Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិប​អ្នកកាសែត​កម្ពុជា​ឈាន​ជើង​ចូល​សហព័ន្ធ​សារព័ត៌មាន​អាស៊ាន​ជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្លិប​អ្នកកាសែត​កម្ពុជា (​កអក​) នៅ​ថ្ងៃ​ទី​២៦​ខែ​មករា​ឆ្នាំ​២០១៨​នេះ​បាន​បញ្ជាក់ថា កអក បាន​បោះជំហាន​ចូលទៅ​ក្នុង​សហគមន៍​សារព័ត៌មាន​ដ៏​ធំ​មួយ​នៅក្នុង​តំបន់​ដើម្បី​រួម​គ្នា​ពង្រឹង​វិជ្ជាជីវៈ​សារព័ត៌មាន​នៅ​ក្នុង​តំបន់​និយាយ​ជារួម និង​នៅក្នុង​ប្រទេស​កម្ពុជា​និយាយ​ដោយឡែក​។

​គណៈកម្មការ​នាយក​នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (Confederation of Asean Journalists) ហៅ​កាត់​ថា CAJ ដែល​តំណាង​សារព័ត៌មាន​មកពី​ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៧ បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​ឱ្យ “​កអក​” ចូល​ជា​សមាជិក​ទី​៨​របស់​អង្គការ​តំបន់​ដ៏​ធំ​នេះ​ដែល​មាន​សមាជិក​សរុប​ជាង ៥៤.០០០ នាក់​។ ពិធី​បញ្ចូល​សមាជិកភាព​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ត្រូវបាន​ធ្វើឡើង​នៅក្នុង​មហាសន្និបាត​លើក​ទី ១៩ នៃ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន​នៅ ទីក្រុង​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​ទី ២៦ ខែ​មករា ឆ្នាំ​២០១៨​។

​លោក ពុយ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា (​កអក​) រួម​ជាមួយ​សហការី​មួយចំនួន​ទៀត​រួមមាន លោក លាង ដឺ​លុច​, លោក នៅ សុ​ភ័ស្ស និង​លោក ខៀវ កូ​ឡា ដែល​ជា​សមាជិក​គណៈនា​យក​របស់ “​កអក​” បាន​ចូលរួម​ទទួល​ការប្រកាស​ជា​ផ្លូវការ​នៃ​ការបញ្ចូល “​កអក​” ទៅក្នុង​សហព័ន្ធ​អ្នកកាសែត​អាស៊ាន និង​បាន​ចែករម្លែក​ព័ត៌មាន​ស្តីពី​ស្ថានភាព​សារព័ត៌មាន​នៅ​កម្ពុជា និង​តួនាទី​របស់ “​កអក​” រួម​ទាំង​ភាព​ប្រឈម​របស់​អ្នកសារព័ត៌មាន​នៅក្នុង​តំបន់​ផងដែរ​។

​លោក Thepchai Yong ប្រធាន​សហព័ន្ធ​អ្នកកាសែត​អាស៊ាន (CAJ) បាន​កត់សម្គាល់​ពី​តួនាទី​ដ៏​សំខាន់​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ក្នុង​ការចូលរួម​ជំរុញ​វិស័យ​សារព័ត៌មាន​ក្នុង​តំបន់​ជាពិសេស​ក្នុង​ក្របខ័ណ្ឌ CAJ ឱ្យ​កាន់តែ​មាន​ភាពរឹងមាំ​ដើម្បី​ជា​ប្រយោជន៍​ដល់​សហគមន៍​អាស៊ាន​ទាំងមូល​។

