Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករក​មុខរបរ​ផ្សិត​ប៉ក អះអាងថា ផ្សិត​ប្រភេទ​នេះ​លក់បាន​ថ្លៃ និង​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ខុសពី​ផ្សិត​ធម្មតា​

spot_img

​ភ្នំពេញ​៖ ផ្សិត​ប៉ក់ ឬ​ផ្សិត​ផូង​ផាំង ជា​ប្រភេទ​ផ្សិត​ភ្នំ​ធម្មជាតិ ដ៏​មាន​រសជាតិ​ឆ្ងាញ់ កំពុងមាន​ទីផ្សារ និង​លក់បាន​តម្លៃ​ថ្លៃ​។ អ្នករុករក​ផ្សិត​ប៉ក់​ម្នាក់​បានឱ្យដឹងថា គាត់​អាច​រក​ចំណូល​ពី​ផ្សិត​ប៉ក់​នេះ ក្នុង​មួយថ្ងៃ ចាប់ពី​១៥​ម៉ឺន​រៀល ទៅ ៣៥​ម៉ឺន​រៀល ហើយ​ថ្ងៃ​ខ្លះ លើស​នេះ​ក៏មាន ចំណែក​តម្លៃ​លក់​ឱ្យ​ឈ្មួញកណ្តាល គឺ​ចាប់ពី ៣៥.០០០​រៀល ឡើងទៅ ក្នុង​១​គីឡូក្រាម​។ តែ​តម្លៃ​នេះ​ទាប​ជាង​ឆ្នាំមុន ដោយ​ឆ្នាំមុនៗ លក់បាន​រហូតដល់ ៥​ម៉ឺន​រៀល​ឡើង​ក្នុង​១​គីឡូក្រាម​។​

​ផ្សិត​ប៉ក់ ជា​ប្រភេទ​ផ្សិត​ភ្នំ​ម្យ៉ាង ដែល​សំបូរ​នៅ​ស្រុក​ពីរ​តែប៉ុណ្ណោះ គឺ​ស្រុក​ភ្នំក្រវាញ និង​ស្រុក​វាលវែង ក្នុង​ទឹកដី​ខេត្តពោធិ៍សាត់​។​ផ្សិត​ប្រភេទ​នេះ កើតចេញពី​ផេះផង់ នៃ​ភ្លើង​ឆេះ​ព្រៃ​កន្លងមក លុះ​ត្រូវបាន​ការស្រោចស្រព​ដោយ​ដំណក់ទឹកភ្លៀង ក៏​កើតចេញ​ជា​ផ្សិត​នេះ​ឡើង ហើយ​ផ្សិត​ប្រភេទ​នេះ គឺ​ខុសពី​ផ្សិត​ធម្មតា ត្រង់​វា​ដុះ​នៅក្នុង​ដី ដែលមាន​រាង​មូល​ដូច​ពង​ក្រួច ហើយ​គេ​អាច​សម្គាល់​បាន​ដោយ​ឃើញ​មាន​ដី​ពើង​ប្រះ​ឡើងលើ នៅ​តំបន់​ដែល​ធ្លាប់មាន​ភ្លើង​ឆេះ​ព្រៃ​កន្លងមក​។​

​ដោយឡែក​ក្រុម​ឈ្មួញកណ្តាល បាន​ចំណាយលុយ​ទិញ​ផ្សិត​ប្រភេទ​នេះ ចាប់ពី ២០​លាន​រៀល ទៅ ៣០​លាន​រៀល ក្នុង​មួយថ្ងៃ អ្នកខ្លះ​ទិញ​យកទៅលក់​បន្ត​ឱ្យ​ម៉ូយ​មកពី​ស្រុក​ភ្នំក្រវាញ អ្នក​ខ្លះទៀត ទិញ​យកទៅលក់​ផ្ទាល់​នៅ​ច្រក​ព្រំប្រទល់​ខ្មែរ​-​ថៃ ក្នុង​ខេត្ត​ប៉ៃលិន​, បន្ទាយមានជ័យ​, ព្រះវិហារ​ជាដើម​។​

​ក្រុម​ឈ្មួញ​បាន​ឲ្យ​ដឹងថា ពួកគេ តែងតែ​នាំ​ចេញទៅ​លក់​នៅ​ប្រទេស​ថៃ ព្រោះ​ផ្សិត​ប៉ក់​លក់បាន​តម្លៃ​ខ្ពស់ មានតែ​លក់​ឱ្យ​ប្រទេស​ថៃ​ទេ មាន​ប៉ុន្មាន​គេ​ទទួល​ទិញយក​ទាំងអស់ ប៉ុន្តែ​ពួកគាត់​មិនបាន​ដឹងថា គេ​យកទៅ​ធ្វើជា​អ្វី​បន្តទៀត​ទេ​។ ក៏ប៉ុន្តែ​ជាធម្មតា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និយម​យក​ផ្សិត​ប៉ក់ ឫ​ផ្ស​តិ​ផូង​ផាំង​នេះ មក​ស្ងោ ឬ​ឆា ក៏បាន ដោយ​វា​មាន​រសជាតិ​ឆ្ងាញ់​ខុសប្លែក​ពី​ផ្សិត​ប្រភេទ​ផ្សេងៗ​ទៀត​។​

​គួរ​បញ្ជាក់ថា ផ្សិត​ប៉ក់ ឫ​ផ្ស​តិ​ផូង​ផាំង​នេះ ច្រើនតែ​ដុះ​ក្នុង​ដី ហើយ​មួយកន្លែងៗ មាន​យ៉ាងតិច​ចាប់ពី​កន្លះ​គីឡូក្រាម​ឡើងទៅ ហើយ​មាន​ខ្លះ​ធំ​រហូត​ប៉ុន​មេដៃ និង​ខ្លះ​មេជើង​៕

ដោយ​៖​សម្ផស្ស​


spot_img
×