Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សេចក្ដី​លោភលន់​រមែង​ជួប​នូវ​ការខាតបង់ ! បញ្ជូន​ជនល្មើស​ទាំងពីរ​នាក់ ទៅ​តុលាការ ឆបោក​ជនរងគ្រោះ​ម្នាក់ តាម​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក ឲ្យ​ផ្ញើ​លុយ​ទៅ​ពួកគេ ជា​បន្តបន្ទាប់​ចំនួន​៣​ដង​

spot_img

​ភ្នំពេញ​៖ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ល្បិច​ចោរ​ដដែល តែ​នៅ​អាច​បោក​បានជា​ហូរហែរ​! សេចក្ដី​លោភលន់​ដោយ​គ្មាន​ការពិចារណា រមែង​ជួប​នូវ​ការខាតបង់​តាម​ក្រោយ​ជា​ដរាប​!​។​

​ជានិច្ចកាល​សមត្ថកិច្ច តែងតែ​បង្ក្រាប​ករណី​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ជា​ហូរហែរ​និង​តែងតែ​ធ្វើការ​អំពាវនាវ​ផ្សព្វផ្សាយ​ជាប់​ជាប្រចាំ ដើម្បី​ជៀសវាង​ជនល្មើស​យក​ល្បិច​ដដែល​នេះ​ទៅ​បោកប្រាស់​អ្នកផ្សេង​ទៀត​បាន ក្នុងនោះ​ផងដែរ​សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ក៏​ធ្លាប់បាន​ចេញមុខ​អំពាវនាវ​ដោយផ្ទាល់ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​តោង​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ កុំ​មានចិត្ត​លោភលន់ កុំ​ចង់បាន​អ្វីដែល​មិនមាន​ប្រភព ជាពិសេស​លាភ​សក្ការ​ដែល​នៅ​សុខៗ​មក​ដោយ​ឯកឯង ដោយ​មិនមាន​ការប្រឹងប្រែង​សោះ​នោះ ច្រើនតែ​ជា​អន្ទាក់​នាំ​យើង​ធ្លាក់​ទៅក្នុង​ការខាតបង់​។​

​ទោះបី​មានការ​អំពាវនាវ​និង​ផ្សព្វផ្សាយ​យ៉ាងណា ក៏​គេ​សង្កេតឃើញថា នៅមាន​ជនរងគ្រោះ​មួយចំនួន នៅតែ​ចាញ់បោក​ល្បិច​ចោរ​ដដែលៗ​នេះ​ជា​ដដែល​។​

​ជាក់ស្ដែង​នៅ​ព្រឹក​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បា​នប​ញ្ចូ​ន​ជន​ឆបោក​ឲ្យ​ផ្ញើ​លុយ​តាម​វី​ង​ពីរ​នាក់​គូរ​កន ជនជាតិ​នី​ហ្សេ​រី​យ៉ា ភេទ​ប្រុស ឈ្មោះ IWUJI DES MOND អាយុ​៣១​ឆ្នាំ និង​ជនជាតិខ្មែរ ភេទ​ស្រី ឈ្មោះ ញឹក សា​រ៉ា​ត អាយុ​៣៥​ឆ្នាំ ទៅកាន់​តុលាការ ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់ បន្ទាប់ពី​ពួកគេ​ទាំងពីរ​នាក់ បាន​រៀប​គម្រោង​បោកប្រាស់​ជនរងគ្រោះ​ម្នាក់ ភេទ​ស្រី អាយុ​៤៧​ឆ្នាំ ឲ្យ​ផ្ញើ​លុយ​ទៅ​ពួកគេ​ជា​បន្តបន្ទាប់​ចំនួន​៣​ដង សរុប ៨.៥០០$ តែ​ជនរងគ្រោះ​ទើបតែ​ផ្ញើ​បាន​៣.៥០០$ ក៏មាន​ការសង្ស័យ ទើប​ប្ដឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ធ្វើការ​ស្រាវជ្រាវ​ជា​បន្តបន្ទាប់ កំណត់​មុខសញ្ញា​ជនសង្ស័យ​បាន រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជាក់ស្ដែង បញ្ជូនទៅ​តុលាការ​ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាមច្បាប់​។​

