Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញា​រធរ​អំពាវនាវ​ដល់​អាជីវករ ឈប់​ការលក់​ប្រភេទ​ស្រាថ្នាំ​ឈ្មោះ “​ស្រា​ថ្នាំចិនសែ តាំង​គួ​យ​” នៅ​គ្រប់​បណ្តាទីផ្សារ​ទាំងអស់ ខណៈ​អ្នកពុល​ស្លាប់​៦​នាក់ និង​ជាង​២០​នាក់​កំពុង​សង្គ្រោះ​

spot_img

​បន្ទាយមានជ័យ ៖ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ អំពាវនាវ​ដល់​អាជីវករ ឈប់​ការលក់​ប្រភេទ​ស្រាថ្នាំ​ឈ្មោះ »​ស្រា​ថ្នាំចិនសែ តាំង​គួ​យ​» នៅ​គ្រប់​បណ្តាល​ទីផ្សារ​ទាំងអស់ និង​តាម​លំនៅឋាន​មាន​ដាក់តាំង​លក់​ក្នុង​ខេត្ត រហូតដល់​មានការ​ជូនដំណឹង​ផ្លូវការ​ពី​រដ្ឋបាលខេត្ត​។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០​នេះ​។​

​សូមបញ្ជាក់​ផងដែរ​ថា ការអំពាវនាវ​នេះ បាន​ធ្វើឡើង​ក្រោយពី នាពេល​ថ្មី​នេះ មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គល​វ​បូរី ស្រុក​ម៉ាឡៃ និង​ក្រុង​ប៉ោយប៉ែត បាន​ទទួលទាន​ស្រាថ្នាំ​ខាងលើនេះ ដែល​ពុំមាន​ប្រភព​ច្បាស់លាស់ បណ្តាល​ឲ្យ​ពុល​ស្លាប់ និង​ខ្លះទៀត​ត្រូវបាន​សង្គ្រោះបន្ទាន់​ជា​បន្តបន្ទាប់​។​

​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ថា ប​ច្ច​ប្បុន្ន​មន្ទីរជំនាញ បាន​កំពុង​យក​វត្ថុតាង ទៅធ្វើ​តេស្ត​រកសារ​ធាតុ​ផ្សំ នឹង​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​ក្នុងពេល​ខ្លី​ខាងមុខ​។​

​កាលពី​ថ្ងៃទី​១០​និង​១១​ខែមិថុនា​ឆ្នាំ​២០២០​មន្ត្រី​បាន​បន្ត​ចុះ​ដល់ផ្ទះ​តាម​កន្លែង​ស្តុក​កន្លែង​លក់ដូរ​នៅ​មូលដ្ឋាន​ភូមិ​ឃុំ​ក្នុងស្រុក​ម៉ាឡៃ​និង​ក្រុង​ប៉ោយប៉ែត​ដើម្បី​ស្រាវជ្រាវ​ករណី​ពលរដ្ឋ​កម្មករ​ស្លាប់​សង្ស័យ​ក្នុងករណី​ពុល​ស្រាថ្នាំ​ច្រក​ដប​ឈ្មោះ​ស្រា​ថ្នាំចិនសែ​តាំង​គួ​យ ស្រាថ្នាំ​សម្រួល​សរសៃ​និង​ក្រពះ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បានឱ្យដឹងថា ការស្រាវជ្រាវ​នេះ​ដើម្បី​ដឹង​ការពិត​នៃ​មូលហេតុ​និង​សារធាតុ​ចំណី​ដែលនាំឱ្យ​ពុល​ដើម្បី​ចាត់វិធានការ​បន្ត​។ គឺ​បន្ទាប់ពី​ពលរដ្ឋ​ជា​កម្មករ​៦​នាក់​ស្លាប់ ២៧​នាក់​ទៀត ត្រូវ​សង្គ្រោះ​ព្យាបាល​បន្ទាប់ពី​សង្ស័យ​ពុល​ស្រា​ថ្នាំចិនសែ​ដូចខាងលើ​កាលពី​ថ្ងៃទី​៨ ៩ ខែមិថុនា ឆ្នាំ​២០២០​។​

​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ លោក គាត ហ៊ុល អភិបាលក្រុង​ប៉ោយប៉ែត វរសេនីយ៍ឯក ធិ​ន ស៊ិន​ដេ​ត អធិការនគរបាល​ក្រុង​ប៉ោយប៉ែត លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​មន្ត្រីក្រោមឱវាទ និង​កម្លាំង​សមត្ថកិច្ច បាន​ចុះ​ពិនិត្យ​ហាង​លក់​ស្រាថ្នាំ​យីហោ «​តាំង​កួយ​» ក្រោយ​មាន​មនុស្ស​ពុល​ស្លាប់ ព្រមទាំង​បាន​រឹបអូស​បាន​ស្រា ៣៩៩៩​ដប​។​

