Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ស្នើ​ហ៊ុន​ហ៊ួ​វ៉េ​កម្ពុជា (Huawei Cambodia) ជ្រោមជ្រែង​ឲ្យ​មានការ​វិនិយោគ ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក ពី​ក្រៅប្រទេស​មក​កម្ពុជា​

spot_img

​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ​ថ្លែងថា ក្រសួងពាណិជ្ជកម្ម បាននិងកំពុង​តែ​អនុវត្ត​រួមមាន ការរៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត​សម្រាប់​អនុវត្ត​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ការរៀបចំ​បញ្ចប់​យុទ្ធសាស្ត្រ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​ត្រៀម​រៀបចំ​គម្រោង​ថ្មី​មួយ ដែល​ផ្ដោតលើ​ការជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ជា​លក្ខណៈ​អាជីវកម្ម និង​អាជីវកម្ម សម្រាប់​ពាណិជ្ជកម្ម​ឆ្លង​ព្រំដែន និង​សម្រាប់​ទីផ្សារ​ក្នុងស្រុក​។​

​លោក​រដ្ឋមន្ត្រី​ថ្លែង​បែបនេះ ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ លោក យ៉ៅ យូ​យ៉ា (Yao Yuya) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ហ៊ួ​វ៉េ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២០​។ ​នៅក្នុង​កិច្ចប្រជុំ ក្រុមហ៊ុន​ហ៊ួ​វ៉េ​កម្ពុជា បាន​ជម្រាបជូន​ពី​ប្រវត្តិ​នៃប្រតិបត្តិ​ការ​របស់​ក្រុមហ៊ុន​នៅ​កម្ពុជា ក៏ដូចជា​ជម្រាបជូន​ពី​ផលិតផល និង​សេវា​នានា​ដែល​ផ្ដល់ជូន​ដោយ​ក្រុមហ៊ុន​ហ៊ួ​វ៉េ រួមមាន​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល បណ្ដាញ​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍ ហេដ្ឋារចនាសម្ព័ន្ធ​ទិន្នន័យ និង​កម្មវិធី និង​សេវា​ឌីជីថល​ផ្សេងៗ​។

​លោក យ៉ៅ ក៏បាន​ជម្រាប​ពី​ការងារ​មួយចំនួន​ដែល​ក្រុមហ៊ុន​ហ៊ួ​វ៉េ​កំពុងតែ​អនុវត្ត​ជាមួយ​រដ្ឋាភិបាល​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​ពី​វឌ្ឍន​ភាពទាក់ទង​នឹង​វិស័យ​បច្ចេកវិទ្យា​មួយចំនួន​។ ដោយយោង​លើ​ច្បាប់ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​បានប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​សុំ​ឲ្យ​ក្រុមហ៊ុន​ហ៊ួ​វ៉េ ជួយ​អំពាវនាវ និង​ជ្រោមជ្រែង​ឲ្យ​មានការ​វិនិយោគ ពី​ក្រុមហ៊ុន​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ពី​ក្រៅប្រទេស ដើម្បី​បង្ហាញ​ពី​សក្ដានុពល​នៃ​ទីផ្សារ​ពាណិជ្ជកម្ម តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​៕
​ដោយ​៖​សម្ផស្ស​


spot_img
×