Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ជម្រើសជាតិ​ថ្នាល​ប៉េតង់ ជា​ក្តីសង្ឃឹម ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ​៖ កីឡា​ប៉េតង់​កម្ពុជា​ជា​ប្រភេទ​កីឡា​សក្តានុពល នៅក្នុង​ចំណោម​ប្រភេទ​កីឡា​សក្តានុពល​នានា ដែល​ធ្លាប់​ប្រជែង​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ការប្រកួត​ជើងឯក​ពិភពលោក ជើងឯក​អាស៊ី រួមទាំង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម ជាច្រើន​ជំនាន់​ជា​បន្តបន្ទាប់​។ ក្រោយពី​វីរ​កីឡាការិនី​ដ៏​ឆ្នើម​បំផុត​របស់​កម្ពុជា លោកស្រី កែ ឡេង ដែលជា​ម្ចាស់​មេដាយមាស​ជើងឯក​ពិភពលោក​៤​ជំនាន់​ជាប់ៗ​គ្នា​បានប្រកាស​ខ្លួន​ចូលនិវត្តន៍ ការខិតខំ​ដើម្បី​បន្ត​ការប្រកួតប្រជែង​មេដាយ​ពីលើ​ឆាក​អន្តរជាតិ យកមក​ជូន​ជាតិ​មាតុភូមិ​របស់ខ្លួន​ពី​ក្រុម​ជម្រើសជាតិ​ឈុត​ធំ និង​ក្រុម​ថ្នាល​ពិត ជា​ត្រូវ​បន្ត​នូវ​កិច្ចការ​ទាំងអស់នេះ​។ នេះ​បើតាម​ការផ្សាយ​របស់ Cambodia SEA GAMES 2023 នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នៅ​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០២០​នេះ​

​ថ្វីដ្បិតតែ​កីឡា​ប៉េតង់​មិនមែនជា​ប្រភេទ​កីឡា​អូឡាំពិក ប៉ុន្តែ​ប្រភេទ​កីឡា​របស់​កម្ពុ​ជាមួយនេះ បាន​កសាង​សមិទ្ធផល​ធំៗ​ពី​កម្រិត​ជើងឯក​ពិភពលោក​មក​ជូន​ជាតិ តាមរយៈ​ការដណ្តើម​មេដាយ​ជា​បន្តបន្ទាប់​ចាប់តាំងពី​អតីត​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន​, សម្តេច​ក្រឡាហោម ស ខេង និង​បច្ចុប្បន្ន​ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។​

​ក្រុម​ជម្រើសជាតិ​ត្រូវបាន​ចែកចេញជា​ពីរ​កម្រិត​គឺ​ឈុត​ធំ និង​ក្រុម​ឈុត​ថ្នាល ដែល​ក្រុម​ថ្នាល​យុវជន​នេះ គឺជា​អ្នក​បន្តវេន​នឹង​ឈានទៅ​ចូល​ក្រុម​ធំ​ពេល​ពួកគាត់​ចម្រើន​វ័យ​១៨​ឆ្នាំ​ឡើងទៅ​។ នៅក្នុង​បទសម្ភាសន៍ លោក អ៊ុក យ៉ា​រី គ្រូបង្វឹក​ជម្រើសជាតិ​ក្រុម​ថ្នាល​កីឡា​ប៉េតង់​មានប្រសាសន៍ថា ការប្រមូលផ្តុំ​ហ្វឹកហាត់​ឡើងវិញ នៃ​ក្រុម​ជម្រើសជាតិ​ថ្នាល​យុវជន​នេះ គឺមាន​កីឡាករ​ចំ​នួ​១៧​នាក់ ក្នុងនោះ​មាន​កីឡាករ​១០ និង​កីឡាការិនី​៧​នាក់ ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​គាំទ្រ​ឲ្យ​ការហ្វឹកហាត់​ក្រុម​ថ្នាល​នេះ គឺ​ពេញ​មួយឆ្នាំៗ​តែម្តង ដើម្បី​ពង្រឹងគុណភាព​បច្ចេកទេស​ត្រៀម​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា នាពេលខាងមុខ​ជា​បន្ត​បន្ទាប់​។
