Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ត្មាត​ទាំងបី​ប្រភេទ​ ដែលមាន​វត្តមាន​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន ១១៩ ក្បាល​

spot_img

​ខេត្តព្រះវិហារ​ ៖ ​យោងតាម​លទ្ធផល​ជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស សត្វ​ត្មាត​ទាំងបី​ប្រភេទ​ដែលមាន​វត្តមាន​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​នៅ​ប្រទេស​កម្ពុ​ជាមាន​ចំនួន ១១៩ ក្បាល​ក្នុងនោះ​ត្មាតភ្លើង​ចំនួន ១១​ក្បាល ត្មោ​ត​ផេះ​ចំនួន ៧១ ក្បាល និង​ត្មោ​ត​ត្នោត​ចំនួន ៣៧ ក្បាល​។ នេះ​ជាការ​ជូនដំណឹង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងបរិស្ថាន​នៅ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ ២០២០​នេះ ក្រោយ​ការធ្វើជំរឿន​សត្វ​ត្មាត​ទូទាំងប្រទេស​កម្ពុជា​បានធ្វើ​ឡើង​នៅលើ​ទីតាំង ៤ កន្លែង​ផ្សេងៗ​គ្នា​កាលពី​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ ២០២០​។ ជំរឿន​សត្វ​ត្មាត​នៅ​ប្រទេស​កម្ពុជា​ធ្វើឡើង​ដោយ​ការប្រមូល​ទិ​ន្ន័​ន័យ​ពី ៤ ទីតាំង​ផ្សេងគ្នា​នៅក្នុង​ភូមិ ភាគ​ឥសាន​នៃ​ប្រទេស​កម្ពុជា ហើយ​ត្រូវបាន​អនុវត្ត​និង​ចូលរួម​ដោយ​ក្រុមការងារ​សត្វ​ត្មាត​កម្ពុជា (CVWG) ដោយ​សហការ​ជាមួយ​ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អង្គការ​ជីវិត​សត្វ​ស្លាប​អន្តរជាតិ (Birdlife International) អង្គការ​មូលនិធិ​សកល​ដើម្បី​អភិរក្ស​ធម្មជាតិ (WWF) មជ្ឈមណ្ឌល​អង្គរ​ដើម្បី​អភិរក្ស​ជីវចម្រុះ (ACCB) និង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ (WCS) នៅក្នុង​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្តមណ្ឌលគិរី និង​ខេត្តក្រចេះ​។ ដោយឡែក សម្រាប់​ទីតាំង​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី មិនត្រូវ​បានធ្វើ​ឡើយ​។

​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ដែល​បាន​ចូលរួម​បើក​ដំណើរការ​ជំរឿន​សត្វ​ត្មាត​ប្រចាំឆ្នាំ​នៅ​កម្ពុជា​នៅក្នុង​សហគមន៍​ដង​ផ្លិត​-​អាហា​រដ្ឋា​ន​ត្មាត ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​ដោយមាន​ការចូលរួម​ពី​អាជ្ញាធរខេត្ត មន្ត្រី​គម្រោង​ព្រៃ​ឡង់​បៃតង និង​មន្ត្រី​ជំនាញ​ក្រសួង បរិ​ស្ថាបាន​បង្ហាញ​របាយការណ៍​នៃ​លទ្ធផល​ជំរឿន​ដោយ​បញ្ជាក់ថា​សត្វ​ត្មាត​ទាំង ១១៩ ក្បាល​នោះ​មាននៅ ទី​១) ដែនជម្រកសត្វព្រៃ​ឆែប ខេត្តព្រះវិហារ មាន​សត្វ​ត្មាត​សរុប​ចំនួន ៣៤​ក្បាល គឺ​ត្មាតភ្លើង ៣​ក្បាល ត្មាតផេះ ២២​ក្បាល និង​ត្មាត​ត្នោត ៩​ក្បាល​។ ទី​២) ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង ខេត្តស្ទឹងត្រែង មាន​សត្វ​ត្មាត​សរុប​ចំនួន ៨១​ក្បាល គឺ​ត្មាតភ្លើង ៤​ក្បាល ត្មាតផេះ ៤៩​ក្បាល និង​ត្មាត​ត្នោត ២៨ ក្បាល​។ ទី​៣) ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី មាន​សត្វ​ត្មាតភ្លើង​ចំនួន ៤​ក្បាល ហើយ​នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តក្រចេះ​មិនមាន​វត្តមាន​សត្វ​ត្មាត​ទេ​។

