Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​-​ស្វី​ស រួមគ្នា​អភិវឌ្ឍន៍​ប្រព័ន្ធ TVET ក្នុងដំណាក់កាល​ទី​២

spot_img

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទីភ្នាក់ងារ​ស្វី​ស សម្រាប់​ការអភិវឌ្ឍន៍ និង​កិច្ចសហប្រតិបត្តិការ​(SDC) បាន​ប្តេជ្ញា​រួមគ្នា​អភិវឌ្ឍន៍​ទៅលើ​ប្រព័ន្ធ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​(TVET) ក្នុងដំណាក់កាល​ទី​២ ស្រប​ពេលដែល​គម្រោង​ទី​១ បាន​រង​ផលប៉ះពាល់​ពី​ជំងឺ​ផ្លូវដង្ហើម កូ​វីដ​-១៩​។ ហើយ​គម្រោង​ទី​២​នេះ ជាការ​បណ្តុះបណ្តាល​ជំនាញ​ដល់​យុវជន​ក្រីក្រ នៅក្នុង​សហគមន៍ នៃ​ខេត្ត​គោលដៅ​ចំនួន​៥ នៅ​ភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា រួមមាន​ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និង​រតនគិរី​។​

​ការលើកឡើង​ដូច្នេះ ធ្វើឡើង​ក្នុងជំនួប​ពិភាក្សា​ការងារ រវាង​ឯកឧត្តម​បណ្ឌិត អ៉ិ​ត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជាមួយ គណៈប្រតិភូ​នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ (SDC) ដឹកនាំ​ដោយ លោកស្រី Nadia Ottiger នាយិកា​រង ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​ការងារ ព្រឹក​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម បណ្ឌិត អ៉ិ​ត សំហេង បាន​សម្តែង​នូវ​អំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​ចំពោះ​រដ្ឋាភិបាល​ស្វី​ស ដែល​តែងតែ​គាំទ្រ​នូវ​គ្រប់​សកម្មភាព​ក្នុងការ​លើកកម្ពស់​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​កម្ពុជា​។ ឯកឧត្តម លើកឡើងថា គម្រោង​អភិវឌ្ឍ​ជំនាញ​នេះ ជា​គំនិត​ផ្តួចផ្តើម​ដ៏​ល្អប្រសើរ​មួយ ក្នុង​ការធ្វើសមាហរណកម្ម​ជំនាញ នៅ​ប៉ែក​ឥសាន​ប្រទេស ក្នុង​ការកសាង​ធនធានមនុស្ស​សម្រាប់​ក​ម្ពុ​ជា លើ​វិស័យ​មួយ​នេះ​។​

​ឯកឧត្តម​បញ្ជាក់ថា គោលដៅ​នៃ​គម្រោង​នេះ​គឺ ទាក់ទាញ​យុវជន​ក្រីក្រ​ក្នុង​សហគមន៍ ឱ្យ​ចាប់អារម្មណ៍​ទទួលយក​ការបណ្តុះបណ្តាល​ជំនាញ ដើម្បី​បង្កើន​ធនធានមនុស្ស ក៏ដូចជា​បង្កើន​ប្រាក់ចំណូល សម្រាប់​ប្រជាជន​កម្ពុជា​ផងដែរ​។​

​លោកស្រី Nadia Ottiger បាន​លើកឡើងថា គម្រោង​ទី​២​នេះ នឹង​ធ្វើឱ្យ​ប្រសើរឡើង ទាំង​ធនធានមនុស្ស និង​ជីវភាព​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅក្នុង​សហគមន៍​នៃ​ខេត្ត​ទាំង​៥ ភាគ​ឥ​សាន្ត​ប្រទេស​កម្ពុជា តាមរយៈ​ទទួលបាន​ជំនាញ និង​បង្កើន​ប្រាក់ចំណូល សម្រាប់​ទ្រទ្រង់​ជីវភាព​បានល្អ​ប្រសើរ​។​

​លោកស្រី​បញ្ជាក់ថា រាល់​សកម្មភាព​គម្រោង​ទាំងមូល​ត្រូវបាន​គាំទ្រ​យ៉ាង​ជិតស្និទ្ធ​ពី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក៏ដូចជា​ដៃគូ​នានា​ទៀត ដើម្បី​អភិវឌ្ឍន៍​ជំនាញ កាត់បន្ថយ​ការធ្វើ​ទេស​ន្ត​ប្រវេសន៍ ទន្ទឹមនេះ​កិច្ចដំណើរការ​គម្រោង គឺ​ស្របតាម​យន្តការ ក៏ដូចជា​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា ហើយក៏​ជាការ​ឆ្លើយតប​ទៅ​និង​តម្រូវការ​ទីផ្សារការងារ និង​អ្វីដែល​និយោជក​ចង់បាន​នាពេល​បច្ចុប្បន្ននេះ​ផងដែរ​។​

​គួរ​បញ្ជាក់ថា ដំណាក់កាល​ទី​២​របស់​គម្រោង​មួយ​នេះ ត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២០ រហូតដល់ ខែមិថុនា ឆ្នាំ​២០២៤ ដែលមាន​ថវិកា​សរុប​ចំនួន​ប្រមាណ​៩​លាន​ដុល្លារ​អាមេរិក​។ ចំពោះ​លទ្ធផល​នៃ​គម្រោង​នឹង​ទទួលបាន ១.​នូវ​ប្រព័ន្ធ TVET កម្ពុ​ជាមាន​ប្រសិទ្ធភាព​ជាង​មុន នៅតាម​ខេត្ត​គោលដៅ ក្នុង​តំបន់ និង​សហគ្រាស និង ២.​យុវជន បុរស ស្ត្រី និង​កម្មករ ដែលមាន​ជំនាញ​ទាប​បាន​បង្កើន​លទ្ធភាព​ទទួល​បានការ​ងារ​៕
​ដោយ​៖​សម្ផស្ស​

spot_img
×