ភ្នំពេញ៖ សាហាវណាស់ នារីរូបស្រស់ម្នាក់ទំនងស្រវឹងស្រាបើករថយន្ដស៊េរីទំនើបទៅព្រលះក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់មួយកង់ ចំណែកឯរថយន្ដរងការខូចខាតផ្នែកពីមុខខ្ទេចទាំងស្រុងតែម្ដង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ដែលស្ថិតតាមបណ្ដោយផ្លូវនរោត្ដម ក្បែរស្ដុបចំការមន ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដស៊េរីទំនើបម៉ាក Range Rover ពណ៌ស ពាក់ផ្លា កលេខភ្នំពេញ2BJ-4545បើកបរដោយនារីម្នាក់ទំនងស្រវឹងស្រាក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុក៏បានរេចង្កូតមកបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបាក់មួយកង់រួមទាំងភ្លើងសញ្ញាផងដែរ ចំណែកឯរថយន្ដក្រឡាប់អូសជាង៦០ម៉េត្របណ្ដាលឲ្យរថយន្ដរងការខូចខាតផ្នែកពីមុខទាំងស្រុង ចំណែកឯម្ចាស់រថយន្ដបង្កវិញរងរបួស ភ្លាមៗនោះក៏មានរថយន្ដមួយគ្រឿងទៀតដែលធ្វើដំណើរតាមក្រោយដែលស្គាល់គ្នាបានដឹកយកទៅមន្ទីរពេទ្យភ្លាមៗ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់ចំណុចកើតហេតុបានទាក់ទងខាងសមត្ថកិច្ចចរាចរណ៍ជំនាញធ្វើការវាស់វែងរថយន្ដដែលបង្កទៅរក្សាទុកការិយាល័យចរាចរណ៍ជេីងគោកនៃស្នងការរាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់៕ ដោយ៖ហង់ ភត្រា និងហុឹម សាម៉េត