Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សាធារណការ ប្រកាសបើកចំហ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា​ក្នុងកម្ពុជា ដើម្បី​ផ្ដល់​ជម្រើស​ឱ្យ​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាពលរដ្ឋ​

spot_img

ភ្នំពេញ ​៖ ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល បាន​សង្កត់ធ្ងន់ថា ក្រសួង បើកចំហ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា​ក្នុង កម្ពុជា ដើម្បី​ផ្ដល់​ជម្រើស​ឱ្យ​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាពលរដ្ឋ​។ ឯកឧត្តម​បានប្រកាស​បែបនេះ​ក្នុងពេលដែល​​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ “J Trust Royal Bank” ចង់​ចូលរួមចំណែក​ជា​ដៃគូ​ផ្ដល់​ជម្រើស​ទូទាត់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។

​ថ្ងៃ​សុក្រ ទី​៥ ខែមិថុនា ឆ្នាំ​២០២០ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​ធនាគា​រ J Trust Royal Bank ដឹកនាំ​ដោយ​លោកស្រី ហង់ ជូន ណា​រីតា នាយិកា នាយកដ្ឋាន​សេវាកម្ម​ធនាគារ​ផ្នែក​សាជីវកម្ម​។​

​ជំនួប​ពិភាក្សា​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​បង្កើត​កិច្ចសហការ​រវាង​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និង​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុងការ​ផ្ដល់​ជម្រើស​ទូទាត់​សេវាសាធារណៈ​ជូន​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ជំរុញ​សេវាសាធារណៈ​ឲ្យ​បាន​ឆាប់រហ័ស តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។​

ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​ជម្រាបជូន​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ថា​៖ ការបង់​កម្រៃ​សេវាសាធារណៈ ទាំងអស់​មក​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ត្រូវបាន​ធ្វើឡើង​តាមរយៈ​ភ្នាក់ងារ​ហិរញ្ញវត្ថុ និង ធនាគារ​ជា​ដៃគូរ ដែល​រួមមាន​៖ ស្មា​ត​លុយ លី​ហួរ តារា​ផេ ធនាគារ​អេស៊ីលីដា ធនាគារ​កម្ពុ និង​ធនាគារ វី​ង ដែល​អាច​បង្ក​ភាពងាយស្រួល និង​ចំណេញ​ពេលវេលា​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​ទូទាត់​ថ្លៃ​សេវាសាធារណៈ​ទាំងនោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បើកចំហ​ក្នុងការ​សហការ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​នានា​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ផ្ដល់​ជម្រើស​ឱ្យ​កាន់តែច្រើន​ថែមទៀត​ជូន​ប្រជាពលរដ្ឋ ក្នុងការ​ទូទាត់​ថ្លៃ​សេវាសាធារណៈ ចំណេញ​ពេលវេលា និង​ដើម្បី​កាត់បន្ថយ​ការចំណាយ​ក្រៅផ្លូវការ​នានា​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានផ្ដល់​អនុសាសន៍​ឱ្យ​ប្រតិភូ​ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ សិក្សា​អំពី​នីតិវិធី និង​បច្ចេកទេស​ជាមួយ​នាយកដ្ឋាន​ព័ត៌មានវិទ្យា និង​ទំនាក់ទំនង​សាធារណៈ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ការតភ្ជាប់​រវាង​ប្រព័ន្ធ​ទាំងពីរ​៕

ដោយ​៖​កូ​ឡាប​

spot_img
×