Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប​៥៨​ឆ្នាំ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ លើ​ប្រាសាទព្រះវិហារ​

spot_img

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister​នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស អបអរសាទរ ខួប​៥៨​ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ លើ​ប្រាសាទព្រះវិហារ​។​

សម្តេច​តេ​ជោ បាន​ថ្លែងថា ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ខួប​៥៨​ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នាទី​ក្រុងឡាអេ ប្រទេស​ហុ​ឡង់ បានសម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ​។​

​សម្តេចព្រះ​មហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ រហូតដល់​យើង​បាន​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ ៧​កក្កដា ឆ្នាំ​២០០៨។

ជម្លោះ​ទាក់ទង​នឹង​ប្រាសាទព្រះវិហារ​បាន​ចាប់​ផ្ទុះឡើង​ខ្លាំង នៅ​ឆ្នាំ​១៩៥៤ បន្ទាប់ពី​កម្ពុជា​បានទទួល​ឯករាជ្យ​ពី​បារាំង​។ ថៃ​បាន​បញ្ជូន​កងកម្លាំងប្រដាប់អាវុធ​ជាច្រើន ចូលមក​កាន់កាប់​ប្រាសាទព្រះវិហារ​។​

​សម្តេចព្រះ​មហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ និង​ដេញ​កងកម្លាំងប្រដាប់អាវុធ​របស់​ថៃ ឱ្យ​ចាក​ចេញពី​ប្រាសាទព្រះវិហារ​។​

​ក្រោយពី​ដំណើរការ​តាមផ្លូវ​ទូត​ត្រូវ​ទទួល​បរាជ័យ កម្ពុជា​បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ នៅ​ថ្ងៃទី​៦ តុលា ឆ្នាំ​១៩៥៩ ដើម្បី​ស្នើ​សុំឱ្យ​តុលាការ​ប្រគល់​អធិបតេយ្យ​ដែនដី​លើ​ប្រាសាទព្រះវិហារ​មកឱ្យ​កម្ពុជា និង​ទាមទារ​ឱ្យ​ថៃ​ដក​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ចេញពី​ប្រាសាទព្រះវិហារ​។​

​នៅក្នុង​ការជំនុំជម្រះ​លើ​អង្គសេចក្ដី​នោះ កម្ពុជា និង​ថៃ បាន​លើក​បង្ហាញ​ទឡ្ហី​ករ​រៀងៗ​ខ្លួន ដើម្បី​ទាមទារ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ​។ កម្ពុជា បាន​លើកយក​ផែនទី​ដងរែក (​ផែនទី​ឧបសម្ព័ន្ធ​ទី​១) ដែលជា​ផែនទី​កើតចេញពី​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤ មក​ធ្វើជា​មូលដ្ឋាន​ច្បាប់​។ តាមរយៈ​បន្ទាត់​ព្រំដែន នៅក្នុង​ផែនទី​ឧបសម្ព័ន្ធ​ទី​១​នេះ បង្ហាញថា ប្រាសាទព្រះវិហារ​ស្ថិតនៅក្នុង​ទឹកដី​របស់​កម្ពុជា​។​

​រីឯ​ថៃ​វិញ បានលើកឡើង​នូវ​ទឡ្ហី​ករ​មួយចំនួន ដើម្បី​ច្រានចោល​ខ្សែបន្ទាត់​ព្រំដែន ក្នុង​ផែនទី​ឧបសម្ព័ន្ធ​ទី​១ ដែល​កម្ពុជា​បានលើកឡើង​នោះ​។ ថៃ​បាន​លើក​ហេតុផល​ថា ខ្សែបន្ទាត់​ព្រំដែន​នៅក្នុង​ផែនទី​នេះ ខុសពី​អ្វីដែល​បានចែង​ក្នុង​សន្ធិសញ្ញា​បារាំង​-​សៀម ឆ្នាំ​១៩០៤​។ ថៃ​អះអាងថា យោងតាម​មាត្រា ១ នៃ​សន្ធិសញ្ញា​នេះ សៀម និង​បារាំង បាន​ព្រមព្រៀងគ្នា​ថា ខ្សែបន្ទាត់​ព្រំដែន​នៅ​តំបន់​ដងរែក គឺ​ត្រូវ​យកតាម​ខ្សែ​បែងចែក​ផ្លូវទឹក​។ ភាគី​ថៃ​យល់ថា បើ​មើលទៅ​លើដី​ជាក់ស្តែង ខ្សែ​បែងចែក​ផ្លូវទឹក គឺ​ស្ថិតនៅ​ខាងត្បូង​ប្រាសាទព្រះវិហារ​។ ដូច្នេះ​ប្រាសាទព្រះវិហារ​ត្រូវ​ស្ថិតនៅក្នុង​ទឹកដី​ថៃ​។​