​ក្រុមយុវជន​នេះ​មាន​អាយុ​១៧​ឆ្នាំ​ចុះក្រោម ដែល​តែងតែ​ហ្វឹកហាត់​យ៉ាងសកម្ម​ជា​រៀងរាល់ថ្ងៃ​តាម​កម្មវិធី​របស់​សហ​ព័ន្ធ ដោយ​ប្រភេទ​កីឡា​ប៉េតង់​នេះ ត្រូវបាន​លោក​អះអាងថា ខុសពី​ប្រភេទ​កីឡា​មួយចំនួន ដែល​ត្រូវការ​ការហ្វឹកហាត់​រយៈ​ពេល​យូរ​ឆ្នាំ ព្រមទាំង​មានបទពិសោធន៍​ច្រើន​ពី​ការប្រកួត​លើ​ឆាក​អន្តជាតិ​នានា មុន​ពេលដែល​ត្រូវ​ប្រកួតប្រជែង និង​ជ្រើសរើស​ចូលក្នុង​ក្រុម​ឈុត​ធំ​។​
​ក្រុមយុវជន​កីឡា​ប៉េតង់​មិនទាន់​ដណ្តើមបាន​មេដាយ​នៅក្នុង​ការប្រកួត​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី រៀងរាល់​ពីរ​ឆ្នាំ​ម្តង​នោះទេ ដោយ​ធ្លាក់​ត្រឹម​វគ្គ​១/៤​ដូចៗ​គ្នា ដូចជា​ជើងឯក​ពិភពលោក ឆ្នាំ​២០១៥ នៅ​ប្រទេស​ថៃ​, ជើងឯក​ពិភពលោក ឆ្នាំ​២០១៧ នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន រួមទាំង​ការទទួល​ធ្វើ​ម្ចាស់ផ្ទះ​ជើងឯក​ពិភពលោក​យុវជន និង​ស្ត្រី លើក​ទី​១៧ ឆ្នាំ​២០១៧ នៅ​រាជធានី​ភ្នំពេញ​។ គ្រូ​ជម្រើសជាតិ​ឈុត​យុវជន​រូបនេះ​លើកឡើង​ពី​ការលំបាក​នៃ​ការប្រកួតប្រជែង​ក្នុង​កម្រិត​ពិភពលោក​នេះ​ណាស់ គឺ​ដោយសារ​កីឡាករ​នៃ​បណ្តា​ប្រទេស​នានា ដែល​ចូល​រួមមាន​បច្ចេក ទេស​ខ្លាំងក្លា ហើយ​សមាសភាព​ក្នុង​ក្រុមយុវជន​នេះ​មានការ​ផ្លាស់ប្តូរ​ជានិច្ច ក្នុងពេលដែល​ពួកគាត់​ចម្រើន​វ័យ​១៨​ឆ្នាំ ដែល​សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ​កំណត់​អាយុ​ក្រោម​១៧​ឆ្នាំ​ចុះ ឬ​ក្រោម​១៨​ឆ្នាំ​ចុះ មិន​ដូចជា​ក្រុម​ឈុត​ធំ​ទេ ដោយ​កីឡាករ កីឡាការិនី​ឈុត​ធំ​មិនត្រូវ​បានកំណត់​អាយុ​នោះឡើយ​។​
​ប៉ុន្តែ​នៅក្នុង​ការប្រកួត​ជើងឯក​អាស៊ី ដែលមាន​ប្រទេស​ចូលរួម ១១ ឬ​១២​ប្រទេស ក្រុម​ជម្រើសជាតិ​យុវជន​តែងតែ​ដណ្តើម​មេដាយមាស​ស្ទើរ​រៀងរាល់ឆ្នាំ​។​

​ចាប់តាំងពី​ឆ្នាំ​២០១៤ ដែល​លោក អ៊ុក យ៉ា​រី ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថ្នាល​នេះ គឺ​កូនក្រុម​របស់លោក​តែងតែ​ដណ្តើមបាន​មេដាយមាស និង​មេដាយប្រាក់ ជា​បន្តបន្ទាប់ ហើយ​កម្រ​ធ្លាក់​ដល់​មេដាយ​សំរឹទ្ធិ​ណាស់ ដោយ​ការយក​ឈ្នះ​មេដាយមាស​នៅក្នុង​ការប្រកួត​ជើងឯក​អាស៊ី នៅ​ប្រទេស​ថៃ ឡាវ ម៉ាឡេស៊ី និង​នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០១៩ លើកលែងតែ​នៅក្នុង​ឆ្នាំ​២០១៨ ដែល​ដណ្តើមបាន​ត្រឹម​មេដាយប្រាក់​។ នៅក្នុង​ការប្រកួត​ជើងឯក​អាស៊ី លើក​ទី​៣ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម ក្រុម​ជម្រើសជាតិ​យុវជន​កម្ពុជា​ដណ្តើមបាន​មេដាយមាស​១​លើ​វិញ្ញាសា​ក្រុម ៣​ទល់​៣ ដណ្តើមបាន​ដោយ​កីឡាករ ភាព វ៉ា​ឃីម​, ទីវ រដ្ឋា​, កុយ សុភ​ក្ត្រា និង​កីឡាករ ជា ហេង​ឧ​ត្ត​មរ​ស្មី (​បម្រុង​ម្នាក់​) និង​សំរឹទ្ធ​១​គ្រឿង​ដណ្តើមបាន ដោយ​កីឡាករ ភាព វ៉ា​ឃីម លើ​វិញ្ញាសា​ឯកត្តជន​។​

