Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់​ទូរស័ព្ទ iPhone អាច​ប្រើ​កូនសោ​សុវត្ថិភាព USB/NFC (security keys) ដើម្បី​ចូល​គណនី Google

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានចេញ​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​៥​ខែមិថុនា​នេះ​ថា ប្រព័ន្ធ​សុវត្ថិភាព នៅតែ​ជា​រឿង​សំខាន់​ចំពោះ​ការការពារ​ឯកជន​ភា​ព ក៏ដូចជា​សុវត្ថិភាព​លើ​ឯកសារ​សំខាន់ៗ ពី​ការ​លួច​ចូល​ពី​ក្រុម​ជនអនាមិក​។ ការប្រើ​លេខ​សម្ងាត់​តែមួយ​ត្រូវបាន​ចាត់ទុកថា មិន​គ្រប់គ្រាន់​សម្រាប់​ការពារ​គណនី​សំខាន់ៗ​ដូចជា គណនី​ធនាគារ​ជាដើម​។ ដូច្នេះហើយ​ទើប​មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​តាមរយៈ two-factor authentications ដែល​ទាមទារ​ឱ្យមាន​ការបញ្ជាក់​លេខ​សម្គាល់​តាមរយៈ​លេខ​ទូរ​សព្ទ ឬ​អ៊ី​ម៉ែ​ល បន្ថែម​លើ​លេខ​សម្ងាត់ ទើប​អាច​ចូលក្នុង​គណនី​បាន​។ ប៉ុន្តែ​វិធី​បញ្ជាក់​នេះ​ក៏​នៅមាន​ភាព​ចន្លោះប្រហោង​ក្នុងការ​ការពារ​សុវត្ថិភាព​ដែរ ដោយ​ជនអនាមិក​អាច​ប្រើ​វិធី​ផ្សេងៗ​ដើម្បី​លួច​ទទួលបាន​លេខ​បញ្ជាក់​ទាំងនោះ​។​

​ដើម្បី​ការពារ​សុវត្ថិភាព​ឱ្យ​កាន់តែ​ល្អ ក្រុមហ៊ុន​មួយចំនួន​បាន​បង្កើត​កូនសោ​សុវត្ថិភាព​ដូចជា Titan Security Keys និង YubiKey 5Ci ដើម្បី​ចូលក្នុង​គណនី ហើយ​ថ្មីៗ​នេះ​ក្រុមហ៊ុន Google ដោយបាន​សហការ​ជាមួយ​ក្រុមហ៊ុន Apple បាន​កែសម្រួល​ការផ្ទៀងផ្ទាត់​ពីរ​ជំហាន (2-Step Verification) នេះ​ឱ្យ​កាន់តែ​ល្អជា​មួយ​ឧបករណ៍​ប្រព័ន្ធ iOS ដោយ​អាចឱ្យ​អ្នកប្រើប្រាស់ iPhone និង iPad អាច​បើក​សោ​ចូល​ប្រើ​គណនី Google តាមរយៈ USB/NFC security keys បាន​។​

​ជាមួយ​ការកែសម្រួល​នេះ លោកអ្នក​គ្រាន់តែ​ដាក់​កូនសោ​សុវត្ថិភាព​ដែលមាន​ប្រព័ន្ធ NFC នៅ​ជិត iPhone បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ​អ្នក​ប្រើ និង​លេខ​សម្ងាត់​រួចរាល់ ដើម្បី​ដោះ​លេខ​កូដ​សុវត្ថិភាព​។ សម្រាប់ iPad Pro លោកអ្នក​អាច​ដោះ​លេខ​កូដ​តាមរយៈ USB-C បាន​។ ការប្រើ​កូនសោ​សុវត្ថិភាព​សម្រាប់ 2-Step Verification នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជា​វិធី​ការពារ​ដ៏​ខ្លាំង​បំផុត​ហើយ​ដែល​ក្រុមហ៊ុន Google ទាមទារ​សម្រាប់​ប្រើ​ជាមួយ​កម្មវិធី​ការពារ​កម្រិត​ខ្ពស់ (Advanced Protection Program)​។​

​ដើម្បី​ប្រើប្រាស់​មុខងារ​នេះ​ជាមួយ​ប្រព័ន្ធ NFC ឬ USB-C លោកអ្នក​ត្រូវមាន​ទូរ​សព្ទ iPhone ឬ iPad ដែលមាន​ប្រព័ន្ធ​ដំណើរការ iOS ចាប់ពី 13.3 ឡើងទៅ និង​មាន​កូនសោ​សុវត្ថិភាព USB/NFC​។ សូមបញ្ជាក់​ផងដែរ​ថា សម្រាប់​អ្នកប្រើប្រាស់​ធម្មតា​មួយចំនួនធំ មិនចាំបាច់​ប្រើ​កូនសោ​សុវត្ថិភាព​ក៏បាន​ដែរ ប៉ុន្តែ​ត្រូវ​ប្រើ​លេខ​សម្ងាត់​ដែល​ពិបាក​នឹង​ស្មាន​ដូចដែល​នាយកដ្ឋាន​បាន​ណែនាំ​រួចមកហើយ ដោយឡែក​ចំពោះ​អ្នក​ដែល​ប្រើប្រាស់​ទាក់ទង​ទៅនឹង​ឯកសារ​សំខាន់ៗ និង​អ្នកគ្រប់គ្រង​ប្រព័ន្ធ​កុំព្យូទ័រ​ព័ត៌មានវិទ្យា គួរតែ​ប្រើ​កូនសោ​សុវត្ថិភាព​នេះ​ដើម្បី​ការពារ​គណនី​របស់​អតិថិជន ក៏ដូចជា​ឯកសារ​របស់​ពួកគេ​ផ្ទាល់​គឺជា​រឿង​ល្អប្រសើរ​បំផុត​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×