Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី​៖​កម្ពុជា​កំណត់​គោលដៅ​ផលិត​ជ័រកៅស៊ូ​ឲ្យ​បាន ២៩​ម៉ឺន​តោន នៅ​ឆ្នាំ​២០២០

spot_img

​ខេត្តកំពង់ធំ​៖ លោក​ឧបនាយករដ្ឋមន្ត្រី​យឹម ឆៃលី​បញ្ជាក់ថា កម្ពុជា​គឺជា​ប្រទេស​ផលិត​ជ័រកៅស៊ូ​ធម្មជាតិ​បាន​ចំនួន​ច្រើន​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ស្ថិតក្នុង​លំដាប់ថ្នាក់​ទី​១៦ ក្នុងចំណោម​បណ្តា​ប្រទេស​ផលិត​កៅស៊ូ​ធម្មជាតិ​លើ​សកលលោក រីឯ​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​បាន​កើន​ឡើងជា​លំដាប់ ។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២៦ ខែមករា ឆ្នាំ​២០១៨ រោងចក្រ​កែច្នៃ​កៅស៊ូ​ស្ទោង ស៊ី​អ​ស៊ី​ខេ​២ របស់​ក្រុមហ៊ុន​កៅស៊ូ ជី​សេ (GC) ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​។ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ បាន​ថ្លែងថា គោលដៅ​របស់​រាជរដ្ឋាភិបាល គឺត្រូវធ្វើ​យ៉ាងណា​បង្កើន​ផ្ទៃដី​ដាំ​ដុះ​កៅស៊ូ​ឲ្យ​បាន​ច្រើន ដោយ​កំណត់​បរិមាណ​ផលិតផល​ចំនួន​ប្រមាណ ២៩​ម៉ឺន​តោន​នៅ​ឆ្នាំ​២០២០ ។ ជាមួយគ្នា​នោះ លោក​ឧបនាយករដ្ឋមន្ត្រី​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​ដែល​មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​មាន​ចំនួន​កាន់តែ​ច្រើនឡើង ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ទំនុកចិត្ត​របស់​វិនិយោគិន​បរទេស​ចំពោះ​ស្ថានភាព​ជាក់ស្តែង​នៅ​កម្ពុជា ដែល​កំពុងមាន​សុខសន្តិភាព​ពេញលេញ មាន​ស្ថេរភាព​នយោបាយ និង​មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ ជាង​២​ទស្សវត្សរ៍​កន្លងមក​នេះ ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពប៉ិនប្រសព្វ​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។​

​ក្នុងឱកាស​នោះ លោក​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី មានប្រសាសន៍ថា ការសម្ពោធ​រោងចក្រ​កែច្នៃ​ជ័រកៅស៊ូ របស់​ក្រុមហ៊ុន ស៊ី​អ​ស៊ី​ខេ​២ នៅថ្ងៃនេះ គឺជា​មោទនភាព​មួយ​នៃ​គោលនយោបាយ​អភិវឌ្ឍន៍​ដំណាំ​កៅស៊ូ​កម្ពុជា ។ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​មើលឃើញថា​៖ វិស័យ​កសិកម្ម​នៅតែ​ជា​វិស័យ​អាទិភាព ដែល​ស្រូប​ពលកម្ម​ច្រើនជាងគេ ។ ដូច្នេះ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដែលជា​ស្នូល​នៃ​សេដ្ឋកិច្ច​ជនបទ មាន​អត្ថន័យ​ពីរ​យ៉ាង គឺ​ការពង្រីក​មូលដ្ឋាន​សេដ្ឋកិច្ច និង​ការជួយ​រក្សា​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច​ផង និង​កា​រព​ន្លឿ​ន​ការកាត់បន្ថយ​ភាពក្រីក្រ​ផង ។ រាជរដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​មាន​ភាពជា​ដៃគូ​រវាង​កសិករ​ម្ចាស់​ដី​តូចៗ និង​កសិដ្ឋាន​ធំៗ សាជីវកម្ម​កសិកម្ម និង​រវាង​សម្បទា​និក​ដី​សេដ្ឋកិច្ច ជាមួយនឹង​សម្បទា​និក​ដី​សង្គមកិច្ច ជាពិសេស​សម្រាប់​ដំណាំ​ក​សិ​-​ឧស្សាហកម្ម ស្របទៅតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​កៅស៊ូ​របស់​រាជរដ្ឋាភិបាល ។​

