Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ពិនិត្យ​ពី​កិច្ចសហប្រតិបត្តិការ​ប្រមូល ប្រាក់​ពិន័យ​ចរាចរណ៍ តាមរយៈ​សេវា​ធនាគា​អេឡិចត្រូនិក ខណៈ​ការ​រឹតបន្តឹង​ការ អនុវត្ត​ច្បាប់​ចរាចរណ៍ ក្នុង​រយៈពេល​២​ខែ​នេះ មាន​លក្ខណៈ​ល្អប្រសើរ​

spot_img

ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​បើក​កិច្ចប្រជុំ​ពិនិត្យ ពិភាក្សា ស្ដីពី​កិច្ចសហប្រតិបត្តិការ​ប្រមូល​ប្រាក់​ពិន័យ​ចរាចរណ៍​តាមរយៈ​សេវា​ធនាគា​អេឡិចត្រូនិក​របស់​ធនាគារ​ជា​ដៃគូរ​បម្រើ​សេវាកម្ម​ប្រតិបត្តិការ​ចំណូល​-​ចំណាយ​ថវិការដ្ឋ ក្រោម​អធិបតីភាព ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ប៊ុន​ណារិន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដោយមាន​ការចូលរួម​ពី​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នាយកដ្ឋាន​នានា ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ផងដែរ​។​នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១១ ខែមិថុនា ឆ្នាំ​២០២០

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត ម៉ៅ ប៊ុន​ណារិន បាន​លើកឡើងថា ដោយ​អនុវត្តតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រជុំ ពិនិត្យ​ទៅលើ​លិខិត សំណើ​របស់​ធនាគារ​អេឡិចត្រូនិក នៃ​ធនាគារ​ដៃគូរ ដើម្បី​ចូលរួម​ក្នុងការ ប្រមូល​នូវ​ការ​ផាក ពិន័យ​ចរាចរណ៍ ដើម្បី​តាមដាន​ការ​នូវ​អនុវត្តបាន​កម្រិតណា និង​ដើម្បី​ស្វែងរក​គន្លឹះ និង​គំនិត​យោបល់​ផ្សេង​បន្ថែមទៀត​។​

​ក្នុង​កិច្ចប្រជុំ​នោះ​ផងដែរ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន អគ្គ​ស្នងការរង​នគរបាលជាតិ បាន​លើកឡើងថា ការអនុវត្ត​នីតិវិធី​នៃ​ការគ្រប់គ្រង ការប្រមូល ការបែងចែក​ប្រាក់​ពិន័យ ការប្រើប្រាស់​បង្កាន់ដៃ​ពិន័យ គឺមាន​យន្តការ​ច្បាស់លាស់ និង​ត្រួតពិនិត្យ​ត្រឹមត្រូវ បើទោះជា​នីតិវិធី​មិនទាន់មាន​ភាពជឿនលឿន​នៃ​បច្ចេកទេស​ក្នុងការ​គ្រប់គ្រង ប៉ុន្តែ​មាន​លក្ខណៈ​ជាក់លាក់ មាន​តម្លាភាព និង​មិនមាន​បញ្ហា​អ្វីដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់ចំណូល ឬ​កិត្តិយស សេចក្ដីថ្លៃថ្នូរ​របស់​ក​ង​កម្លាំង​នគរបាល​នោះឡើយ​។ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​គូសបញ្ជាក់​បន្ថែមថា ស្របតាម​ជំហរ​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ចំពោះ​សំណើ​របស់​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​ទៅលើ​បញ្ហា​ការបង់ប្រាក់​ពិន័យ​នេះ គឺ​មិនទាន់​អាចឆ្លើយតប​បាន​នៅឡើយ​ទេ ព្រោះ​អគ្គស្នងការ​នគរបាល​ជាតិ​ចង់​ឲ្យ​មានការ​ជួប​ផ្ទាល់​រវាង​អ្នក​ល្មើស និង​នគរបាល​ចរាចរណ៍ ដើម្បី​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​អំពី​ករណី​ល្មើស និង​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​។​

​ជាងនេះទៀត ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ហ៊ឹម យ៉ាន ក៏បាន​បញ្ជាក់​ផងដែរ​ថា សភាពការណ៍ នៃ​ការ​រឹត បន្តឹង​ការ អនុវត្ត​ច្បាប់​ចរាចរណ៍​ក្នុង​រយៈពេល​២​ខែ​នេះ មាន​លក្ខណៈ​ល្អប្រសើរ​ដែល​បាន​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ជាង​១១% ,​អ្នកស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មានការ​ថយចុះ​ជាង​២០%, និង​អ្នករបួស​មានការ​ថយចុះ​ជាង​២០%​។ ព្រមជាមួយ​គ្នា​នោះដែរ ក្នុង​ខែ ឧសភា​កន្លងទៅ មានការ​ផាកពិន័យ​ចំ​នួន​៤៤០០០​ករណី ក្នុងនោះ​បទល្មើស​ម៉ូតូ​មាន ចំនួន​៧៦% និង​រថយន្ត​ចំនួន​២៤%៕

ដោយ៖កូឡាប

 

 

spot_img
×