ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេលពីរថ្ងៃ ប្រធានក្រុមតំណាងរាស្ត្រទីក្រុងហូជីមិញ បានលើកឡើងថា ក្នុងកិច្ចសហប្រតិបត្តិការ ដែលទីក្រុងហូជីមិញ ចង់ពង្រីកកិច្ចសហប្រិតបត្តិការ ជាមួយរាធានីភ្នំពេញ លើផ្នែកវិនិយោគ ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងនោះក៏មានវិស័យអប់រំផងដែរ ។
លោក Nguyen Thien Nhan សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីសវៀតណាម លេខាធិការគណៈកម្មាធិការបក្សទីក្រុងហូជីមិញ និងជាប្រធានក្រុមតំណាងរាស្ត្រទីក្រុងហូជីមិញ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូវៀតណាមមកកម្ពុជានៅពេលនេះ គឺក្នុងគោលបំណងដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗមួយចំនួនរវាងទីក្រុងហូជីមិញរបស់វៀតណាម និងរាជធានីភ្នំពេញ របស់កម្ពុជា ។ លោកថ្លែងបែបនេះ ក្នុងជំនួបជាមួយ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨នេះ នាវិមានសន្តិភាព។
លោក Nguyen Thien Nhan បានមានប្រសាសន៍ថា វិស័យអប់រំរបស់កម្ពុជា ត្រូវបានបំផ្លេចបំផ្លាញជាច្រើន នៅក្នុងរបបប្រល័យពូជសាសន៍ ហេតុនេះ នៅក្នុងសមាជិកគណៈប្រតិភូវៀតណាម ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលនេះ ក៏មាននាយកសាកលវិទ្យាល័យជាតិទីក្រុងហូជីមិញ ក៏បានចូលរួមដែរ ដើម្បីពិនិត្យលទ្ធភាពលើវិស័យអប់រំរបស់ប្រទេសទាំងពីរ ។
សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងមួយដែលមានជាយូរមកហើយ ។ សម្តេចក្រឡាហោ វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលមានកន្លងមក និងជាពិសេសទំនាក់ទំនង រវាងរាជធានីភ្នំពេញរបស់កម្ពុជា និងទីក្រុងហូជីមិញរបស់វៀតណាម ក្នុងការរួមគ្នាពង្រីកការអភិវឌ្ឍ និងវិស័យផ្សេងៗ៕ ដោយ៖បញ្ញាស័ក្តិ