Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ បើក​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​អន្តោប្រវេសន៍​

spot_img

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃ​ចន្ទ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រសួងមហាផ្ទៃ បាន​បើក​កិច្ចប្រជុំ​ក្រុមការងារ​រៀបចំ​ធ្វើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​ច្បាប់ ស្តីពី​អន្តោប្រវេសន៍​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​អធិបតីភាព ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ ដោយមាន​ការចូលរួម​ពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការរង ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។ នេះ​បើ​យោងតាម​ការផ្សាយ​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មានវិទ្យា​។​

​ឯកឧត្តម​សន្តិ​បណ្ឌិត សុខ ផល បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ថ្ងៃនេះ​ដើម្បី​ផ្លាស់ប្តូរ​គំនិត​យោបល់ ព្រមទាំង​ប្រមូលផ្តុំ​គំនិត សម្រាប់​រៀបចំ​រាយការណ៍​ស្តីពី​សេចក្តីព្រាងច្បាប់ វិសោធនកម្ម​ច្បាប់​លើ​ការងារ​អន្តោ​សន៍​ដែល​ក្រុមការងារ​បាន​ព្រាង និង​ឆ្លង​ជា​បន្តបន្ទាប់​ជូន​សម្តេច​ក្រឡាហោម ស ខេង ដើម្បី​សុំ​គោលការណ៍​ណែនាំ ដោយ​កិច្ចប្រជុំ​ជាមួយ​សម្តេច​ក្រឡាហោម នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ ឯកឧត្តម ប៊ុន ហុន ក៏បាន​មានប្រសាសន៍​ឱ្យដឹងថា បើ​យើង​គិត​អំពី​ការធ្វើ​ច្បាប់​យើង​អាច​រៀបចំ​ធ្វើ​វិសោធនកម្ម ដើម្បីឱ្យ​វា​មាន​ប្រវត្តិ​ថា​ច្បាប់​នេះ​មិនមែនជា​ច្បាប់​ដែល​ទើប​ធ្វើ​ថ្មី​នោះទេ គឺជា​ច្បាប់​ធ្វើ​បន្ត​ពី​ឆ្នាំ​១៩៩៤​។
​ចំណុច​ដែល​ទាក់ទង​ទៅនឹង​ការធ្វើ​វិសោធន​កម្មនេះ​ផងដែរ ឯកឧត្តម ឯកភាព​តាម​ឯកឧត្តម សន្តិ​បណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ថា យើង​ត្រូវសុំ​គោលការណ៍​នូវ​ចំណុច​សំខាន់ៗ​ពីស​ម្តេច​ក្រឡាហោម​ជាមុន​។​

​ច្បាប់​នេះ​បង្កើតឡើង​ក្នុង​គោលបំណង ធានា​ការគ្រប់គ្រង​ជនបរទេស​គ្រប់រូប​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​ដើម្បី​កំណត់​អំពី​វិធាន និង​លក្ខ​ខណ​សម្រាប់​អនុវត្ត​ចំពោះ​ជនបរទេស​ចេញចូល ឆ្លងកាត់ និង​ស្នាក់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ជាមួយគ្នានេះ ច្បាប់​នេះ​ត្រូវអនុវត្ត​ចំពោះ​ជនបរទេស​គ្រប់រូប លើកលែងតែ​ក្នុងករណី​ដែល​ត្រូវ​អនុវត្តតាម​វិធាន​នៃ​ច្បាប់​អន្តរជាតិ ដែល​ព្រះរាជាណាចក្រ​កម្ពុជា ជា​ភាគី​ហត្ថលេខី ទោះបីជា​ជន​នោះបាន​ចូលមក​តាំង​លំនៅ​មុន​ពេលដែល​ច្បាប់​នេះ​ចូល​ជា​ធរមាន​ហើយក៏​ដោយ​។ ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្ត​ចំពោះ​ជនបរទេស​គ្រប់រូប​ដែល ចូល​ចេញ ឆ្លងកាត់ និង​ស្នាក់នៅ​ព្រះរាជាណាចក្រ​កម្ពុជា​៕
​ដោយ​៖​សម្ផស្ស​

spot_img
×