​ទោះបី​ភាគី​ថៃ បាន​តវ៉ា​យ៉ាងនេះ​ក្តី ទីបំផុត​ទៅក្នុង​សាលដីកា​ឆ្នាំ​១៩៦២ តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ បាន​ច្រានចោល​ការលើកឡើង​រប​ស់ភា​គី​ថៃ​។ បើតាម​តុល​ការ​ក្រុងឡាអេ មាត្រា​១ នៃ​សន្ធិសញ្ញា ឆ្នាំ​១៩០៤ បានចែង​កំណត់​យក​ខ្សែ​បែងចែក​ផ្លូវទឹក​ធ្វើជា​ព្រំដែន​ពិតមែន ក៏ប៉ុន្តែ នៅក្នុង​មាត្រា​៣ នៃ​សន្ធិសញ្ញា​ដដែល​នេះ ចែងថា ការកំណត់​ខ្សែបន្ទាត់​ព្រំដែន​ពិតប្រាកដ នឹងត្រូវ​ធ្វើឡើង​ដោយ​គណៈកម្មការ​ចម្រុះ​បារាំង​-​សៀម​។​

​បើ​និយាយ​ពី​តំបន់​ដងរែក ខ្សែបន្ទាត់​ព្រំដែន ដែល​កើតចេញពី​ការងារ​របស់​គណៈកម្មកា​រ​ចម្រុះ​បារាំង​-​សៀម គឺមាន​តែមួយគត់ គឺ​ខ្សែបន្ទាត់​ព្រំដែន នៅក្នុង​ផែនទី​ឧបសម្ព័ន្ធ​ទី​១ ដែល​កម្ពុជា​បាន​លើក​យកមក​ធ្វើជា​សំអាង​។ ដូច្នេះ​គេ​មិនចាំបាច់​ស្វែងរក​ទីតាំង​ខ្សែ​បែងចែក​ផ្លូវទឹក​អ្វី​នោះទេ​។​

​យោងតាម​ហេតុផល​ទាំងនេះ តុលាការ​ទីក្រុង​ឡាអេ បាន​កំណត់ថា តំបន់​ប្រាសាទព្រះវិហារ ព្រំដែន​ស្របច្បាប់​រវាង​កម្ពុជា និង​ថៃ គឺ​ខ្សែបន្ទាត់​ព្រំដែន ដែលមាន​គូស​នៅលើ​ផែនទី​ឧបសម្ព័ន្ធ​ទី​១​។ តាមរយៈ​ខ្សែបន្ទាត់​ព្រំដែន​នេះ តុលាការ​យុត្តិធម៌​អន្តរជាតិ ក្រុងឡាអេ​បានសម្រេច​សេចក្តី​ថា​៖ ប្រាសាទព្រះវិហារ​ស្ថិតនៅក្នុង​ទឹកដី ដែល​ស្ថិតក្រោម​អធិបតេយ្យ​របស់​កម្ពុជា​, ថៃ​ត្រូវតែ​ដក​កងទ័ព ប៉ូលិស ឬ​ឆ្មាំ​ផ្សេងទៀត ដែល​ឈរជើង​នៅក្នុង​ប្រាសាទ និង​នៅ​ជុំវិញ​ប្រាសាទ ក្នុង​ដែនដី​របស់​កម្ពុជា និង​ថៃ​ត្រូវប្រគល់​នូវ​រាល់​វត្ថុ​បុរាណ ដែល​ថៃ​បាន​យក​ចេញពី​ប្រាសាទព្រះវិហារ ឬ​ពី​តំបន់​ប្រាសាទ ក្នុងអំឡុង​ពេលដែល​ថៃ​កាន់កាប់​ប្រាសាទ ចាប់តាំងពី​ឆ្នាំ​១៩៥៤ មក​ឲ្យ​កម្ពុជា​វិញ​។​

