Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Facebook Shops ដាក់​ឲ្យ​ប្រើប្រាស់​នៅ​កម្ពុជា​សម្រាប់​ជួយ​អាជីវកម្ម​ខ្នាតតូច លក់ទំនិញ តាម​អន​ឡាញ​

spot_img

​ភ្នំពេញ​៖ ក្រុមហ៊ុន​Facebook បានប្រកាស​នៅថ្ងៃនេះ​ថា ខ្លួន​បាន​បើក​ដំណើរការ​កម្មវិធី Facebook Shops នៅ​ប្រទេស​កម្ពុជា ដើម្បី​ជួយ​ឲ្យ​អាជីវករ​ទាំងឡាយ អាចបង្កើត​ហាង​លក់ទំនិញ​តាម​អន​ឡាញ​របស់ខ្លួន​បាន​កាន់តែ​ងាយស្រួល ក្នុង​គោលដៅ​ជួយ​ឲ្យ​អតិថិជន​របស់​ពួកគាត់​អាច​ចូល​ទិញ​ទំនិញ​បាន ទាំង​នៅលើ Facebook និង Instagram​។ អាជីវករ​អាចបង្កើត Facebook Shop របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល​និង​ឥតគិតថ្លៃ​។

​អាជីវករ​អាច​ជ្រើសរើស​ផលិតផល​ដែល​ពួកគាត់​ចង់​ដាក់លក់ ហើយ​បន្ទាប់មក​ពួកគាត់​អាច​តុបតែង​រូបរាង​ហាង​របស់គាត់​បាន ដោយ​ដាក់​ក្រប​រូបភាព និង​ពណ៌ ដែល​បញ្ជាក់​អំពី​ម៉ាក​យីហោ​របស់​ពួកគេ​។ ឥឡូវនេះ នៅ​ទូទាំង​ពិភពលោក អាជីវកម្ម​ខ្នាតតូច​ជាច្រើន​កំពុង​ជួប​ការលំបាក ប៉ុន្តែ​នៅ​ខណៈដែល​ហាង​ជាច្រើន​បាន​បិទទ្វារ គេ​ក៏​ឃើញ​មាន​អាជីវកម្ម​កាន់តែ​ច្រើនឡើង បាន​ងាក​មក​ធ្វើ​អាជីវកម្ម​តាម​អន​ឡាញ​វិញ​។

​កម្មវិធី Facebook Shops មាន​គោលបំណង​ធ្វើឱ្យ​ការទិញ​ទំនិញ​កាន់តែ​ប្រសើ​ឡើង ព្រមទាំង​ផ្ដល់ឱកាស​ដល់​ម្ចាស់​អាជីវកម្ម​គ្រប់រូប ចាប់ពី​អាជីវកម្ម​ខ្នាតតូច រហូតដល់ អាជីវកម្ម​ល្បីៗ​លំដាប់​ពិភពលោក ដើម្បី​ប្រើប្រាស់​កម្មវិធី Facebook ក្នុង​គោលដៅ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់ខ្លួន​។​

​ហេតុនេះហើយ បានជា​ក្រុមហ៊ុន Facebook សម្រេច​បើក​ដំណើរការ កម្មវិធី Facebook Shops ហើយ​ខិតខំ​បញ្ចូល​មុខងារ​ល្អៗ​ជាច្រើន​ទៅក្នុង​កម្មវិធី​ផ្សេងៗ​របស់ខ្លួន ក្នុងន័យ​ជម្រុញ​ឲ្យ​អ្នកប្រើប្រាស់​ទិញ​ទំនិញ ក៏ដូចជា​ជួយ​ធ្វើ​ឲ្យ​ការលក់ដូរ​ទំនិញ​តាម​អន​ឡាញ មាន​លក្ខណៈ​កាន់តែ​ងាយស្រួល​។

​ឥឡូវនេះ ប្រជាពលរដ្ឋ​កម្ពុជា​អាច​ស្វែងរក Facebook Shops នៅលើ​ទំព័រ ‘Facebook Page’ ឬ ទំព័រ ‘Instagram’ របស់​ហាង​ណាមួយ​បាន ឬ ស្វែងរក​តាមរយៈ story ឬ​ការផ្សាយពាណិជ្ជកម្ម​រប​ស់​ហាង​នោះ​។ នៅលើ​ទំព័រ​របស់​ហាង​នោះ អ្នកប្រើប្រាស់​អាច​មើល​ត្រួសៗ​នូវ​មុខទំនិញ​ទាំងអស់ អាច​រក្សាទុក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើ​ការបញ្ជាទិញ នៅលើ​គេហទំព័រ​របស់​ហាង​នោះ​តែម្ដង​។​

​នៅក្នុង Facebook Shops ការសាកសួរ​ព័ត៌មាន​អំពី​ផលិតផល​របស់​ហាង​អន​ឡាញ គឺ​ដូចគ្នា​ទៅនឹង​ការសាកសួរ​នៅតាម​ហាង​តាមផ្លូវ​ធម្មតា​ដែរ​។ គឺ​គេ​អាច​ផ្ញើ​សារ​ទៅកាន់​ហាង​នោះ តាមរយៈ កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct ដើម្បី​សួរ​សំណួរ សុំ​ជំនួយ ឆែក​មើល​ការដឹកជញ្ជូន​ទំនិញ​ដែល​បាន​ទិញ និង​ព័ត៌មាន​ជាច្រើន​ទៀត​។ ហើយ​នៅពេល​អនាគត ពួកគេ​នឹង​អាច​ត្រួតពិនិត្យ ហាង​អាជីវកម្ម និង​ទិញ​ទំនិញ​បាន​ដោយផ្ទាល់​តែម្ដង តាមរយៈ​កម្មវិធី WhatsApp កម្មវិធី Messenger ឬ​កម្មវិធី Instagram Direct​។​

