Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មាន​ភ្ញៀវ​តិចតួច​មក​ចូល​ទស្សនា​សារមន្ទីរ​ខេត្តបាត់ដំបង ខណៈពេល​បើក​ដំណើរ​វិញ​បាន​មួយ​សប្ដាហ៍​ហើយ​

spot_img

​បាត់ដំបង​៖ មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​តិចតួច​ប៉ុណ្ណោះ បានមក​ចូលរួម​ទស្សនា ខណៈពេល​បើក​ដំណើរ​វិញ បាន​ប្រមាណ​មួយ​សប្ដាហ៍​ដំបូង បន្ទាប់ពី​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​។​

​លោក ឌី កែវ អនុ​ទទួលបន្ទុក​សារមន្ទីរ​នៃ​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្តបាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹង​កាល​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០​ថា ក្នុង​រយៈពេល​មួយ​សប្ដាហ៍​ដំបូង​នេះ សារមន្ទីរ​ខេត្តបាត់ដំបង មាន​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ បានមក​ចូល​ទស្សនា​ត្រឹមតែ ១១​នាក់​ប៉ុណ្ណោះ ដែល​ក្នុងនោះ​មាន​ភ្ញៀវ​បរទេស ៣​នាក់​។ កាល​មិនទាន់មាន​បញ្ហា​កូ​វីដ​១៩ ក្នុង​មួយ​សប្ដាហ៍​ដូចគ្នា មាន​ភ្ញៀវ​ជាតិ​ចូល​ទស្សនា​ចាប់ពី​២០​ទៅ​៣០​នាក់ និង​ពេលខ្លះ បើ​មាន​សិស្ស​ចុះមក​ធ្វើ​កម្មសិក្សា គឺមាន​ចំនួន​លើស​នឹង ហើយ​ភ្ញៀវ​អន្តរជាតិ មាន​ចាប់ពី​៥ ទៅ​១០​នាក់ ប៉ុន្តែ​ពួកគេ​ភាគច្រើន​មក​ម្នាក់​ឬ​២​នាក់ មិនសូវ​មកជា​ក្រុម​នោះទេ​។​

​លោក គឹម សុភ័ណ ប្រធានស្តីទី​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​មានប្រសាសន៍ថា នៅ​ខេត្តបាត់ដំបង មាន​សារមន្ទីរ​ចំនួន​៣ ក្នុងនោះ​មាន​សារមន្ទីរ​ខេត្ត សារមន្ទីរ​វត្ត​ពោធិ​វាល និង​សារមន្ទីរ​វត្ត​កំផែង ដោយមាន​វត្ថុ​បុរាណ​ផ្សេងៗ ដូចជា​ចម្លាក់ ភាជន៍​ជាដើម សរុប​មាន​ជាង​១៧០០ ដែល​របស់​ទាំងអស់នេះ ត្រូវបាន​មន្ទីរ​ប្រមូល​ពី​តាម​វត្ត​អារាម​បុរាណ ប្រាសាទបុរាណ ទីទួល​បុរាណ​ឬ​តាម​ល្អាង​ភ្នំ​ជាដើម និង​មួយចំនួនទៀត ត្រូវបាន​ពលរដ្ឋ​យកមក​ប្រគល់ជូន នៅពេល​ពួកគាត់​ធ្វើស្រែ​ចម្ការ ឬ​កាយ​ដី​ធ្វើ​អ្វីមួយ​ប្រទះឃើញ ហើយ​វត្ថុ​បុរាណ​ទាំងអស់នេះ សុទ្ធតែជា​របស់​ក្នុង​ខេត្តបាត់ដំបង​។​

​លោក គឹម សុភ័ណ បាន​អំពាវនាវ​ដល់​ពលរដ្ឋ ដែល​បាន​ប្រទះឃើញ​នូវ​វត្ថុ​បុរាណ​ទាំងអស់ សូម​ប្រគល់ជូន​ជំនាញ ដើម្បី​ធ្វើការ​រក្សាទុក​ក្នុង​សារមន្ទីរ ក៏ដូចជា​ស្រាវជ្រាវ​ពី​ប្រវត្តិ ឲ្យ​បាន​យល់ដឹង​ទាំងអស់គ្នា និង​មួយទៀត នៅពេល​កាន់តែ​ស្ងប់ស្ងាត់​បញ្ហា​ជំងឺ​កូ​វីដ​១៩ មន្ទីរ​វប្បធម៌ សហការ​ជាមួយ​មន្ទីរ​ទេសចរណ៍ រួមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​បន្ត​ស្រាវជ្រាវ​រក​ទីកន្លែង​ប្រវត្តិសាស្ត្រ​នានា​ក្នុង​ខេត្ត ដើម្បី​រៀបចំ​ជា​កន្លែង​ទេសចរណ៍ ក៏ដូចជា​ការធ្វើ​កំណាយ​ផ្សេងៗ​។​

​គួរ​បញ្ជាក់ថា សារមន្ទីរ​ខេត្តបាត់ដំបង ត្រូវបាន​បង្កើតឡើង​ក្រោម​ស្នា​ព្រះហស្ត នៃ​សម្ដេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ព្រះ​វ​រាជបិតា​ជាតិខ្មែរ អំឡុង​ឆ្នាំ​១៩៦០ ដោយមាន​ឈ្មោះ​ដំបូង​ថា សារមន្ទីរ​សង្គមរាស្ត្រនិយម និង​ត្រូវបាន​ជួសជុល​កែលម្អ​ឡើងវិញ​នៅ​ឆ្នាំ​២០១៧ និង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០១៩ ដោយសារ​មន្ទីរ​នេះ បើក​ឲ្យ​ចូល​ទស្សនា​ចាប់ពី​ថ្ងៃ​អង្គារ ដល់​ថ្ងៃអាទិត្យ ៕
​ដោយៈ​អ៊ុង​សា​រុំ​

spot_img
×