មន្ត្រី និងសកលវិទ្យាល័យឈានមុខគេជាច្រើនរបស់អូស្ត្រាលីបានច្រានចោលការអះអាងរបស់ចិន ដែលបានជំរុញឲ្យនិស្សិតរបស់ខ្លួនមានការប្រុងប្រយ័ត្នក្នុងការជ្រើសរើស ឬមានគម្រោងទៅសិក្សានៅអូស្ត្រាលី ដោយមានការព្រួយបារម្ភពីការរើសអើសជាតិសាសន៍ក្នុងអំឡុងពេលមានការរាតត្បាតវីរុសកូរ៉ូណា។
ចិនបានជំរុញឲ្យពលរដ្ឋខ្លួនដែលបច្ចុប្បន្នកំពុងសិក្សា ឬមានគម្រោងទៅសិក្សានៅបរទេសឲ្យមានការប្រុងប្រយ័ត្ន ខណៈកំពុងចាត់ទុកប្រទេសអូស្ត្រាលីជាគោលដៅសិក្សារបស់ពួកគេ។
ការជំរុញរបស់ចិនដល់ពលរដ្ឋខ្លួនគឺជាជម្លោះចុងក្រោយរវាងទីក្រុងប៉េកាំង និងកងបេរ៉ា ដែលកើតឡើងក្រោយពេលអូស្ត្រាលីបានស្នើឲ្យមានការស៊ើបអង្កេតឯករាជ្យរកប្រភពនៃវីរុសកូរ៉ូណា ដែលផ្ទុះឡើងក្នុងប្រទេសចិនកាលពីចុងឆ្នាំមុន។
ចិនបានលើកឡើងពីការរើសអើសជាតិសាសន៍ ដែលកើតឡើងជាច្រើនដង ប្រឆាំងនឹងជាតិអាស៊ីនៅក្នុងប្រទេសអូស្ត្រាលី។
រដ្ឋមន្ត្រីអប់រំអូស្ត្រាលីលោក Dan Tehan បានធ្វើការវាយបកវិញនៅថ្ងៃពុធម្សិលមិញនេះ ដោយបាននិយាយថា អូស្ត្រាលីគឺជាសង្គមពហុវប្បធម៌ដែលស្វាគមន៍គ្រប់អ្នកដំណើរអន្តរជាតិទាំងអស់។
លោកនិយាយក្នុងសេចក្តីប្រកាសថា “ជោគជ័យរបស់ពួកយើងក្នុងការកាត់បន្ថយការរាតត្បាតវីរុសមានន័យថា ពួកយើងជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសុវត្ថិភាពបំផុត ក្នុងលោកសម្រាប់និស្សិតអន្តរជាតិ ដែលកំពុងនៅទីនេះឥឡូវនេះ”។
“ពួកយើងសូមធ្វើការច្រានចោលរបស់ចិនដែលថា អូស្ត្រាលីជាកន្លែងដែលគ្មានសុវត្ថិភាពសម្រាប់សិស្សអន្តរជាតិ”។
សូមបញ្ជាក់ថា ការរើសអើសជាតិសាសន៍ប្រឆាំងជនជាតិអាស៊ីត្រូវបានគេរាយការណ៍ថា មានការកើនឡើងយ៉ាងខ្លាំងអំឡុងពេលរាតត្បាតវីរុស ដោយគណៈកម្មការប្រឆាំងការរើសអើងជាតិសាសន៍នៃរដ្ឋ New South Walesបាននិយាយថា ករណីទាំងនោះមានដូចជា មនុស្សត្រូវបានធ្វើបាបដោយសារការពាក់ម៉ាស ការស្តោះទឹកមាត់ និងការយាយីនៅកន្លែងសាធារណៈ និងកាប្រើភាសារើសអើងត្រូវបានគេសរសេរពេញឡាន និងកន្លែងឯកជន៕
អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ wionews