​ក្រុមហ៊ុន Facebook ក៏​កំពុង​ខិតខំ​បញ្ចូល​មុខងារ​ល្អៗ ទៅក្នុង​កម្មវិធី​ផ្សេងៗ​របស់ខ្លួន ដូចជា កម្មវិធី Instagram Shop កម្មវិធី​ទិញ​ទំនិញ​តាម​វីដេអូ​ផ្សាយ​ផ្ទាល់ និង​កម្មវិធី​ផ្សេងៗ​ទៀត​។ មុខងារ​ទាំងនេះ នឹងត្រូវ​ដាក់បញ្ចូល​ទៅក្នុង Facebook Shops ដើម្បី​ជួយ​ឲ្យ​អតិថិជន​អាច​ស្វែងរក​ផលិតផល​ដែល​ពួកគេ​ចាប់អារម្មណ៍ និង​ធ្វើឱ្យ​ការទិញ​ទំនិញ កាន់តែ​ងាយស្រួល និង​កាន់​តែមាន​សុវត្ថិភាព​។ អ្នក​អាច​ស្វែងយល់​បន្ថែម​អំពី​គោលការណ៍​របស់ Shops ស្ដីពី​ការការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​អ្នក​នៅទីនេះ ។​

​ការ​ឡាយ​វីដេអូ​តាម Facebook កំពុង​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​នាពេល​បច្ចុប្បន្ន ដោយ​ហាង​ខ្លះ​ឡាយ​លក់​ស្បែកជើង​ប៉ា​តា​ថ្មីៗ ហើយ​តារា​ហ្វេ​ស​ប៊ុ​ក​ខ្លះ​ក៏​ឡាយ​វីដេអូ​សាក​ប្រើ​ក្រែ​ម​លាប​មាត់​ថ្មីៗ​ផងដែរ​។
​ឥឡូវនេះ គឺ​កាន់តែ​ងាយស្រួល​ក្នុង​ការទិញ​ទំនិញ​ភ្លាមៗ ហើយ​ហាង​និង​អ្នក​ផលិត​ផលិតផល​ទាំងឡាយ ក៏​នឹង​អាច​tag​ផលិតផល​របស់​ពួកគេ​ពី Facebook Shop ឫ កាតាឡុក​របស់​ពួកគេ​បាន​ផងដែរ មុននឹង​ឡាយ​វីដេអូ​។ ហើយ​ផលិតផល​ទាំងនោះ នឹងមាន​បង្ហាញ​នៅ​ផ្នែក​ខាងក្រោម​នៃ​អេក្រង់ ដូច្នេះ​អតិថិជន​អាច​ចុច​ចូល​មើល​បាន​យ៉ាង​ងាយស្រួល ដើម្បី​ស្វែងយល់​បន្ថែម និង​អាច​ទិញ​បាន​។​

​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹងថា​ខ្លួន​កំពុង​ចាប់ផ្តើម​សាកល្បង​ធ្វើតេស្ដ​កម្មវិធី​នេះ ជាមួយ​អាជីវកម្ម​នានា​លើ Facebook និង Instagram ហើយ​ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​កម្មវិធី​នេះ​ឲ្យ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត នៅ​ប៉ុន្មាន​ខែ​ខាងមុខនេះ​។​
​យើង​ក៏​កំពុង​ធ្វើតេស្ដ​សាកល្បង​ប្រើ​មធ្យោបាយ​ផ្សេងៗ ដើម្បី​ជួយ​ឲ្យ​អ្នកប្រើប្រាស់​កាន់តែ​ងាយស្រួល ក្នុងការ​សន្សំ​ពិន្ទុ​ជាមួយ​ហាង​ដែល​ពួកគេ​ចូលចិត្ត ដោយ​យើង​បើក​លទ្ធភាព​ឲ្យ​អ្នកប្រើប្រាស់​អាច​ភ្ជាប់​គណនី​ហ្វេ​ស​ប៊ុ​ករ​បស់​ពួកគេ ជាមួយនឹង​កម្មវិធី​សន្សំ​ពិន្ទុ​ផ្សេងៗ​ដូចជា​កម្មវិធី​សន្សំ​ពិន្ទុ​នៅតាម​ហាង​កាហ្វេ​ជាដើម​។ អ្នក​ក៏​នឹង​អាច​មើលឃើញ និង​តាមដាន​ពិន្ទុ និង​រង្វាន់​របស់​អ្នក​បាន​យ៉ាង​ងាយស្រួល​ផងដែរ​។ ហើយ​យើង​កំពុង​ស្វែងរក​មធ្យោបាយ​ថ្មីៗ ដើម្បី​ជួយ​អាជីវកម្ម​ខ្នាតតូច ឲ្យ​បង្កើត គ្រប់គ្រង និង​ដាក់​បង្ហាញ​កម្មវិធី​លើទឹក​ចិត្ត​អតិថិជន​របស់​ពួកគេ នៅលើ​កម្មវិធី Facebook Shops ផងដែរ​។​
​ក្រុមហ៊ុន Facebook បាន​ឲ្យ​ដឹងថា​ខ្លួន​សង្ឃឹមថា មធ្យោបាយ​ទាំងនេះ​អាចជួយ​សម្រាល​បាន​ខ្លះ នូវ​បន្ទុក​របស់​អាជីវករ​កម្ពុជា​ខ្នាតតូច​មួយចំនួន ក៏ដូចជា​ជួយ​អាជីវក​រទាំង​តូច​ទាំង​ធំ ឲ្យ​មានលទ្ធភាព​ត្រៀមខ្លួន​សម្រាប់​ពេលអនាគត​៕
​ដោយ​៖CEN

spot_img
×