​បើតាម​ការបញ្ជា​ក់រប​ស់​ឯកឧត្តម​រដ្ឋលេខា​ធិ​ការ​ក្រសួងបរិស្ថាន ចំនួន​សត្វ​ត្មាត​នៅ​ឆ្នាំ ២០២០ នេះ​មាន​ចំនួន ១១៩ ក្បាល មានការ​ថយចុះ​ចំនួន ១៨ ក្បាល​បើ​ប្រៀបធៀប​នឹង​លទ្ធផល​នៃ​ការ​ជំរឿន​នៅ​ឆ្នាំ ២០១៩​។ បើតាម​ការឱ្យ​ដឹង​រប​ស់​ឯកឧត្តម នេត្រ ភក្ត្រា លទ្ធផល​ជំរឿន​សត្វ​ត្មាត​នៅ​ឆ្នាំ ២០១៩ កន្លងទៅ​បង្ហាញថា​កម្ពុ​ជាមាន​សត្វ​ត្មាត​ទាំង ៣ ប្រភេទ មាន​ចំនួន ១៣៧ ក្បាល​ហើយ​តំបន់​ដែលមាន​សត្វ​ត្មាត​ច្រើនជាងគេ​គឺ​នៅ​ដែនជម្រកសត្វព្រៃ​សៀម​ប៉ាង​ក្នុង​ខេត្តស្ទឹងត្រែង និង​ដែន​ជម្រក សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន បាន​ថ្លែងថា ការធ្វើ​ជម្រឿន​រាប់​ចំនួន​សត្វ​ត្មាត​ពេលនេះ​គឺមាន​សារៈសំខាន់​ណាស់​ដើម្បីឱ្យ​បានដឹង​ចំនួន​ពិត​នៃ​សត្វ​ត្មាត​នៅ​កម្ពុជា និង​ស្ថានភាព​នៃ​ការវិវត្ត​ជុំវិញ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​។​

​សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុងស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការបាត់​ពូជ​នៅលើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅតែ​បន្ត​មានការ​ធ្លាក់ចុះ​ជា​រៀងរាល់ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាមរយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​អភិរក្ស​ក៏ដោយ​។ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា មូលហេតុ​ដែលនាំឱ្យ​សត្វ​ត្មាត​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​ការធ្លាក់ចុះ​ខ្លាំង ដោយសារ​ការគំរាមកំហែង​ខ្លាំង​បំផុត​ពី​ការបំពុល​របស់​មនុស្ស ការបាត់បង់​ជម្រក ការខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាមរយៈ​ការដាក់​អន្ទាក់ និង​ការបំពុល​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែងថា ប្រជា​សហគមន៍​នៅតាម​តំបន់​មួយចំនួន​បាន ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេងៗ ហើយ​ការបំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាលឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ​ដោយសារតែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សពសត្វ​ស្លាប់​ដោយសារតែ​ថ្នាំពុល​។

​ដោយសារតែ​សត្វ​ត្មាត​ជាស​ត្វ​កម្រ​ជិត​ផុត​ពូជ​អស់​ពីលើ​ពិភពលោក ហើយ​កម្ពុ​ជាមាន​ត្រូវបាន​គេ​ដឹងថា​នៅមាន​សល់​សត្វ​ត្មាត​ច្រើនជាងគេ​នោះ រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យដឹងថា ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ WCS បាន​អនុវត្ត​សកម្មភាព​អភិរក្ស​នៅតាម​តំបន់ការពារធម្មជាតិ​នានា​តាមរយៈ​ការផ្តល់​ចំណី​បន្ថែម និង​ការពារ​សំបុក​ពង​កូន បង្កើន​ការយល់ដឹង​ស៊ីជម្រៅ​នៃ​កត្តា​ប្រឈម​ដល់​សត្វ​ត្មាត​។ ជាមួយគ្នានេះ ក្នុងនាម​ក្រសួងបរិស្ថាន ឯកឧត្តម នេត្រ ភក្ត្រា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម អភិរក្ស និង​ការពារ​សត្វ​ត្មាត​ដោយ​បញ្ឈប់​សកម្មភាព​បរបាញ់ ឬ​ការជួញដូរ​សត្វព្រៃ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួងបរិស្ថាន​បាន​ថ្លែងថា សត្វ​ត្មាត​ជា​សត្វ​ស្លូត និង​ជា​អ្នក​ដែល​សម្អាត​បរិស្ថាន​ដោយ​ស៊ី​គម្រង់​សាកសព​សត្វ​ផ្សេងទៀត​ជា​អាហារ ហើយ​ការពារ​និង​អភិរក្ស​សត្វ​ត្មាត​បាន​គង់វង្ស វា​ជាការ​ថែរក្សា​មរតក​ធម្មជាតិ​ដ៏​មានតម្លៃ​មហាសាល​សម្រាប់​កម្ពុជា​និង​ពិភពលោក​ទាំង​មូ​
​ល ជា​តម្លៃ​សម្រាប់​ការអភិរក្ស​ជីវចម្រុះ និង​ការទាក់ទាញ​ភ្ញៀវទេសចរ​សម្រាប់​ទេសច​រណ៍​ធម្មជាតិ បង្កើត​មុខរបរ ផ្តល់​ចំណូល​ជូន​ប្រជាពលរដ្ឋ​៕ ដោយ​៖​កូ​ឡាប​

spot_img
×