​បើទោះបី​តុលាការ​ទីក្រុង​ឡាអេ បានសម្រេច​បែបនេះ​។ តែ​ភាគី​ថៃ គោរព​តែមួយ​ចំណុច​ប៉ុណ្ណោះ គឺ​ចំណុច​ទី​១ ដែល​កំណត់ថា ប្រាសាទព្រះវិហារ ស្ថិតនៅក្នុង​ដែន​អធិបតេយ្យ​របស់​កម្ពុជា​។​

​ដោយឡែក​ចំណុច​ទី​២ ដែល​តុលាការ​បង្គាប់​ឲ្យ​ថៃ​ដក​កងកម្លាំង​ចេញពី​ប្រាសាទ និង​បរិវេណ​ជុំវិញ​ប្រាសាទ​ក្នុង​ដែនដី​កម្ពុជា​នោះ មិនត្រូវ​បាន​ភាគី​ថៃ​អនុវត្ត​ទេ​។ សម្រាប់​ថៃ អ្វីដែល​តុលាការអន្ដរជាតិ​កាត់សេចក្ដី​នោះ គឺ​តួ​ប្រាសាទព្រះវិហារ​។ ដោយឡែក​បរិវេណ​ជុំវិញ​ប្រាសាទ ដែលមាន​ទំហំ ៤,៦​គីឡូម៉ែត្រ​ការ៉េ​នោះ គឺជា​កម្មសិទ្ធិ​របស់​ថៃ ហើយ​ថៃ​មាន​សិទ្ធិ​ដាក់​កងកម្លាំង​របស់ខ្លួន​នៅ​ទីនោះ​។​

​ព្រោះតែ​ប្រកាន់​ជំហ​បែបនេះ នៅ​ខែកក្កដា ឆ្នាំ​២០០៨ ថៃ​បាន​លើកទ័ព​ចូលលុកលុយ​វត្ត​កែវ​សិក្ខា​គិរី​ស្វា​រៈ ជាប់​ប្រាសាទព្រះវិហារ​ជាថ្មី​ម្ដងទៀត​។ ការ​ចេញមក​ប៉ុនប៉ង​ដណ្តើម​ទឹកដី​នៅ​តំបន់​ប្រាសាទព្រះវិហារ​នេះ បាន​កើតមានឡើង បន្ទាប់ពី​ប្រាសាទព្រះវិហារ ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​មនុស្សជាតិ​ពិភពលោក​នា​ថ្ងៃទី​០៧ ខែកក្កដា ឆ្នាំ​២០០៨​នោះ​។​

​ជម្លោះព្រំដែន​រវាង​កម្ពុ​ជា និង​ថៃ​បាន​ផ្ទុះឡើង​ម្ដងទៀត​យ៉ាង​ស្រួចស្រាវ​ឈានដល់​ការផ្ទុះអាវុធ​ដាក់គ្នា​។ តួ​ប្រាសាទព្រះវិហារ​ជាច្រើន បាន​រង​នូវ​អំបែង​គ្រាប់​របស់​ទាហាន​ថៃ​។ បន្ទាប់ពី​ការ​ស្វះ​ស្វែងរក​វិធី​ដើម្បី​បញ្ចប់​ជម្លោះ​ទាំង​យន្តការ​ទ្វេភាគី និង​យន្តការ​អាស៊ាន​មិនមាន​លទ្ធផល​នោះ កម្ពុជា​បាន​ប្ដឹងទៅ​តុលាការ​យុត្តិធម៌​អន្ដរជាតិ​ទីក្រុង​ឡាអេ​ជាថ្មី ឱ្យ​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ឡើងវិញ​។​