​លោក ង្វៀន យី​លិញ អគ្គនាយក​ក្រុមហ៊ុន​កៅស៊ូ ជី​សេ កំពង់ធំ បាន​ថ្លែង​ឲ្យ​ដឹងថា ក្រុមហ៊ុន​កៅស៊ូ ជី​សេ កំពង់ធំ បានចាប់ផ្តើម​អនុវត្ត​គម្រោង​ក្នុង​ឆ្នាំ​២០០៩ បាន​ដាំ​ដុះ​កៅស៊ូ​ក្នុង​ឆ្នាំ​២០១០ និង​បញ្ចប់​ការដាំ​ក្នុង​ឆ្នាំ​២០១៤ លើ​ផ្ទៃដី​១២.៦៦៨ ហិច​តា ដោយ​ចំណាយ​ទុនវិនិយោគ​ចំនួន​១២០​លាន​ដុល្លា​អាមេរិក​គិត​មកដល់​ឆ្នាំ​២០១៧ ។ លោក​បន្ថែមថា គិត​មក​ត្រឹម​ឆ្នាំ​២០១៧ ក្រុមហ៊ុន​ចៀរ​ជ័រ​បាន ៣.៨៧៦ ហិច​តា ប្រមូល​ជ័រ​បាន ២.៣៦៧ តោន ស្មើនឹង ១១០,៦៣% នៃ​ផែនការ ។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ជាក់ស្តែង សម្ព័ន្ធ​សហគ្រាស​កៅស៊ូ​វៀតណាម បាន​អនុញ្ញាតិ​ឲ្យ​ក្រុមហ៊ុន​កៅស៊ូ ជី​សេ កំពង់ធំ សាងសង់​រោងចក្រ​កែច្នៃ​កៅស៊ូ​ដែលមាន​សមត្ថភាព​ផលិត​រហូតដល់ ៤៥​ពាន់​តោន​ក្នុង​១​ឆ្នាំ សម្រាប់​បម្រើ​ដល់​ក្រុមហ៊ុន​កៅស៊ូ​ចំនួន​បី​គឺ ក្រុមហ៊ុន ស៊ី​អ​ស៊ី​ខេ​២ ក្រុមហ៊ុន​បៀ​ន​ហៀក និង​ក្រុមហ៊ុន​មេគង្គ​។​

​ដោយឡែក​លោក ត្រាញ់ ង៉ុ​ក​ធុង​(Tran Ngoc Thuan) អគ្គនាយក​ស​ម្ព័​ន្ឋ​សហគ្រាស​កៅស៊ូ​វៀតណាម មានប្រសាសន៍ថា ស​ម្ព័​ន្ឋ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម​កំពុង​គ្រប់​គ្រង់​លើ​ការផលិត ការប្រមូល​ផល និង​កែច្នៃ​កៅស៊ូ​លើ​ផ្ទៃដី​សរុប​ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស​ចំនួន​ជាង​៤០​ម៉ឺន​ហិកតា ។ ក្នុង​ឆ្នាំ​២០១៧ ប្រមូល​ផល​កៅស៊ូ​បាន​ជាង ២៧៨​ពាន់​តោន កែច្នៃ​ជ័រកៅស៊ូ​គ្រប់​ប្រភេទ​បាន​ជាង ៣៦៥​ពាន់​តោន លក់​ចេញ​បាន ៣៤៥​ពាន់​តោន និង​បាន​ចំណូល​សរុប​ជាង ៣០៣​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ លោក​បន្តថា ចាប់តាំងពី​ឆ្នាំ​២០០៧ ស​ម្ព័​ន្ឋ​ឧស្សាហកម្ម​កៅស៊ូ​វៀតណាម បាន​វិនិយោគ​ដំណាំ​កៅស៊ូ​នៅ​កម្ពុជា​សរុប ១.០០០​លាន​ដុល្លា​សហរដ្ឋអាមេរិក ហើយ​គិត​មកដល់​បច្ចុប្បន្ន ផ្ទៃដី​កៅស៊ូ​របស់​ក្រុមហ៊ុន​ទាំងអស់​ចំនុះ​ស​ម្ព័​ន្ឋ​មាន​ជិត ៩០.០០០​ហិច​តា​សិ្ថ​ត​ក្នុង​ខេត្តកំពង់ធំ ក្រចេះ មណ្ឌល​គី​រី រតនគីរី ព្រះវិហារ សៀមរាប និង​ឧ​ត្ត​រ​មានជ័យ ដែល​ចំណាយ​ទុនវិនិយោគ​ប្រមាណ​ជាង ៦០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ៕​ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×