Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល​សម្រេច​បង្កើត​គណៈកម្មការ​ត្រួត​ពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង​

spot_img

​ភ្នំពេញ​÷ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ចុះហត្ថលេខា​លើ​សេចក្តីសម្រេច ស្តីពី​ការបង្កើត​គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះកុង​ក្រៅ ខេត្តកោះកុង ដែលមាន​សមាសភាព​ម​ក​ពី​ក្រសួង នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​ថ្នាក់​ខេត្ត ដែលជា​អាជ្ញាធរ​ដែនដី នេះ បើ​យោងតាម​សេចក្តីសម្រេច​លេខ​៦៣ សសរ ចុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​

​សូមបញ្ជាក់ថា កោះកុង​ក្រៅ ស្ថិតក្នុង​ដែន​សមត្ថកិច្ច នៃ​រដ្ឋបាល​ខេត្តកោះកុង ។​

គណៈកម្មការ​ត្រួតពិនិត្យ​ការអភិវឌ្ឍន៍​នៅ​កោះ​កង​ក្រៅ ខេត្តកោះកុង ដែលមាន​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ជា​ប្រធាន និង​លោក សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជា​អនុប្រធាន ព្រមទាំង​សមាជិក​ចំនួន​៨​រូប​ផ្សេងទៀត​។​

​គណៈកម្មការ​នេះ​មាន​ភារកិច្ច​ត្រួតពិនិត្យ​លើ​គម្រោង​អភិវឌ្ឍន៍​កោះកុង​ក្រៅ​ទាំងមូល​របស់​ក្រុមហ៊ុន​កោះកុង អេស អ៉ី ហ្សិត ខូ​អិ​ល​ធី​ឌី ដែល​រាជរដ្ឋាភិបាល​ប្រគល់ជូន​ឲ្យ​អភិវឌ្ឍន៍​តាម សជណ ចុះ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​តំបន់​កោះកុង​ក្រៅ យុវជន​មួយក្រុម​ដែលជា​សកម្មជន អង្គការ មាតា​ធម្មជាតិ បាន​ជិះ​ហែរ​ជា​ក្បួន​មក​ភ្នំពេញ មិនមាន​លិខិតអនុញ្ញាត​ពី​អាជ្ញាធរ ធ្វើ​សកម្មភាព​ទាមទារ​ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ ដែល​ករណីនេះ ក្រសួងបរិស្ថាន​បាន​ហៅ​ក្រុម​សកម្មជន អង្គការ មាតា​ធម្មជាតិ គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើនេះ នៅ​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​នេះ ក្រសួងបរិស្ថាន បាន​សេចក្តីប្រកាស​ព័ត៌មាន សូម​សម្តែង​ការសោកស្តាយ ចំពោះ​ក្រុម​ជន​មួយចំនួន​តូច ដែល​ចេញមក​សម្តែង ធ្វើជា​អ្នកការពារ​បរិស្ថាន ដោយ​បានធ្វើ​សកម្មភាព​ទាមទារ ឱ្យមាន​ការសង្គ្រោះ​តំបន់​កោះកុង​ក្រៅ នៃ​ខេត្តកោះកុង ឱ្យ​ដាក់​ជា​តំបន់​ការពារ​។ នេះ​គ្រាន់តែ​ជា​លេស ដើម្បី​បិទបាំង​នូវ​ឧបាយកល​នយោបាយ​ទុច្ចរិត ដែល​ស្ថិតក្រោម​ការរៀបចំ​មួយ ដ៏​ច្បាស់លាស់​ប៉ុណ្ណោះ​។​

​ក្រសួងបរិស្ថាន សូម​គូសបញ្ជាក់ថា ទោះបីជា​គ្មាន​យុទ្ធនាការ ឬ​ការទាមទារ​ណាមួយ​ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួងបរិស្ថាន បាន​យកចិត្តទុកដាក់​ខ្ពស់ លើ​ការងារ​ការពារ និង​អភិរក្ស​តំបន់​កោះកុង​ក្រៅ​នេះ ដោយបាន​បញ្ជូន​ក្រុមមន្ត្រី​ជំនាញ បានធ្វើ​ការសិក្សា​ស្រាវជ្រាវ រៀបចំ​ឯកសារ និង​ទិន្នន័យ​ផ្សេងៗ ទាក់ទង​នឹង​តំបន់​កោះកុង​ក្រៅ​នេះ តាំងពី​ឆ្នាំ ២០១៦ មកម្ល៉េះ ដើម្បី​ដាក់​តំបន់​នេះ ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» ព្រោះ​តំបន់​នេះ​សម្បូ​ណ៍​ដោយ​សក្តានុពល ផ្នែក​ធនធានធម្មជាតិ និង​ជីវចម្រុះ និង​មាន​ឆ្នេរ​ខ្សាច់​ល្អ​ស្រស់ស្អាត ដែល​ត្រូវការពារ​និង​អភិរក្ស​។ នៅក្នុង​គម្រោង​ផែនការ ក្រសួង បរិស្ថាន រំពឹងថា នឹង​អាច​ប្រកាស​តំបន់​កោះកុង​ក្រៅ​នេះ​ជា «​ឧទ្យាន​ជាតិ​សមុទ្រ​» អំឡុង​ឆ្នាំ ២០២១ ខាងមុខនេះ ក្រោយ​ការបញ្ចប់​ការសិក្សា​រួចរាល់​។​

​ក្រសួងបរិស្ថាន សង្ឃឹមថា ក្រុម​ជន​មួយចំនួន​តូច​នេះ នឹង​យល់ដឹង​កាន់តែច្បាស់ ហើយ​ខិតខំ​រៀនធ្វើការ​រួមគ្នា ប្រកបដោយ​ភាពស្មោះត្រង់ ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​បុព្វហេតុ​បរិស្ថាន និង​ធនធានធម្មជាតិ ហើយ​ជៀសវាង​ការបង្កើត​ឆាកល្ខោន​សម្តែង និង​ធ្វើ​អាជីវកម្ម ដើម្បី​កេងចំណេញ​នយោបាយ​៕

ដោយ​៖​កូ​ឡាប​

   

spot_img
×