Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូម​ប្រជាពលរដ្ឋ​កុំ​ចាញ់បោក ការឃោសនា អូសទាញ របស់​ក្រុម​មេខ្យល់ ក្នុងការ​ឆ្លងដែន​ដោយ​ខុសច្បាប់ , មេខ្យល់​៣​នាក់ បញ្ជូនទៅ​តុលាការ​

spot_img

​បាត់ដំបង​៖ នៅក្នុង​អំឡុង​ពេលដែល​ស្ថានភាព នៃ​ការគំរាមកំហែង​ដោយ​ករណី​Covid-19 នៅតែ​បន្ត​មាន​ជា​រៀងរាល់ថ្ងៃ រីឯ​ការធ្វើដំណើរ​វិល​ចូលមកក្នុង​ប្រទេស​វិញ របស់​ប្រជាពលរដ្ឋ​យើង​នៅតែមាន​ជា​បន្តបន្ទាប់​នោះបាន​កត់សម្គាល់​ឃើញថា មានការ​លបលួច​ឆ្លងដែន​ដោយ​ខុសច្បាប់ ទៅ​ប្រកបមុខរបរ ឬ​បំពេញការងារ​ផ្សេងៗ នៅក្នុង​ប្រទេស​ថៃ ពី​សំណាក់​ប្រជាពលរដ្ឋ ក៏​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ទោះបី​ជាមាន​កិច្ចខិតខំ​ប្រឹងប្រែង​ទប់ស្កាត់​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​មូលដ្ឋាន​យ៉ាងណាក៏ដោយ ។​

​ជាក់ស្តែង​កាលពី​រសៀល​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​១៣​និង​៤០​នាទី កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន ដែលមាន​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន ជា​អធិការនគរបាល​ស្រុក និង​កម្លាំង​នគរបាល​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក​លេខ​៨១៧ ដែលមាន​លោក​វរសេនីយ៍ឯក ប្រាក់ សាយ ជា​មេបញ្ជាការ​វរៈ បាន​សហការ​ជាមួយ​កម្លាំង​ផ្នែក​សឹក​រង​ស្រុក​សំពៅ​លូន និង​កម្លាំង​ទា​ហ៊ាន​ឈុន​ត​ខ្មៅ​នៃ​ព្រះរាជាណាចក្រ​ថៃ ក្នុង​កងអនុសេនាធំ​លេខ​១៣០៣ ធ្វើការ​ទប់ស្កាត់​ទាន់ពេលវេលា​ចំពោះ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​លបលួច​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ដោយ​ខុសច្បាប់​ក្រោម​ការ​បំផុស​ឃោសនា​អូសទាញ​ដោយ​ក្រុម​(​មេខ្យល់​)​ផង​នោះ​មាន​ចំនួន​៣៨​នាក់​ក្នុងនោះ​ស្រី​ចំនួន​១៧​នាក់ ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​និង​បញ្ជូន​មកឱ្យ​សមត្ថកិច្ច​យើង​វិញ​។​

​ចំពោះ​បញ្ហា​នេះ​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន បាន​បញ្ជាក់ថា បន្ទាប់ពី​ទទួលបាន​នូវ​ប្រជាពលរដ្ឋ​ទាំង​៣៨​នាក់​នេះ​មន្ត្រី​សុខាភិបាល​ដែល​ប្រចាំការ​នៅ​មូលដ្ឋាន​បានធ្វើការ តាម​ជំនាញ​(​ពិនិត្យ​សុខភាព​) រួចរាល់​ទើប​ប្រគល់​មកឱ្យ​នគរបាល​ស្រុក ធ្វើការ​សាកសួរ​បំភ្លឺ ហើយ​ក្នុងចំណោម​នោះ​មាន​ក្រុម (​មេខ្យល់​) ចំនួន​៣​នាក់ ដែលជា​អ្នកដឹកនាំ​ឱ្យមាន​ការ​លួច​ឆ្លងដែន ដោយ​ខុសច្បាប់​នេះ ដែល​ក្នុង​ចំនួន​៣​នាក់ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​កសាង​សំណុំរឿង​បញ្ជូន មក​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​តាម​នីតិវិធី រីឯ​ប្រជាពលរដ្ឋ​ចំនួន ៣៥​នាក់ បានធ្វើ​ការអប់រំ​ណែនាំ​ពួកគាត់​កុំឱ្យ​ចាញ់បោក​ការឃោសនា អូសទាញ​ពី​សំណាក់​ក្រុម​មេខ្យល់​ទៀត រួច​បាន​អនុញ្ញាតឱ្យ​ពួកគាត់​វិល ត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​។​

​ក្នុងនាម​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង សូម​ធ្វើការ​អំពាវនាវ ចំពោះ​ប្រជាពលរដ្ឋ​យើង សូម​កុំឱ្យ​ចាញ់បោក​ការឃោសនា​អូសទាញ ពី​សំណាក់​ក្រុម (​មេខ្យល់​) ដែល​នាំ​បងប្អូន​ឱ្យចូល​ទៅក្នុង​ទឹកដី​ថៃ ដោយ​ខុសច្បាប់​នេះ ឱ្យសោះ ព្រោះនេះ​គឺជា​រឿង​ខុសច្បាប់​ហើយក៏​ប្រឈម​ខ្លាំង​ជាមួយនឹង​ការ​ណី​ឆ្លង​ជំងឺ Covid-19​ផងដែរ​៕

​ដោយ​៖​កូ​ឡាប​

spot_img
×