​ជាមួយនឹង​ភាពលេច​ធ្លោ​នៃ​ក្រុម​ថ្នាល​យុវជន​នេះ លោកគ្រូ អ៊ុក យ៉ា​រី បាន​លើក​បង្ហាញ​នូវ​កីឡាករ​៤​នាក់ ដែល មាន​សមត្ថភាព​បច្ចេកទេស​ខ្ពស់ ដែល​ថ្មីៗ​នេះ​ទើប​ដណ្តើមបាន​មេដាយមាស​ពី​ជើងឯក​អាស៊ី ឆ្នាំ​២០១៩​។ កីឡាករ ទីវ រដ្ឋា ដែលជា​ម្ចាស់​មេដាយមាស​ជើងឯក​អាស៊ី ក្នុងចំណោម​៤​នាក់​នោះបាន​បង្ហាញ​នូវ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការខិតខំ​ហ្វឹក ហាត់​ឲ្យ​បាន​ខ្លាំងក្លា និង​ប្រឹងប្រែង​ដុសខាត់​សមត្ថភាព​បច្ចេកទេស​របស់ខ្លួន​ឲ្យ​កាន់តែ​ប្រសើរ​បន្ថែមទៀត ដើម្បី​បន្តដំណើរ​ចូលក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ នាពេលខាងមុខ​ក៏ដូចជា​ត្រៀមខ្លួន​ចូលរួម​ការប្រកួត​អន្តរជាតិ​នានា ជាពិសេស គឺ​ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម និង​ចូលរួម​ប្រកួត​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​ព្រះរាជា​ណ​ចក្រ ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ​។ យុវជន​រូបនេះ​បន្ថែមថា សម្រាប់​ការគោរព​ពេលវេលា​នៃ​ការហ្វឹកហាត់ ព្រមទាំង​វិន័យ​ជា ដើម គឺ​ខ្លួន​តែងតែ​អាចធ្វើ​បាន​តាម​បង្គាប់​របស់លោក​គ្រូ​រប​ស់​ខ្លួន ដោយហេតុថា វិន័យ​នេះហើយ​ទើប​ធ្វើ​ឲ្យ​ការ​ដុះខាត់ សត​ម្ថ​ភាព​កាន់តែ​មុះ​មុត ដើម្បី​ត្រៀមខ្លួន​ឆ្ពោះទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ស្ថិតនៅក្នុង​ក្រុម​ជម្រើសជាតិ​ថ្នាល​អស់​រយៈពេល​៥​ឆ្នាំ​មកនេះ យុវជន ទីវ រដ្ឋា តែងតែ​បណ្តុះ​នូវ​ឆន្ទៈ ដើម្បី​ឲ្យ​ក្លាយខ្លួនជា​កីឡាករ​ឆ្នើម ក្នុង​ឈុត​ធំ នាពេល​មុខ ដើម្បី​ប្រជែង​មេដាយ​យកមក​ជូន​ជាតិ​។​

​ក្នុងស្ថានភាព​វិបត្តិ​កូ​វីដ​-១៩ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​ហ្វឹកហាត់​ជា​ជំហានៗ​ឡើងវិញ​នេះ គឺ​ប៉េតង់​ហ្វឹកហាត់​ត្រឹមតែ​៣​ម៉ោង​ទេ ប៉ុន្តែ​បើ​ធម្មតា​ពេលមុនៗ ឬ​ក្រោយ​ចប់​វិបត្តិ​ជំងឺ​ផ្លូវដង្ហើម​នេះ គឺ​ការហ្វឹកហាត់​រយៈពេល​៦​ម៉ោង ក្នុង​១​ថ្ងៃៗ​។ សម្រាប់​ការប្រមូលផ្តុំ​ហ្វឹកហាត់​នៃ​ក្រុម​ជម្រើសជាតិ​ថ្នាល​នេះ មិន​ត្រឹមតែ​ប្រភេទ​កីឡា​ប៉េតង់​នោះទេ ប៉ុន្តែ​ប្រភេទ​កីឡា​នានា​ក៏​ត្រូវបាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀបចំ​ឲ្យ​មាន​ហ្វឹកហាត់​ពេញ​១​ឆ្នាំៗ ដើម្បី​សម្រួច​គោលដៅ​ឆ្ពោះទៅ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​។​

