Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទី​ម័​រ​ខាងកើត ចង់ឃើញ​អ្នកវិនិយោគ​កម្ពុ​ជា មាន​វត្តមាន​នៅក្នុង​ប្រទេស​ខ្លួន​

spot_img

ភ្នំពេញ៖ ​ក្នុងឱកាស​ចូលជួប​ស​ម្តែ​ង​ការគួរសម​ជាមួយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា ឯកឧត្តម អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស ( Ermenegildo “ Kupa” Lopes ) ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ខាងកើត បាន​លើកឡើងថា ទី​ម័​រ​ខាងកើត ចង់ឃើញ​វត្តមាន​អ្នក​យោគ​កម្ពុជា​ទៅ​បណ្តាក់​ទុនវិនិយោគ​នៅក្នុង​ប្រទេស​ខ្លួន​។​

​ឯកឧត្តម​អគ្គរដ្ឋទូត​បាន​មានប្រសាសន៍ថា ទី​ម័​រ​ខាងកើត សម្បូរ​ដោយ​ធនធានធម្មជាតិ​ដែល​ទាមទារ​ឲ្យ​មានការ​វិនិយោគ​ពី​បរទេស ដែល​បច្ចុប្បន្ននេះ មាន​អ្នក​វិយោគ​ពី​ឥណ្ឌូណេស៊ី សហរដ្ឋអាមេរិក និង​ប្រទេស​ជាច្រើន​ទៀត មិនទាន់មាន​អ្នកវិនិយោគ​ពី​កម្ពុជា​នោះទេ​។ ឯកឧត្តម ចង់ឃើញ​វត្តមាន​ធុរជន​កម្ពុជា​ទៅ​បណ្តាក់ទុន​នៅ​ទី​ម័​រ​ខាងកើត ក្នុងពេល​អនាគត​។​

​នៅក្នុង​ឱកាស​ចូលជួប​សម្តែង​គួរសម​ជាមួយ សម្តេច​ប្រធានរដ្ឋសភា​នា​ព្រឹក​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០​នេះ នៅ​វិមាន​រដ្ឋសភា ឯកឧត្តម អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស ក៏បាន​លើកឡើង​ផងដែរ ថា​ប្រជាពលរដ្ឋ​ទី​ម​ទី​ម័​រ​ខាងកើត​បាន​គោរព​ស្រឡាញ់​និង​កោតសរសើរ​ចំពោះ​វីរៈ​ស្នេហា បម្រើប្រជាជន​និង​ប្រទេសជាតិ របស់​សម្តេច​ប្រធានរដ្ឋសភា​។ សម្តេច​ជា​ឥស្សរជន​ស្នេហា​ជាតិ ដែល​បាន​ចូលរួម​រំដោះ បង្រួបបង្រួម និង​អភិវឌ្ឍន៍​ប្រជាជាតិ រហូត​នាំ​កម្ពុជា​ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​បច្ចុប្បន្ន​។

ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​អបអរសាទរ ចំពោះ​ការបោះពុម្ពផ្សាយ​សៀវភៅ និយាយ​ពី​ប្រវត្តិ​តស៊ូ​របស់​សម្តេច​ប្រធាន (​សម្តេច​ជា​បុរស​របស់​ប្រជាជន​) កាលពី​ឆ្នាំ​២០១៨ ទុក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​បាន​សិក្សា​រៀនសូត្រ ។ ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ចាត់ទុកថា​កម្ពុជា ជា​គេហដ្ឋាន​ទី​២​របស់​ឯកឧត្តម ទោះបី​ពេលនេះ​ពិភពលោក​មាន​បញ្ហា​កូ​វីដ​១៩ តែ​កម្ពុជា​បាន​គ្រប់គ្រង​ស្ថានការណ៍​ជំងឺ​នេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ប្រកបដោយ​ភាពកក់ក្តៅ​យ៉ាងខ្លាំង​។​

​ឯកឧត្តម អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស បាន​គោរព​អញ្ជើញសម្តេច​ប្រធានរដ្ឋសភា​ដឹកនាំ​គណៈប្រតិភូ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត​តាម​ពេ​ស​សមស្រប​ណាមួយ​។​
​ជាការ​ឆ្លើយតប​សម្តេច​ប្រធាន បាន​ទទួលយក​ការគោរព​អញ្ជើញ​របស់​ឯកឧត្តម​ឯកអគ្គរដ្ឋទូត ដែល​បាន​អញ្ជើញ សម្តេច​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ទី​ម័​រ​ខាងកើត នៅពេល​សមស្រប​ខាងមុខ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន បាន​វាយ​តំលៃ​ខ្ពស់​ចំពោះ​ប្រសាសន៍ របស់​ឯកឧត្តម ដែល​បាន​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព នៃ​ទំនាក់ទំនង​ការទូត ល្អ​រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​និង​ទី​ម័​រ​ខាងកើត​។ ក្នុងនាម​រដ្ឋសភា រដ្ឋសភា​កម្ពុជា សម្តេច​ពេញចិត្ត ចំពោះ​កិច្ច​សហប្រតិបត្តិ ការ​រវាង​រដ្ឋាភិបាល នៃ​ប្រទេស​ទាំងពីរ និង​លើក​ទឹកចិត្ត​បន្ត​កិច្ចសហប្រតិបត្តិការ​អោយ​ខ្លាំងក្លា​ថែមទៀត​លើ​វិស័យ ទេសចរណ៍ កសិកម្ម និង ធនធានមនុស្ស សំដៅ​នាំមក​នូវ​ផលប្រយោជន៍​ដល់​ប្រជាជាតិ​ទាំងសងខាង ។

សម្តេច​ប្រធាន មានប្រសាសន៍ថា កន្លងមក​រដ្ឋសភា​ក​ម្ពុ​ជា ធ្លាប់បាន​គាំទ្រ​រដ្ឋសភា​ទី​ម័​រ​ខាងកើត ជា​ប្រទេស​សង្កេតការណ៍​របស់​អន្តរ​សភា​អាស៊ាន (​អាយ​ប៉ា​) ហើយ​និង​បន្ត​គាំទ្រ​រដ្ឋសភា​ទី​ម័​រ​ជា​សមាជិក​ពេញ​សិទ្ធ​ទី​១១ របស់​អាយ​ប៉ា និង អាស៊ាន នៅ​ថ្ងៃ​អនាគត ។​

​ឯកឧត្តម អើ​ម៉ី​នី​ហ្គី​ដូ គូ​ប៉ា ឡូ​ប៉េ​ស បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋសភា និង​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​គាំទ្រ​ដល់​បេក្ខភាព​របស់​ប្រទេស​ទី​ម័​រ​ខាងកើត​នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​និង​អន្តរ​សភា​អាស៊ាន​។ ឯកឧត្តម​បាន​សន្យាថា​នឹង​ខិតខំ​បំពេញបេសកកម្ម​ការទូត​ឲ្យ​ទទួលបាន​ជោគជ័យ​នៅក្នុង​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​ឲ្យ​កាន់តែ​រឹងមាំ​ឡើង​៕
ដោយ៖កូឡាប

spot_img
×