​ឯកឧត្តម​រដ្ឋមន្ត្រី​សម្ដែង​ការគាំទ្រ​ពេញទំហឹង ហើយ​សន្យាថា​នឹង​ខិតខំ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ពាន់ ដើម្បី​សុំ​ការសម្រេច​ពី​រាជរដ្ឋាភិបាល​គាំទ្រ​ដល់​ការចូល​ចត​របស់​នាវា​ទេសចរណ៍​។​

​ឯកឧត្តម​បណ្ឌិត ថោង ខុន បានបង្ហាញ​គោលបំណង​ចង់ឱ្យមាន​នាវា​ទេសចរណ៍​ធំៗ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​នៅពេល​មាន​កិច្ចប្រជុំ​ធំៗ​លក្ខណៈ​អន្តរជាតិ​នានា កម្ពុជា​នឹង​បាន​អញ្ជើញ​ថ្នាក់ដឹកនាំ​មកពី​អន្តរជាតិ និងរ​សម្ដេច​តេ​ជោ ហ៊ុន សែន ឡើង​ជិះ​លើ​នាវា​ទេសចរណ៍ ពិសា​ភោជនាហារ ទស្សនា​ទេសភាព​ល្អ​ឯក​តាម​ដង​ទន្លេមេគង្គ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ស្នើឱ្យ Prince Real Estate Group សម្លឹង​លើ​ការវិនិយោគ​ទេសចរណ៍​នៅ​ខេត្តសៀមរាប ខណៈដែល​រាជរដ្ឋាភិបាល​កំពុង​រៀ​ប​ចំ​ផែនការមេ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ក្នុងនោះ​ក៏មាន​គម្រោង​ផែន​ការកសាង​ទីក្រុង​សៀមរាប​ថ្មី គម្រោង​ទេសចរណ៍​នៅ​ខេត្តកំពង់ធំ ពិសេស​ជុំវិញ​តំបន់​ប្រាសាទសំបូរព្រៃគុក​ផងដែរ​។​

​សូមជម្រាបថា ទន្លេមេគង្គ​ហូរ​កាត់​ពី​តំបន់​ទី​បេ ប្រទេស​ចិន មក​ប្រទេស​មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា និង​វៀតណាម​មាន​ប្រវែង​ជាង ៤.០០០ គីឡូម៉ែត្រ ក្នុងនោះ​ហូរ​កាត់​ប្រទេស​កម្ពុជា​ប្រមាណ​ជាង ៤០០ គីឡូម៉ែត្រ ខណៈ​ប្រជាជន​ប្រមាណ ៥.០០០.០០០ នាក់​ក៏​កំពុង​ទទួលផល​ពី​ទន្លេមេគង្គ​នេះ​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹង​ទៀតថា សក្ដានុពល​ធំ​នៅ​ទន្លេមេគង្គ​មាន​វិស័យ​កសិកម្ម និង​វិស័យ​ទេសចរណ៍ ប៉ុន្តែ​កម្ពុជា​មិនទាន់បាន​ទាញ​សក្ដានុពល​ពី​ទន្លេមេគង្គ​បាន​ច្រើន​នៅឡើយ​ទេ ដូច្នេះហើយ​ទើប​ក្រសួងទេសចរណ៍ បាន​ខិតខំ​ជំរុញឱ្យមាន​ការវិនិយោគ​កាន់តែច្រើន​នៅតាម​ដង​ទន្លេ​នេះ​៕

ដោយ​៖​កូ​ឡាប​

spot_img
×