«​ការហ្វឹកហាត់​ប្រចាំឆ្នាំ​២០២០​នេះ ដើម្បី​បង្កើន​សិទ្ធ​ផល​របស់​ក្រុម​ជម្រើសជាតិ​កីឡា​ប៉េតង់​ឲ្យ​បានល្អ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួតប្រជែង​មេដាយ​នៅក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ី នា​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ប្រទេស​ថៃ ប្រសិន​ស្ថានភាព​វិបត្តិ​ជំងឺ​១៩​បាន​វិល​មករក​ភាពល្អប្រសើរ​ឡើងវិញ ហើយ​ប្រសិនបើ​ព្រឹត្តិការណ៍​នៅ​ប្រទេស​ថៃ​នេះ​ត្រូវបាន​លើក​ពេល ឬ​លុបចោល​ទៀត​នោះ គឺ​យើង​ត្រៀម​ការប្រកួត​អន្តរជាតិ ជា​បន្តបន្ទាប់​ទៀត​នា​ឆ្នាំ​២០២១ ខាងមុខ ក៏ដូចជា​ត្រៀម​ប្រកួត ស៊ី​ហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២១ មុនពេល​ឈានដល់​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។​»

​ស្ថិតនៅក្នុង​វ័យ​៦០​ឆ្នាំ លោក អ៊ុក យ៉ា​រី មានប្រសាសន៍​ឲ្យ​យើង​ដឹង​ទៀតថា ជាមួយនឹង​ការខិតខំ​ហ្វឹ​ហាត់ ក៏ដូចជា​ការ​ប្រជែង​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ពី​ជើងឯក​អាស៊ី ជា​បន្តបន្ទាប់ លោក​បានដាក់​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុម​ជម្រើសជាតិ​ថ្នាល​មួយចំនួន​នឹងមាន​សិទ្ធ​ផល​កាន់តែ​ល្អប្រសើរ ចូលទៅក្នុង​ឈុត​ធំ ដែលជា «​ក្តីសង្ឃឹម​ឆ្ពោះទៅ​ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣​។​» នៅក្នុង​ការប្រកួត​ស៊ី​ហ្គេម​នេះ បើទោះបីជា​យើង​មិន​ប្រើប្រាស់​ឈុត​ថ្នាល​ក៏ពិតមែន ប៉ុន្តែ​ការកសាង​ធនធាន​អត្ត​ព​លិ​ក​ពី​យុវជន​ពិតជា​សំខាន់បំផុត នៅពេលដែល​គាត់​ចម្រើន​វ័យ​ត្រឹម​១៨​ឆ្នាំ​ឡើងទៅ គឺ​ពួកគាត់​ឡើងទៅ​បន្ត​ការហ្វឹកហាត់​នៅក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ដើម្បី​ស៊ី​ហ្គេម ក៏ដូចជា​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជាច្រើន ទៀត​។​

​ក្រុម​ជម្រើសជាតិ​ថ្នាល​កម្ពុជា​តែងតែ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្តរជាតិ​ធំៗ​ចំនួន​ពីរ គឺ​ការចូលរួម​ប្រកួត​ជើង ឯក​ពិភពលោក​យុវជន និង​ស្ត្រី រៀងរាល់​២​ឆ្នាំ​ម្តង និង​ការប្រកួត​ជើងឯក​អាស៊ី ជា​រៀងរាល់ឆ្នាំ​។​
