Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម្លិះ​អង្គរ ជា​ឈ្មោះ​អង្ករ ដែល​ផ្តោតទៅលើ​ប្រភេទ​អង្ករ​ក្រអូប​ពិសេស​របស់​កម្ពុជា​

spot_img

​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ឲ្យ​ដឹងថា ម៉ាក​ផលិតផល​អង្ករ «​ម្លិះ​អង្គរ​» គឺ​ផ្តោតទៅលើ​ប្រភេទ​អង្ករ​ក្រអូប​ពិសេស​របស់​កម្ពុជា មានដូចជា អង្ករ​ផ្ការំដួល​, ផ្កា​រំដេង និង​ផ្កា​រមៀត ដែល​អង្ករ​ទាំងនេះ​មានការ​ពេញនិយម​ពី​ទីផ្សារ​អន្តរជាតិ ហើយ​ងាយស្រួល​រក​ទីផ្សារ​។

​ម្យ៉ាងវិញទៀត ការបង្កើត​ផលិតផល​ម៉ាក​អង្ករ​នេះ ដោយ​មើលឃើញថា ប្រភេទ​ស្រូវ​ទាំង​៣​ប្រភេទ​នេះ គឺ​កសិករ​ប្រមូល​ផល ដំណាលគ្នា និង​អ្នកទិញ​ពិបាក​ទុកដាក់​នៅពេល​ចុះ​ប្រមូល​ទិញ​ពី​កសិករ​។​

​លោក​ឧកញ៉ា សុង សារ៉ន បាន​អំពាវនាវ​ដល់​ក្រុមហ៊ុននាំចេញ​អង្ករ​ដែល​ធ្លាប់ប្រើ​ឈ្មោះ​អង្ករ «​ផ្កាម្លិះ​» គួរ​ប្តូរ​ទៅ​ដាក់​ផលិតផល​ម៉ាក​អង្ករ «​ម្លិះ​អង្គរ​» វិញ ដើម្បី​លើកស្ទួយ​អង្ករ​របស់​កម្ពុជា​។ លោក​ឧកញ៉ា បាន​អះអាងថា ចាប់តាំងពី​ឆ្នាំ ២០១៨ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បង្កើត​ផលិតផល​ម៉ាក​អង្ករ​ខ្មែរ​មួយ ដែលមាន​ឈ្មោះថា «​ម្លិះ​អង្គរ​» ដែល​ត្រូវបាន​ទទួលស្គាល់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​អន្តរជាតិ ហើយ​ក្រុមហ៊ុននាំចេញ​អាច​ប្រើ​វា​បានជា​ទូ ទៅ​ទាំងអស់គ្នា​។​

​ជាមួយគ្នានេះ អ្នកជំនាញ​ផ្នែក​ផលិត​ពូជស្រូវ ស្នើ​ឲ្យ​ក្រុមហ៊ុននាំចេញ​អង្ករ​កម្ពុជា កុំ​យក​អង្ករ «​ផ្ការំដួល​» ទៅ​ដាក់ឈ្មោះ​អង្ករ «​ផ្កាម្លិះ​។ អ្នកជំនាញ លើកឡើងថា ការធ្វើ​បែបនេះ អាច​នឹងធ្វើ​ឲ្យ​បាត់បង់​តម្លៃ​កេរ្តិ៍ឈ្មោះ «​អង្ករ​ផ្ការំដួល​» ដែលជា​អង្ករ​ក្រអូប​របស់​កម្ពុជា​តែមួយគត់​បានឈ្នះ​ពាន់រង្វាន់​លេខ​មួយ​ជា​អង្ករ​ឆ្ងាញ់​ជាងគេ នៅលើ​ពិភពលោក​ចំនួន ៤​ឆ្នាំ​។
​ម្យ៉ាងវិញទៀត វា​នឹងធ្វើ​ឲ្យ​កសិករ​មាន​ភាព​ច្រ​បួ​ក​ច្របល់​ភ័ន្តច្រឡំ​ពូជ និង​រាំងស្ទះ​ដល់​ការផលិត​ស្រូវ​ក្រអូប​សម្រាប់​បម្រើ​ឲ្យ​ការនាំចេញ​។

​ជុំវិញ​ការ​បញ្ហា​នេះ លោក​ឧកញ៉ា សុង សារ៉ន បាន​ទទួលស្គាល់ថា សព្វថ្ងៃ​ពិតជា​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​មួយចំនួន​នៅ​កម្ពុជា បាន​ប្រើប្រាស់​ឈ្មោះ​អង្ករ​ផ្កាម្លិះ​ដើម្បី​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស ដោយសារ​ឈ្មោះ​អង្ករ​ផ្កាម្លិះ​នេះ គឺ​ស្រដៀង​គ្នា​នឹង​អង្ករ​ក្រអូប​របស់​ថៃ ដែលមាន​ទីផ្សារ​ទូលំទូលាយ​ងាយស្រួល​លក់ ខណៈដែល​ថៃ​មាន​បទ ពិសោធន៍​ច្រើន​ឆ្នាំ​ជាង​កម្ពុជា ទៅលើ​វិស័យ​នាំចេញ​អង្ករ​នេះ​។​

​គួរ​បញ្ជាក់ថា បើតាម​អ្នកជំនាញ កន្លងមក កម្ពុជា ធ្លាប់​រង​បណ្តឹង​ពី​ពាណិជ្ជករ​ថៃ​ពាក់ព័ន្ធ​ករណី​ប្រើ​ឈ្មោះ​អង្ករ ផ្កាម្លិះ ដែល​ភាគី​ថៃ​អះអាងថា ជា​ឈ្មោះ​អង្ករ​ក្រអូប​របស់ខ្លួន ប៉ុន្តែ​យ៉ាងណាក៏ដោយ​ការប្តឹង​នេះ​ភាគី​ថៃ​មិន​ទទួលជោគជ័យ​នោះទេ​៕
​ដោយ​៖​សម្ផស្ស​

spot_img
×