Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​យុវជន​ម្នាក់ដឹក​អីវ៉ាន់​អន​ឡាញ បើក​ម៉ូតូ​បុក​សមត្ថកិច្ច​នគរបាល​របួស​២​នាក់ ខណៈ​ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ពេលយប់​

spot_img

​ភ្នំពេញ ៖ ខណៈ​ចុះ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ពេលយប់ យុវជន​បង្ក​ម្នាក់ បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​សមត្ថកិច្ច បណ្តាល​ឲ្យ​រងរបួស ហើយ​ត្រូវ​ឃាត់ខ្លួន​យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​សមត្ថកិច្ច​នគរបាល​របួស​២​នាក់​

​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង បាន​ឲ្យ​ដឹងថា ទោះជា​នឿយហត់ និង​ប្រឈម​នៅ​បញ្ហា​ជាច្រើន​ក្តី ក៏​សមត្ថកិច្ច​មិន​រួញរា​ឡើយ ក្នុងការ​អនុវត្ត​ច្បាប់​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​នេះ ព្រោះ​ការអនុវត្ត​ច្បាប់​នេះ​គឺ​បាន​ជួយ​កាត់បន្ថយ​ការគ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន ជាពិសេស​គឺ​បាន​ការពារ​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ ។ ជនបង្ក​ដែល​បើក​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បុក​សមត្ថកិច្ច​ពេល​កំពុង​អនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​គោលដៅ​ខណ្ឌ​បឹង​កេងកង កាលពី​យប់​ថ្ងៃទី​១២ ហើយ​ជនបង្ក​ត្រូវបាន​ឃាត់ខ្លួន និង​ត្រៀម​ឯកសារ​ដើម្បី​បញ្ជូនទៅ​តុលាការ​អនុវត្ត​បន្ត​តាម​នីតិវិធី​ច្បាប់ ។​

​បើតាម​របាយការណ៍រ​បស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ បាន​ឲ្យ​ដឹងថា សមត្ថកិច្ច​នគរបាល​២​នាក់ ម្នាក់​របួស​បាក់ជើង​ខាងស្តាំ និង​ម្នាក់ទៀត​របួស​ពក​ក្បាល​ផ្នែក​ខាងក្រោយ ដោយសារ​យុវជន​ម្នាក់​បើក​ម៉ូតូ​បុក​ទាំង​កម្រោល ខណៈ​កំពុង​ចុះ​បំពេញភារកិច្ច​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ពេលយប់ ។​

​ហេតុការណ៍​នេះ​កើតឡើង​នា​វេលា​ម៉ោង​២២​និង​២០​នាទី ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​មុខ​វត្ដ​មហាមន្ដ្រី​ផ្លូវ​ព្រះសីហនុ ក្រុម​៣ ភូមិ​១ សង្កាត់​អរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនបង្ក​ឈ្មោះ វុ​ធ ថូធ​វ៉ាន់​ថង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ផ្ទះជួល ផ្លូវ​សល់​ឡា ភូមិ​អ័ក​គី​ដេ សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មុខរបរ​ដឹក​អីវ៉ាន់​អន​ឡាញ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ភ្លាមៗ បន្ទាប់ពី​កើតហេតុ និង​ដក​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្គូ​ពី​អាយ ( Scopy i ) ស៊េរី ២០១៩ ពណ៌​ស ពាក់​ស្លាក់​លេខ​: ភ្នំពេញ 1HG-7961 ។​

​ជនរងគ្រោះ​មានឈ្មោះ វង្ស ចំណាន ភេទ ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ ស្នាក់​នៅផ្ទះ​លេខ​១២៩៥ ផ្លូវជាតិ​លេខ​៥ ភូមិ​២ សង្កាត់​ច្រាំង​ចំរេះ ខណ្ឌឫស្សីកែវ រាជធានី​ភ្មំ​ពេញ មុខរបរ​នគរបាល ខណ្ឌ​បឹង​កេងកង និង​ឈ្មោះ ខែម សូ​នី ភេទ ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិ វត្ដ​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ដ​កណ្ដាល មុខរបរ​នគរបាល ផ្នែក​អន្ដរាគមន៍​រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​បន្តថា នៅវេលា​កើតហេតុ សមត្ថកិច្ច​កំពុង​ប្រតិ​ប​ត្ដិ​ការណ៍​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​នៅ​ចំណុច​មុខ​វត្ដ​មហាមន្ដ្រី ផ្លូវ​ព្រះសីហនុ ក្រុម​3 ភូមិ​1 សង្កាត់​អូរ​ឡាំ​ពិ​ក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។ ពេលនោះ​ជនបង្ក​បើក​ម៉ូតូឌុប​មនុស្ស​ស្រី​ម្នាក់ ដោយ​មនុស្ស​ស្រី​នោះ​គ្មាន​ពាក់មួក​សុវត្ថិភាព​ត្រឹមត្រូវ ពេល​ឃើញ​សមត្ថកិច្ច ក៏បាន​បត់​ម៉ូតូ​ត្រឡប់ក្រោយ​បញ្ច្រាសទិស​បម្រុង​បើក​គេចខ្លួន​ក៏​ជ្រុល​បុក​សមត្ថកិច្ច​នគរបាល​ម្នាក់​កំពុង​ឈរ​នៅ​គោលដៅ បណ្ដាល​ឲ្យ​ដួល​ពក​ក្បាល​ផ្នែក​ខាងក្រោយ រួច​ជ្រុល​ទៅបុក​សមត្ថកិច្ច​ម្នាក់ទៀត បណ្ដាល​ឲ្យ​បាក់ជើង​ខាងស្ដាំ ។ ភ្លាមនោះ​សមត្ថកិច្ច​បាន​ឃាត់​ជនបង្ក​បាន​នៅ​កន្លែងកើតហេតុ រួម​និង​ម៉ូតូ នាំមក​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​អូរ​ឡាំ​ពិ​ក​ដើម្បី​សាកសួរ ។ ចំណែក​ជនរងគ្រោះ (​សមត្ថកិច្ច​នគរបាល​) ត្រូវបាន​រថយន្ដ​ស​ង្រោះ​បន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ មិ​ត្ដ​ភាព​ខ្មែរ​សូ​វៀត ។​

​បច្ចុប្បន្ន ជនបង្ក​រួម​នឹង​វត្ថុតាង ត្រូវបាន​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×