​ប្រភេទ​កីឡា​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជាមួយនេះ​តែងតែបាន​រំលេច​នូវ​ភាព​ភាព​លេចធ្លោ និង​កិត្តិយស​តាមរយៈ ការ​ឈ្នះ​មេដាយ​ពីលើ​ឆាក​អន្តរជាតិ​ជា​បន្តបន្ទាប់ យកមក​ជូន​ជាតិ​របស់ខ្លួន​ដូចគ្នា​នឹង​ប្រភេទ​កីឡា​សក្តានុពល​ដទៃទៀត​របស់​កម្ពុជា​ផងដែរ​។
​ក្នុងនោះ​ការ​ប្រជែង​បាន​មេដាយ​នៅក្នុង​ការប្រកួត​កីឡា​កម្រិត​ហ្គេម​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ (SEA Games) ប្រភេទ​កីឡា​ប៉េតង់​នេះ​ក៏​តែងតែ​ប្រជែង​បាន​មេដាយ ជាពិសេស​គឺ​ស៊ី​ហ្គេម លើក​ទី​៣០ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន ប្រភេទ​កីឡា​ប៉េតង់​ឈ្នះ​មេដាយមាស​១​វិញ្ញាសា និង​មេដាយប្រាក់ ដោយ​មេដាយមាស នេះ​ដណ្តើមបាន​ដោយ​ក្រម​ក្រុម​ប៉េតង់​នារី​កម្ពុជា ដែលមាន​កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម​, ដួង ឌី​ណា​, អ៊ុន ស្រី​យ៉ា និង ឃួន យ៉ា​រី (​បម្រុង​ម្នាក់​) លើ​វិញ្ញាសា​៣​ទល់​៣ ក្រោយ​យកឈ្នះ ក្រុម​ម៉ាឡេស៊ី ដោយ​លទ្ធផល​ពិន្ទុ ១៣-៤​។ កីឡាការិនី ស្រ៊ាង សុរ៉ា​ឃីម និង​កីឡាការិនី​ឃួន យ៉ា​រី គឺជា​អតីត​កីឡាការិនី​ក្រុម​ជម្រើសជាតិ​ថ្នាល​ក្រោយ​ការបង្ហាត់​ពី​លោក អ៊ុក យ៉ា​រី និង​បាន​ឈាន​ចូលទៅ​ក្រុម​ជម្រើសជាតិ​ធំ កាលពី​ឆ្នាំ​២០១៦ រីឯ​កីឡាការិនី ដួង ឌី​ណា និង​អ៊ុន ស្រី​យ៉ា មិន​ធ្លាប់​ឆ្លងកាត់ ការ​ហ្វឹក​ហាត​នៅ​ក្រុម​ថ្នាល​ទេ គឺ​ពួកគាត់​ស្ថិតនៅ​ក្រុម​ធំ​តាំង​ពីមុនៗ​មក​។​

​លោកគ្រូ អ៊ុក យ៉ា​រី បានរៀបចំ​ពី​ជីវប្រវត្តិ​ខ្លះៗ មុន​ឈាន​ជើង​ចូលមក​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ថ្នាល​ថា គឺ​លោក​ជា​អតីត​កីឡាករ​ក្នុង​សមាគម​កីឡា​ខេត្តកណ្តាល ចាប់តាំងពី​ឆ្នាំ​១៩៩៩ រហូតមកដល់ ឆ្នាំ​២០០៣ ហើយ​លោក​បាន​ជាប់​ជា​កីឡាករ​ជម្រើសជាតិ​ប៉េតង់ នៅ​អំឡុង​ឆ្នាំ​២០០៣ ហើយ​នៅក្នុង ឆ្នាំ​នោះដែរ លោក​ក៏បាន​ឈ្នះ​មេដាយ​សំរឹទ្ធ​លើ​វិញ្ញាសា​ជា​ក្រុម ក្នុងការ​ប្រកួត​ជើងឯក​អាស៊ី នៅ​ប្រទេស​ថៃ លើក​ទី​១៦ ប៉ុន្តែ​ការប្រកួត​ជើងឯក​យុវជន​អាស៊ី​នេះ​ត្រូវបាន​កែប្រែ​រចនាសម្ព័ន្ធ​ឡើងវិញ ដែល​តាមពិត​ច​ជើងឯក​យុវជន​អាស៊ី កើនឡើង​ដល់​លើក​ទី​២២​ឆ្នាំ​ហើយ ហើយ​កាលពី​ឆ្នាំ​២០១៦ ជើងឯក​យុវជន​អាស៊ី ត្រូវបាន​រំសាយ ដោយបាន​ប្រកួត​បានចាប់ផ្តើម​រាប់​ជា​លើក​ទី​១​ឡើងវិញ ដោយ​ការប្រកួត ជើងឯក​យុវជន​អាស៊ី លើក​ទី​១ នៅ​ប្រទេស​ថៃ ឆ្នាំ​២០១៧, លើក​ទី​២ ឆ្នាំ​២០១៨ នៅ​ប្រទេស​ម៉ាឡេស៊ី និង​លើក​ទី​៣ នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០១៩ ថ្មីៗ​នេះ​។ នៅ​ឆ្នាំ​២០០៤ លោក​ត្រូវបាន​សមាគម​កីឡា​ក្រសួងមហាផ្ទៃ​ជ្រើសរើស​លោក​ធ្វើជា​គ្រូ​ជំនួយ ហើយ​ចាប់តាំងពី​ឆ្នាំ​២០១៤​មក លោក​ត្រូវបាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ជ្រើសរើស​ឲ្យ​លោក​ធ្វើជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ថ្នាល​រហូតដល់​បច្ចុប្បន្ន​។​

​សូមបញ្ជាក់ថា ដើម្បី​ត្រៀមខ្លួន និង​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កម្រិត​ហ្គេម​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍​នេះ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​, ក្រសួង​អប់រំ យុវជន និង​កីឡា​, គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​សហព័ន្ធ​កីឡា​ជាតិ ជាពិសេស​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ ហៅ​កាត់ គ​.​ជ​.​ប​.​អ (CAMSOC) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា កាលពី​ឆ្នាំ​២០១៦ កំពុង​ខិតខំ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​កីឡា ដូចជា​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ និង​ការពង្រឹង​លើ​ផ្នែក​បណ្តុះបណ្តាល​មន្ត្រី ព្រមទាំង​ការហ្វឹកហាត់​របស់​អត្ត​ព​លិ​ក​ក្នុងប្រទេស និង​នៅក្រៅ​ប្រទេស ដែល​កម្ពុជា​បាន​ត្រៀម​លើ​ចន្លោះ​ពី​៣២ ទៅ​៣៥​ប្រភេទ​កីឡា​។
​ក្នុង​ដំណើរ​ឆ្ពោះទៅ​រៀបចំ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​នេះ ត្រូវបាន​ឯកឧត្តម វ៉ា​ត់ ចំរើន បានបញ្ជាក់​ជូន​ជាថ្មី​នៅ​ដើមខែ​មិថុនា ឆ្នាំ​២០២០​នេះ​ថា ក្នុង​ដំណើរ​ឆ្ពោះទៅ ស៊ី​ហ្គេម ឆ្នាំ​២០២៣ នៅតែមាន​ភាព​វិជ្ជមាន ដោយ​ការខិតខំ​ប្រឹងប្រែង​នៅតែ​បន្ត​ជាមួយនឹង​គ្រប់​បញ្ហា​អ្វីៗ​ទាំងអស់​កំពុង​ដំណើរ​ដោយ​រលូន បើទោះបីជា​នៅក្នុង​ឆ្នាំ​២០២០​នេះ​យើង​ជួប​បញ្ហា​ជំងឺ​កូ​វីដ​-១៩​នេះ​ក្តី ក៏​ការសាង់សង់​ហេដ្ឋារចនាសម្ព័ន្ធ​នៅតែ​បន្តសកម្មភាព​របស់ខ្លួន​ដដែល ខណៈ​ការកសាង​ធនធានមនុស្ស កីឡាករ កីឡាការិនី​គេ​មី​ជម្រើសជាតិ​បាន​រង​ផលប៉ះពាល់​ខ្លះៗ​ក្នុង​រយៈពេល​ខ្លី ប៉ុន្តែ​យើង​អាច​ពង្រឹងសមត្ថភាព​នេះ​ចាប់ពី​ឆ្នាំ​២០២១​បាន​។ ដោយឡែក​ការងាររដ្ឋបាល ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ ការពង្រឹង​រចនាសម្ព័ន្ធ និង​កិច្ចការ​ផ្សេងៗ​នៅតែ​បន្តធ្វើ​ជាប្រចាំ​ស្របតាម​ផែនការមេ​ស៊ី​ហ្គេម ២០២៣៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×