​អាជ្ញាធរ និង​មន្ត្រី​ជំនាញ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ និង​ទប់ស្កាត់​ចរាចរ ព្រមទាំង​ស្នើសុំ​ដល់​បងប្អូន​អាជីវករ​បញ្ឈប់​ការលក់​ស្រា​ថ្នាំចិនសែ «​តាំង​គួ​យ​» និង​ប្រភេទ​ស្រា​ស្រដៀង​គ្នា ដល់​អតិថិជន​ជា​បណ្តោះអាសន្ន ក្នុង​ផ្សារ​ត្រី ផ្សារ​ថ្មី ក្រុង​ប៉ោយប៉ែត និង​តាម​ដេប៉ូ​លក់​ស្រា​ជុំវិញ​ផ្សារ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។​

​អាជ្ញាធរ​សង្កាត់​ប៉ោយប៉ែត បាន​អំពាវនាវ​ដល់​បងប្អូន​អាជីវករ ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ បញ្ឈប់​ការលក់​យីហោ​ស្រា​ប្រភេទ​ខាងលើ​ជា​បណ្តោះអាសន្ន និង​សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ធ្លាប់​ទទួលទាន​ស្រា​ប្រភេទ​នេះ ត្រូវ​បញ្ឈប់​ជាបន្ទាន់ ព្រោះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួន និង​ក្រុមគ្រួសារ ដោយ​រង់ចាំ​មន្ត្រី​ជំនាញ ក្រសួង និង​ស្ថាន​ប័នធ្វើការ​ពិសោធន៍ ឲ្យ​បាន​ត្រឹមត្រូវ​សិន មុននឹង​លក់​ឬ​ទិញ​យកទៅ​ពិសា​។​

​សូមបញ្ជាក់ថា ហេតុការណ៍​ដ៏​អាក្រក់​នេះ បាន​កើតឡើង​កាលពី​ល្ងាច​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។ ក្រោយពី​ការចុះពិនិត្យ​មន្ត្រី​ជំនាញ​រឹបអូស បាន​ស្រា​ចិន​សែ​សរុប​ចំនួន​៣៩៩៩​ដប​ស្មើ​១៩៩៩៥​លីត្រ​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ក្រសួងសុខាភិបាល បាន​ដាស់តឿន​ជាថ្មី​ដល់​ប្រជាពលរដ្ឋ​និយម​ផឹកស្រា ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ជាវ​ស្រា​មក​ពិសារ ហើយ​ត្រូវ​ជាវ​ស្រា​សមាន​ប្រភព​ច្បាស់លាស់ មានការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ និង​ពិសារ​ក្នុង​កម្រិត​តិច​បំផុត​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ស្នើ​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន​មេត្តា​ពង្រឹង​ការត្រួតពិនិត្យ​សិប្បកម្ម និង​ទីតាំង​ផលិត​ស្រា ។ ជាពិសេស​លប់បំបាត់​ទី​តាំង​ផលិត​ស្រា ដែល​មិនមាន​ច្បាប់​អនុញ្ញាត ពី​ស្ថាប័ន​ជំនាញ​។ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការពុល​ស្រា​នេះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង បាន​អះអាងថា ក្រសួងសុខាភិបាល បាន​ប្រឹងប្រែង​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ស្ព​ត​ផ្សព្វផ្សាយ អប់រំ​ប្រជាពលរដ្ឋ​ឱ្យ​យល់ដឹង​ពី​ហានិភ័យ ដែល​បណ្តាលមកពី​ការទទួល​ទាន​ស្រា​។​

​ចំណែក​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វា រួមជាមួយ​សមត្ថកិច្ច​ជំនាញ ដែល​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា បាន​ចុះទៅ​ឆែកឆេរ​ទីតាំង​ម្ចាស់​សិប្បកម្ម ផលិត​ស្រាថ្នាំ​នោះ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន ដោយសារតែ​មិនមាន​វត្តមាន​ម្ចាស់​សិប្បកម្ម ខណៈពេល​ម្ចាស់​សិប្បកម្ម បាន​រត់គេចខ្លួន​បាត់​ហើយ បន្ទាប់ពី​ដឹង​ស្រាថ្នាំ​របស់ខ្លួន បង្ក​ឲ្យ​មនុស្ស​ស្លាប់​ជិត​១០​នាក់ និង​ជាង​២០​នាក់​ទៀត សង្គ្រោះបន្ទាន់​មក​នោះ​៕
​ដោយ​៖​កូ​ឡាប​

spot_img
×