​ល្បិចកល​ដែល​ជនល្មើស​ទាំងពីរ​នាក់​ខាងលើ បាន​ប្រើ​សម្រាប់​ធ្វើការ​ឆបោក​ជនរងគ្រោះ គឺ​មិន​ខុសពី​ល្បិច​ជនល្មើស​មុនៗ​ទេ ដោយ​ដំបូង​ឡើយ​ពួកគេ​បាន​ប្រើ​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​ក ជា​ឈ្មោះ​បរទេស (She feek Wilson) ទំនាក់ទំនង​មកកាន់​ជនរងគ្រោះ​ដោយ​ប្រាប់ថា​រូបគេ​រស់នៅ​សហរដ្ឋអាមេរិក​។ បន្ទាប់ពី​បាន​ឆាត​រកគ្នា​ទៅវិញទៅមក​អស់​រយៈពេល​៣​ខែ ជនល្មើស​ក៏បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ថា គាត់​ជិត​ចូលនិវត្តន៍​ហើយ ដោយ​ស្រលាញ់​ចូលចិត្ត និង​មាន​និស្ស័យ​ជាមួយ​ជនរងគ្រោះ គាត់​ចង់​ផ្ញើ​ប្រា​ក់មក​ឲ្យ​ជនរងគ្រោះ ដើម្បី​ទិញ​ផ្ទះ​នៅ​ស្រុក​ខ្មែរ ទុក​សម្រាប់​ពេល​គាត់​មកលេង​ស្រុក​ខ្មែរ​មានផ្ទះ​នៅ​ស្រាប់ ហើយ​គាត់​ប្រាប់ទៀតថា ពេល​គាត់​ផ្ញើ​លុយ​មក នឹង​ឲ្យ​គេ​ទំនាក់ទំនង​មក​ជនរងគ្រោះ​តាម​ទូរស័ព្ទ ហើយ​ជនរងគ្រោះ​ក៏​ប្រាប់​លេខ​ទូរស័ព្ទ​ទៅ​ជនល្មើស​។​

​ក្រោយមក​ប៉ុន្មាន​ថ្ងៃ​ក៏មាន​លេខ​ទូរស័ព្ទ 096 388 5014 បាន​ហៅ​មកកាន់​ជនរងគ្រោះ ឲ្យ​ផ្ញើ​លុយ​ទៅ​គេ ដើម្បី​រៀបចំ​ឯកសារ​ដក​ប្រាក់​ដែល​គេ​ផ្ញើ​មកពី​សហរដ្ឋអាមេរិក ពេលនោះ​ជនរងគ្រោះ​បាន​ប្រាប់​ទៅវិញ​ថា ជួយ​ដឹកជញ្ជូន​លុយ​ទាំងនោះ​មកដល់​ផ្ទះ​របស់​ខ្លួន​មក តែ​គេ​ប្រាប់ថា​វិញ​ថា ទាល់តែ​ផ្ញើ​លុយ​ទៅ​រៀបចំ​ឯកសារ​ត្រឹមត្រូវ ទើប​ដក​លុយ​បាន​។ ដូច្នេះ​នៅវេលា​ម៉ោង​១២​និង​០០​នាទី ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​តាម​ទ្រូ​ម៉ាន់​នី ចំនួន ៥០០$ ដោយ​គេ​ប្រាប់ថា​រត់ការ​តាម​ស្ថានទូត​។ ពេល​ផ្ញើ​លុយ​រួចហើយ នៅវេលា​ម៉ោង​១៤​និង​០០​នាទី ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ផ្ញើ​លុយ​ទៅ​ជនល្មើស​ម្ដងទៀត​តាម​វី​ង ចំនួន ២៥០០$ ដោយ​គេ​ប្រាប់ថា​ដើម្បី​រត់ការ​តាមរយៈ​គយ​។ លុះដល់​ម៉ោង ១៦​និង​០០​នាទី ថ្ងៃ​ដដែល ជនល្មើស​បាន​ប្រាប់​ឲ្យ​ជនរងគ្រោះ​ផ្ញើ​លុយ​ចំនួន ៥៥០០$​បន្ថែមទៀត ទើប​ធ្វើឯកសារ​រួចរាល់ តែ​ដោយ​ជនរងគ្រោះ​ស្ដាប់​ច្រឡំ ក៏​ផ្ញើ​លុយ​ទៅ​ជនល្មើស​តែ​៥០០$ ស្រាប់តែ​ជនល្មើស​បាន​ទូរស័ព្ទ​មក​ម្ដងទៀត ឲ្យ​ផ្ញើ​លុយ​បន្ថែម ៥០០០$ ទើប​អាច​ដក​លុយ​ពី​សហរដ្ឋអាមេរិក​បាន តែ​ដោយ​ជនរងគ្រោះ​គ្មាន​ប្រាក់​ផ្ញើ​ទៅទៀត និង​មានការ​សង្ស័យ​ផង​នោះ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​នៅ​កន្លែង​សមត្ថកិច្ច​តែម្ដង​។​

​ក្រោយពេល​បានទទួល​ពាក្យបណ្ដឹង ពី​ជនរងគ្រោះ​ហើយ​នោះ សមត្ថកិច្ច​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បានធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បានជា​បន្តបន្ទាប់​នា​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២០ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នា​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០​។​

​សេចក្ដី​លោភលន់​ដោយ​គ្មាន​ការពិចារណា រមែង​ជួប​នូវ​ការខាតបង់​តាម​ក្រោយ​ជា​ដរាប​៕

​ដោយ : កូ​ឡាប​

spot_img
×