Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រោង​កសាង​ស្ពាន​អាកាស​ថ្មើរជើង នៅក្នុង​រាជធានី​ភ្នំពេញ ប្រមាណ ២៥ ស្ពាន​ទៀត​

spot_img

​ភ្នំពេញ​៖​ស្របតាម​កំណើន​របស់​ប្រជាពលរដ្ឋ ចេះតែ​កើន​ឡើងជា​លំដាប់ ដោយនៅ​មកដល់ពេលនេះ ទាំង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​អចិន្ត្រៃយ៍ និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ អាស្រ័យ​នឹង​ការរកស៊ី និង​ធ្វើការ​ផ្សេងទៀត មាន​សរុប​ប្រមាណ​ជាង​៣​លាន​។ ទន្ទឹមនឹង​កំណើន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ចំនួន​២៥​ទីតាំង​ទៀត ដើម្បី​សម្រួលការ​កកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម​ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ខណៈដែល​ឯកឧត្តម​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ដែនដី ចុះ​ពិនិត្យ​ការ​រដ្ឋា​ន​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ កាលពី​ព្រឹក​ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ​២០២០ ស្រប​ពេលដែល​ស្ពាន​នេះ ស្ថាបនា​បាន​រួចរាល់​ប្រមាណ​ជា​៩៥​ភាគរយ​ហើយ​។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​បញ្ជាក់ថា សម្រាប់​ភ្នំពេញ​របស់​យើង​មកដល់ពេលនេះ ទាំង​អ្នក​ស្នាក់អាស្រ័យ ទាំង​អ្នកស្នាក់នៅ​អចិន្ត្រៃយ៍​មាន​ចំនួន​ប្រមាណ​ជាង​បី​លាន​នាក់ ដែល​តម្រូវ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​យើង ធ្វើការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ ទាំង​ការកសាង​ផ្លូវ លូ ជាមួយនឹង​ការកសាង​ស្ពាន​អាកាស​ក្រោម​ដី លើដី និង​ស្ពាន​អាកាស​ថ្មើ​ជើង​ជាដើម ដើម្បី​រំដោះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ ។ ជាក់ស្ដែង​សម្រាប់​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាននិងកំពុង​ស្ថាបនា​ស្ពាន​អាកាស​ថ្មើរ​ពីរ​កន្លែង​បន្ថែមទៀត នោះ​គឺ​ស្ពាន​អាកាស​ថ្មើរជើង​ផ្សារ​ដើម​គរ និង​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ស្តុ​ប​សន្ធរម៉ុក​។​

ឯកឧត្តម​បញ្ជាក់ទៀតថា ដើម្បី​តម្រូវការ​ទៅតាម​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស របស់​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​កសាង​ស្ពាន​អាកាស​ថ្មើ​ជើង​ចំនួន​២៥​ទីតាំង​ទៀត នៅក្នុង​រាជធានី​ភ្នំពេញ ដើម្បី​រំដោះ​ការកកស្ទះ និង​កាត់បន្ថយ​នូវ​គ្រោះថ្នាក់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ ។​

​ឯកឧត្តម​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផងដែរ​ថា ភ្នំពេញ​ពិតជា​មានការ​អភិវឌ្ឍ​យ៉ាង​លឿន ជាក់ស្ដែង​បើតាម​ការសិក្សា​អង្គការ​ចៃ​កា បាន​បង្ហាញថា ស្ពាន​លី​យ៉ុង​ផាត់ ឬ​ស្ពាន​ព្រែក​ព្នៅ នឹង​ស្ថាបនា​ឡើង​រួចរាល់​នៅ​ឆ្នាំ​២០២០ ប៉ុន្តែ​វា​មិន​ដូច្នោះ​ទេ ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ស្ពាន​លី​យ៉ុង​ផាត់​ហៅ​ស្ពាន​ព្រែក​ព្នៅ ស្ថាបនា​បាន​រួចរាល់​តាំងពី​ឆ្នាំ​២០១០​មក​ម្លេះ មានន័យថា យើង​បាន​អភិវឌ្ឍន៍​លឿន​មុន​១០​ឆ្នាំ​។​

បើតាម​ការបញ្ជាក់​ពី​ក្រុមហ៊ុន Space media Co,Ltd ថា គិត​មកដល់ពេលនេះ ការស្ថាបនា​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ផ្សារ​ដើម​គរ​នេះ បានសម្រេច​លទ្ធផល​ប្រមាណ​ជា​៩៥​ភាគរយ​ហើយ គឺ​នៅសល់តែ​ការ​ក្រាលកម្រាល​ថ្មើរជើង ការសម្អាត ការតុបតែង កា​រតភ្លើង និង​ការ​លាបថ្នាំ​ជាដើម ហើយ​ការងារ​នេះ​នឹង​បញ្ចប់​នៅ​៣​សប្តាហ៍​ទៀត​។​

​ចំណែក​ស្ពាន​អាកាស​ថ្មើរជើង នៅត្រង់​មុខ​សាលាបឋមសិក្សា​សន្ធរម៉ុក ត្រូវ​សាង់សង់​នៅលើ​ចំណុច​ផ្លូវ​ប្រសព្វ​ទាំង​៤​ទិស គឺ​សាងសង់​កាត់​ទទឹងផ្លូវ​ម៉ៅ​សេទុង​២​ខ្សែ និង​កាត់​ទទឹងផ្លូវ​កម្ពុជា​ក្រោម ២​ខ្សែ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​សិស្សានុសិស្ស បាន​ឆ្លងកាត់​ស្ពាន​នេះ ដោយ​សុវត្ថិភាព ទោះ​ពួកគេ​មកពី​ទិស​ខាង​ណាក៏ដោយ​។​

​គួរ​បញ្ជាក់ថា មកដល់ពេលនេះ រាជធានី​ភ្នំពេញ​មាន​ស្ពាន​អាកាស​ថ្មើរជើង ចំនួន​៣​កន្លែង​ហើយ ក្នុងនោះ​រួមមាន នៅ​តំបន់​ជម្ពូ​វ័​ន្ត ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ចំនួន​២​កន្លែង និង​នៅ​តំបន់​ភ្លើងស្តុប​នាង​គ​ង្ហី​ង មាន​ចំនួន​១​កន្លែង ហើយ​បើតាម​គម្រោង​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ពង្រីក​គម្រោង​ស្ថាបនា​នេះ​ឲ្យ​បាន​ច្រើន​កន្លែង​បន្ថែមទៀត ដើម្បី​ឆ្លើយតប​ទៅនឹង​ប្រទេសជាតិ មានការ​អភិវឌ្ឍ​និង​ទីក្រុង​មាន​ភាព​ស៊ី​វិ​ល័យ និង​បង្កលក្ខណៈ​ងាយស្រួល ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​ផ្លូវ​ប្រកបដោយ​សុវត្ថិភាព​៕
​ដោយ​៖​កូ​ឡាប​

spot_img
×