Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស នៃ​ការស្ថាបនា​ផ្លូវជាតិ​លេខ​៧ ដើម្បី​ធានា​គុណភាព រឹងមាំ​តាម​ស្តង់ដារ អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​

spot_img

​ខេត្តក្រចេះ និង​ខេត្ត​ត្បូងឃ្មុំ​៖ នៅ​ថ្ងៃ​ពុធ ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ខេត្តក្រចេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ និង​ក្រុមបច្ចេកទេស​ជំនាញ​របស់​ក្រសួង ចុះ​ត្រួតពិនិត្យ​គុណភាព និង​លក្ខណៈ​បច្ចេកទេស​សាងសង់​កំណាត់​ផ្លូវជាតិ​លេខ​៧ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តក្រចេះ និង ខេត្ត​ត្បូងឃ្មុំ​ដើម្បី​ធានា​គុណភាព រឹងមាំ​តាម​ស្តង់ដារ​អាច​ប្រើប្រាស់​ជាប់​បានយូរ​អង្វែង​។​

​គម្រោង​ផ្លូវជាតិ​លេខ​៧ គឺជា​គម្រោង​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ផ្លូវ​ទី​២ (Road Asset Management) មាន​ប្រវែង​សរុប ១៦៤ គីឡូម៉ែត្រ ដោយ​លើកកម្ពស់​គុណភាព​ផ្លូវ​ពី DBST ទៅជា AC ហើយ​គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បី​ការដ្ឋាន​ធំៗ ប្រើប្រាស់​រយៈពេល​សាងសង់​ចំនួន ១៨​ខែ និង​រយៈពេល​ថែទាំ​ចំនួន​៣៦ ខែ សាងសង់​ដោយ​ក្រុមហ៊ុន​ចិន ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​កូរ៉េ និង​ចំណាយ​ថវិកា​សរុប​ប្រមាណ ៣៦.៤៥៦.០៦៤,៧៥​ដុល្លារ​អាមេរិក​។​

​រហូតមកដល់​បច្ចុប្បន្ន​នេះ កំណាត់​ផ្លូវ​នេះ​សាងសង់​រួចរាល់​បាន​ប្រមាណ​៨០%​ហើយ​។​

​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បានឱ្យដឹងថា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹងមិន​ទាន់​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ឱ្យ​ក្រុមហ៊ុន​សាងសង់​ឡើយ ដោយសារ​មាន​បញ្ហា​បច្ចេកទេស​មួយចំនួន​ទាក់ទង​នឹង​ការសាងសង់​។ ជាមួយគ្នា​នោះ​ផងដែរ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ម៉ៅការ​សាងសង់ ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​សហការគ្នា​កែសម្រួល​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ ជាពិសេស​ត្រូវអនុវត្ត​តាម​កិច្ចសន្យា និង​សៀវភៅ​បន្ទុក​ឱ្យបាន​១០០%​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់ ឱ្យ​ទុកចិត្ត​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​។ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​បន្តថា បើ​ផ្លូវ​នោះ​ពិនិត្យ មិនមាន​គុណភាព​ស្រប​តាម​លក្ខណៈ​បច្ចេកទេស​ទេ ក្រសួង​នឹងមិន​ទទួលយក​ផ្លូវ​នោះឡើយ ព្រោះ​ក្រសួង​ឈរលើ​គោលការណ៍ “​សាងសង់​ផ្លូវ​ឱ្យមាន​គុណភាព រឹងមាំ ជាប់​បានយូរ​អង្វែង​” ហើយ​ក្រសួង​នឹងធ្វើ​ការត្រួតពិនិត្យ​ជាប្រចាំ​តាម​ការដ្ឋាន​សាងសង់​ទាំងអស់​ក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួង នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​បញ្ជាក់ថា​៖ បច្ចុប្បន្ន ក្រុមហ៊ុន​ម៉ៅការ​សាងសង់​កំពុង​កែលម្អ​លក្ខណៈ​បច្ចេកទេស ត្រង់ចំណុច​ទាំងឡាយណា​ដែល​មិន​សម​ស្របតាម​លក្ខណៈ​បច្ចេកទេស នៅលើ​កំណាត់​ផ្លូវ​នេះ​។​

​ឆ្លៀត​ក្នុងឱកាស​នោះ​ផងដែរ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ជម្រាបជូន​គម្រោង​សាងសង់​ផ្លូវ​ពី​ក្រចេះ​ទៅ​ទល់ដែន​ប្រទេស​ឡាវ (​ត្រពាំង​ក្រៀល​)​ដោយ​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា យើង​បាន​សិក្សា​រួចរាល់ និង​កំពុងតែ​រង់ចាំ​ភាគី​ចិន​សម្រេច​តែប៉ុណ្ណោះ​។​

​ជាមួយគ្នា​នោះ​ផងដែរ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដែលមាន​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា គម្រោង​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ​មួយទៀត​នៅ​ក្រចេះ ត្រូវបាន​សិក្សា​ចប់សព្វគ្រប់ និង​គ្រោង​ដាក់​ដេញថ្លៃ​នៅពេល​ខាងមុខ ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ផលិតផល​ឆ្លងកាត់ ទៅកាន់​ខេត្តកំពង់ធំ​ឱ្យបាន​ឆាប់រហ័ស ចំណេញ​ពេលវេលា និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ និង​គ្រោះថ្នាក់​ចរាចរណ៍​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ក៏បាន​ណែនាំ​ដល់​ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញ​ឱ្យ​គោរព​ច្បាប់​ចរាចរណ៍ កុំ​ដឹកទំនិញ​លើស​ទម្ងន់​កំណត់ដោយ​ច្បាប់ កុំ​កែច្នៃ​យានយន្ត​ខុស​លក្ខណៈ​បច្ចេកទេស អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​យក​រថយន្ត​ទៅ​ឆៀក​បើ​ដល់ពេល​ត្រូវ​ឆៀក ទៅ​ប្ដូរ​ពន្យារ​ប័ណ្ណបើកបរ​បើ​ហួស​សុពលភាព ពាក់​ខ្សែក្រវ៉ាត់​ពេល​បើ​បររថ​យន្ត ពាក់មួក​សុវត្ថិភាព កុំ​បើកបរ​ក្រោម​ឥទ្ធិ​ផល​គ្រឿងញៀន​និង​គ្រឿង​ស្រវឹង ដើម្បី​សុវត្ថិភាព​ទាំងអស់គ្នា និង​ដើម្បី​ជៀសវាង​ការផាកពិន័យ​នានា​៕

ដោយ៖កូឡាប

spot_img
×