​លោក ពុយ គា បាន​ថ្លែង​នៅ​ក្នុង​មហាសន្និបាត​យ៉ាង​ដូច្នេះ​ថា​”​ជា​កិត្តិយស​របស់​កម្ពុជា​ដែល​វិស័យ​ព័ត៌មាន​របស់​យើង​បានចាប់ផ្តើម​ដើរ​លើ​មហាវិថី​មួយ​របស់​តំបន់​ហើយ​ខ្ញុំ​សង្ឃឹមថា តាមរយៈ​សហព័ន្ធ​អ្នកកាសែត​អាស៊ាន តួនាទី​របស់​អ្នកសារព័ត៌មាន​កម្ពុជា និង​កាន់តែ​រីក​ធំ​ជាង​មុន ពោល​គឺ​ព័ត៌មាន​ស្តីពី​កម្ពុជា​នឹង​ជ្រៀត​ចូលទៅក្នុង​តំបន់​និង​ពិភពលោក កាន់តែ​ទូលំទូលាយ ជាពិសេស​ព័ត៌មាន​ផ្នែក​វប្បធម៌ សិល្បៈ និង​ទេសចរណ៍​”​។​

​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​ក៏​បាន​ចាត់ទុក​ព្រឹត្តិការណ៍​នេះ​ថា ជា​ជំហាន​ដ៏​សំខាន់​ក្នុងការ​ធ្វើ​សមាហរណកម្ម​អ្នកសារព័ត៌មាន​កម្ពុជា​ទៅ​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ដែល​នេះ​ជា​គោលបំណង​របស់​ក្លិប​អ្នកកាសែត​កម្ពុជា​ជា​យូរ​មក​ហើយ​។

​ក្លិប​អ្នកកាសែត​កម្ពុជា​ជា​ស្ថាប័ន​ឯករាជ្យ និង​វិជ្ជាជីវៈ ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​២០០០ និង​មាន​សមាជិក​ជាង ៣០០ នាក់​។ ចំណែក CAJ ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​១៩៧៥ ដោយ​សមាគម​អ្នកកាសែត​មកពី​៥​ប្រទេស​គឺ ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ម៉ាឡេស៊ី និង​សិង្ហ​បុរី ក្រោយមក វៀតណាម និង​ឡាវ ក៏​បាន​ចូល​ជា​សមាជិក​។

​ក្នុង​ការ​ចេញ​ដំណើរ​ឆ្នាំ​ថ្មី ជាមួយ​សមាជិក​ថ្មី​មក​ពី​កម្ពុជា CAJ នឹង​រៀបចំ​វេទិការ​ធំៗ​ដើម្បី​ពិភាក្សា​អំពី​ភាព​ប្រឈម​មួយចំនួន​នៅក្នុង​តំបន់​និង​ពិភពលោក ដូចជា បញ្ហា​ព័ត៌មាន​មិន​ពិត (Fake News) ការការពារ​អ្នកកាសែត​ពី​ការ​គម្រាម​គំហែង​នានា​, ការបង្កើន​សមត្ថភាព​អ្នកកាសែត​ឱ្យ​យល់ដឹង​កាន់តែខ្លាំង និង​ការផ្តល់​ព័ត៌មាន​ដែល​មាន​ប្រយោជន៍​ដល់​សង្គម តំបន់ និង​ពិភពលោក​។

​ក្រៅ​ពី​សមាជិក​របស់ CAJ នៅក្នុង​តំបន់​អាស៊ាន ក៏​មាន​អ្នក​សែត​ចិន​ចំនួន​ជាង ២៥ ម៉ឺន​នាក់ តំណាង​ដោយ​សមាគម​អ្នកកាសែត​ចិន ក៏​បាន​ចូល​ជា​ដៃគូរ​ដ៏​សំខាន់​របស់ CAJ ដែរ​។ ទន្ទឹមនឹងនេះ CAJ ក៏​នឹង​បន្ត​ពង្រីក​ដៃគូរ​សំខាន់ៗ​ដទៃ​ទៀត​មក​ពី​អាស៊ី​ប៉ាស៊ីហ្វិក ជារួម​មាន​ជប៉ុន កូរ៉េខាងត្បូង​, អាមេរិក​, រុស្សី និង​អូស្ត្រាលី ជាដើម​៕​ ដោយ​៖​កូឡាប​

spot_img
×