​ទីបំផុត​ទៅ​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ តុលាការ​យុត្តិធម៌​អន្ដរជាតិ បាន​បកស្រាយ​សាលដីកា​ឆ្នាំ​១៩៦២​ឡើងវិញ និង​បានសម្រេច​ថា កម្ពុ​ជាមាន​អធិបតេយ្យភាព​លើ​ដែនដី​ទាំងមូល​នៃ​តំបន់​ប្រាសាទព្រះវិហារ និង​សម្រេច​ឱ្យ​ភាគី​ថៃ ដក​កងកម្លាំងប្រដាប់អាវុធ និង​ឆ្មាំ​ប្រាសាទ​ទាំងអស់​ចេញពី​បរិវេណ​ជុំវិញ​ប្រាសាទ​។​

​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រឹងប្រែង​យ៉ាង​ស្វិតស្វាញ និង​អង់អាច​ជាទីបំផុត​ទាំង​ផ្នែក​ការទូត និង​កម្លាំងប្រដាប់អាវុធ ដើម្បី​ការពារ​ប្រាសាទ និង​ទឹកដី​នៅ​ជុំវិញ​នោះ​។ សេចក្តីសម្រេច​ជាថ្មី​របស់​តុលាការ​យុត្តិធម៌​ទីក្រុង​ឡាអេ ជាការ​ផ្តល់​យុត្តិធម៌ និង​ជា​ជ័យជម្នះ​ដ៏​ធំធេង​មួយ​សម្រាប់​ជាតិ​កម្ពុជា​ទាំងមូល​។​

​ប្រាសាទព្រះវិហារ​មិន​ត្រឹមតែ​តុលាការអន្តរជាតិ​នៃ​ទី​ក្រុងឡាអេ​កាត់ក្តី​ឲ្យ​ខ្មែរ​បានទទួល​មកជា​អច្ឆរិយវត្ថុ​របស់ខ្លួន​ប៉ុណ្ណោះ​ទេ ហើយ​អង្ក​កា UNESCO ថែមទាំង​បាន​ចុះ​បញ្ចូល​ទៅក្នុង​បញ្ជី​នៃ​បេ​តិក​ភ័ណ​របស់​ពិភពលោក​ទៀត​។​

​ប្រាសាទ​”​ព្រះវិហារ​”​ត្រូវ​កសាង​ដោយ​ព្រះមហាក្សត្រ ៤​ជំនាន់ និង​ចំណាយពេល​អស់​ជាង ២៥០​ឆ្នាំ ។​

​នៅក្នុង​សតវត្ស​ទី​៩ គឺ​ក្នុង​ឆ្នាំ​ដែល​ល​ព្រះបាទ យ​សោ​វរ្ម័នទី​១ ឡើង​សោយរាជ្យ​នោះ ព្រះអង្គរ​បានធ្វើអោយ​រាជធានី​អង្គរ​មាន​ភាព​ល្បី​រន្ទឺរ​ខ្ទរខ្ទារ​ណាស់ ដោយ​រាជធានី​ដែល​ទ្រង់​កសាង​មក​មាន​នាម​ថា​”​រាជធានី​យ​សោធរ​បុ​រ​”​ដោយមាន​ផ្ចិត​កណ្តាល​នៅឯ​ភ្នំ​បាខែង សៀមរាប​សព្វថ្ងៃ​។ ក្នុងខណៈដែល​ប្រទេសជាតិ​មានការ​រីក​លូត​លលា​ស់​នេះ​ធ្វើ​ឲ្យ​ទ្រង់​សព្វ​ព្រ​ទ័យ​និង​ជ្រើស​រើសយក​ភ្នំ​”​ព្រះវិហារ​”​ដើម្បី​កសាង​ប្រាសាទ តែ​សូមជម្រាបថា​ទ្រង់​កសាង​តែ​ត្រង់ចំណុច​កណ្តាល​នៃ​ប្រាសាទ​តែប៉ុណ្ណោះ នៅពេល​សាង​រួចហើយ​មហា​រាជា​ទ្រង់​បាន​យាង​ព្រះ​អ​ទិ​ទេព​១​ព្រះនាម​”​ស្រី​សិខរី​ស្វា​រៈ​” ដែល​ល​ប្រែ​ថា​”​បរ​មី​ភ្នំ​”​ដើម្បី​ឲ្យ​មក​គង់​ជា​ម្លប់​ដល់​ព្រះ​មហានគរ​ខ្មែរ​។​

