Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

CAMSOC បន្ត​ពិនិត្យ​ពិភាក្សា​លើ​ស្លាក​សញ្ញា និមិត្តសញ្ញា បាវចនា​​ស៊ី​ហ្គេម ឆ្នាំ​២០២៣ និង​ការរៀបចំ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣

spot_img

​ភ្នំពេញ​៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ី​អ​គ្នេ​យ៍ (SEA Games) លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​ដឹកនាំ​កិច្ចប្រជុំ​លើ​របៀបវារៈ​សំខាន់ៗ​ចំនួន​ពីរ នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍ នា​ល្ងាច​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​។

​បើតាម​ការផ្សាយ​ព័ត៌មាន​របស់ CAMSOC បាន​ឲ្យ​ដឹងថា ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍​ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ថា របៀបវារៈ​ដ៏​សំខាន់​ពីរ​នេះ រួមមាន​៖ ទី​១-​គឺ​ការត្រួតពិនិត្យ​ចុងក្រោយ​ទៅលើ​ស្លាក​សញ្ញា (Logo) និង​កែសម្រួល​លើ​និមិត្តសញ្ញា (Mascot) ក៏ដូចជា​កែសម្រួល​លើ​ពាក្យស្លោក ឬ​បាវចនា ស៊ី​ហ្គេម ឆ្នាំ​២០២៣​។ ដូច្នេះ​យើង​យក​ធាតុ​បី (Games Property) ដែល​បានលើកឡើង​នៅក្នុង​កិច្ចពិភាក្សា សប្តាហ៍​នេះ ដោយ​ឯកឧត្តម​បណ្ឌិត ថោង ខុន ប្រធាន​អង្គប្រជុំ​ឲ្យ​កែសម្រួល​ឡើងវិញ និង​គ្រោង​ឆ្លង​ថ្នាក់ដឹកនាំ នា​ចុងខែ​មិថុនា ឬ​នា​ដើមខែ​កក្កដា ឆ្នាំ​២០២០ ខាងមុខ​ឆាប់ៗ​នេះ នៅក្នុង​កិច្ច​ប្រចាំឆមាស CAMSOC ដែល​ដឹកនាំ​ដោយ​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC​។​

ឯកឧត្តម វ៉ា​ត់ ចំរើន អះអាង​ទៀតថា ក្រោយពី​បាន​ពិនិត្យ​ពិចារណា​ទៅលើ​ស្លាក​សញ្ញា និមិត្តសញ្ញា និង​បាវចនា នេះ គឺ​ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​ទស្សនទាន​នៃ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​របស់​យើង​មាន​ភាពទូលំទូលាយ និង​ទទួលយកបាន​ទាំង​បណ្តា​ប្រទេស​អាស៊ាន​ទាំងអស់ (១១​ប្រទេស​រួមទាំង​ម្ចាស់ផ្ទះ​កម្ពុជា​)​។​

​ចំពោះ​របៀបវារៈ​ទី​២ គឺ​ពិនិត្យ​ពិភាក្សាគ្នា​លើ​ការរៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម (​កីឡា​ជនពិការ​) លើក​ទី​១២ ឆ្នាំ​២០២៣ ក្រោយ​បញ្ចប់ ស៊ី​ហ្គេម ដោយ​យើង​បានធ្វើ​ពង្រាង​កាលបរិច្ឆេត ដោយ​យក​ថ្ងៃទី​១​ដល់​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២៣ ហើយ​ម្យ៉ាងទៀត​យើង​បាន​ពិនិត្យ​រួមគ្នា​អំពី​ស្លាក​សញ្ញា និមិត្តសញ្ញា និង​បាវចនា ដោយ​គ្រាន់តែ​ផ្លាស់ ប្តូរ​បន្តិចបន្តួច​ទៅតាម​របៀប និង​បច្ចេកទេស​របស់​ជនពិកា​រ​។ ចំពោះ​ពិធី​បើក​-​បិទ គឺ​កិច្ច​ប្រជុំបាន​ពិភាក្សាគ្នា​ដោយ​ធ្វើ​ដោយឡែក​ពីគ្នា ប៉ុន្តែ​ការរត់​ភ្លើង​គុប គឺ​ធ្វើ​រួមគ្នា​តែមួយ​ជាមួយ​ស៊ី​ហ្គេម​ដែរ​។ ទាំងអស់នេះ​គឺជា​អ្វីដែល​យើង​បានធ្វើការ​រួមគ្នា ដោយ​ឲ្យ​គណៈកម្មការ​ជំនាញ​ទាំង​១៤​នៃ CAMSOC បញ្ចូល​អំពី​ការរៀប​ចំការ​ប្រ​កួ​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ប​ញ្ជូ​ល​សកម្មភាព​ការងារ​នានា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ទទួល​រៀបចំ​របស់​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ប្រចាំ​សប្តាហ៍​របស់ CAMSOC តែងតែបាន​អញ្ជើញ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា (NPCC) ដែល​តំណាង​ដោយ​ឯកឧត្តម យី វាសនា អគ្គលេខាធិការ ដើម្បី​រៀបចំខ្លួន​ឲ្យ​បាន​កាន់តែ​ប្រសើរ ក្នុងការ​រៀបចំ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ឲ្យ​ទទួលបាន​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​ជា​លើកដំបូង​របស់​កម្ពុជា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×