​បន្ទាប់​ក្សត្រ​អង្គ​នេះ គឺមាន​ព្រះបាទ សុ​រយ​វរ្ម័នទី​១​កសាង​បន្ត​ថែមទៀត គឺ​ព្រះអង្គ​កសាង​ត្រង់ កំពែង​ដែល​ព័ទ្ធ​ពី​ក្រៅ​នៃ​ប្រាសាទ​កណ្តាល រួមទាំង​ខ្លោងទ្វារ​ទី​៣ ។​ព្រះបាទ​សុរិយ​វរ្ម័នទី​១ ទ្រង់​បាន​យាង​ព្រះ​អ​ទិ​ទេព​នាម “​ភ​ទ្រ​ស្វរៈ​”​ដែល​គង់នៅ​ប្រាសាទ​វត្ត​ភូ (​នៅ​ឡ​លាវ​សព្វថ្ងៃ​)​ឲ្យ​មក​គង់​ជាមួយ​”​ស្រី​សិខរី​ស្វា​រៈ​” ដើម្បី​គង់​ជា​ម្លប់​ការពារ​ដល់​រាជ​បាល្ល​ង្ក នគរ និង​ប្រជារាស្ត្រ​ខ្មែរ ព្រះបាទ​សុរិយ​វរ្ម័នទី​១ សោយរាជ្យ​ចន្លោះ ឆ្នាំ​១០០២ _១០៥០ គ​.​ស ស្តេច​ខ្មែរ​អង្គ​នេះ​បាន​បន្សល់ទុក​នូវ​មហា​ស្នា​ព្រ​ហស្ត​ច្រើន​អណេក​ណាស់ ។​

​បន្ទាប់​នោះមក​មាន​ព្រះបាទ ជយ​វរ្ម័នទី​៦ ដែល​សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ ១០៨០_១១០៩ គ្រឹ​ស្ត​សករាជ នោះ​គឺ​ព្រះអង្គ​បាន​កសាង​បន្ថែម​នូវ​បណ្ណាល័យ​២​ខ្នង និង​ព្រះអង្គ​បាន​ជួសជុល​នៅត្រង់​ទី​ខ្លះ​ដែល​ទ្រុត​ទ្រោម ។​

​ក្រោយពី​នោះ​គី​មាន​ព្រះរាជា​ដ៏​ល្បីល្បាញ គឺ​ព្រះបាទ សុរិយ​វរ្ម័នទី​២ សោយរាជ្យ​ចន្លោះ​ឆ្នាំ ១១១៣_១១៥០ គ្រឹ​ស្ត​សករាជ ។​ព្រះអង្គ​បាន​កសាង​បន្ថែម​នូវ​ព្រះ​លាន ដែលមាន​នាគ និង​កាំជណ្តើរ​ខាងមុខ ។​ដូចនេះហើយ​ទើប​យើង​ឃើញ​ប្រាសាទ​នេះ​ធំ​ទូលាយ​ណាស់ ។​

​ជា​ប្រវត្តិសាស្ត្រ ហើយ​ត្រូវ​ចងចាំ​ព្រះនាម​ស្តេច​ខ្មែរ​ដំបូង​គឺ​”​ព្រះបាទ​យ​សោ​វរ្ម័នទី​១”​សោយរាជ្យ​នៅ​ចន្លោះ​ឆ្នាំ ៨៨៩_៩០០​ឬ ៩១០ គ្រឹ​ស្ត​សករាជ និង​ទី​បន្ទាប់ គឺ​ព្រះបាទ​សុ​រយ​វរ្ម័នទី​១ ១០០២_១០៥០​គ្រឹ​ស្ត​សករាជ​។ ព្រះបាទ​ជយ​វរ្ម័នទី​៦ និង​ព្រះបាទ សុរិយ​វរ្ម័នទី​២៕
​ដោយ​៖​កូ​ឡាប​

spot_img
×