Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ចំនួន ១៥ ០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ​

spot_img

​ភ្នំពេញ​៖ តាមរយៈ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ ពី​ការវិនិយោគ​លើ​ការត្រួតពិនិត្យ​ថ្នាំជក់​នៅ​កម្ពុជា​ឆ្នាំ​២០១៩ របស់​កម្មវិធី​អភិវឌ្ឍន៍​អង្គការសហប្រជាជាតិ អង្គការ​សុខភាព​ពិភពលោក និង​លេខាធិការដ្ឋាន​នៃ​អនុសញ្ញា​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ បាន​ឲ្យ​ដឹងថា ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ចំនួន ១៥ ០០០ នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដែល​៣៣%​នៃ​អ្នកស្លាប់​ទាំងអស់ កើតឡើង​ចំពោះ​ប្រជាពលរដ្ឋ​ដែលមាន​ប្រាក់ចំណូល​ទាប​បំផុត​។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់​ថ្នាំជក់ បណ្តាលអោយ​ខាតបង់​ទឹកប្រាក់​ចំនួន $649 លាន​ដុល្លារ​អាមេរិក ដែល​ស្មើនឹង 3% នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​កម្ពុជា​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០ លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា បានទទួល​ពាន​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ២០២០
​ពី​អគ្គលេខាធិការ​អង្គការ​សុខភាព​ពិភពលោក ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​សមិទ្ធផល​ក្នុងការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​។ អស់​រយៈកាល​ជាង ២០​ឆ្នាំ ក្នុងការ​ប្រយុទ្ធប្រឆាំង​និង​ថ្នាំជក់​នៅ​កម្ពុជា លោក​វេជ្ជបណ្ឌិត បានធ្វើ​ការតស៊ូ​មតិ និង​បានធ្វើ​យុទ្ធនាការ​ជាច្រើន ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន យុវជន ស្ត្រី គ្រូបង្រៀន ព្រះសង្ឃ និង​ជនរងគ្រោះ​ដោយសារ​ថ្នាំជក់ ក្នុងការ​ជំរុញអោយមាន​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ដែល​ច្បាប់​នោះ​ត្រូវ​បានអនុម័ត​នៅ​ឆ្នាំ​២០១៥​។

​ដូចដែល​យើង​បានដឹងហើយថា ឧបសគ្គ​ចម្បង​មួយ​ក្នុងការ​បង្កើត និង​អនុវត្ត​ច្បាប់ ស្តីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ គឺ​ការជ្រៀតជ្រែក​របស់​ឧស្សាហកម្ម​ថ្នាំជក់​។ ឆ្លើយតប​នឹង​បញ្ហា​នេះ យុទ្ធនាការ “ ដល់ពេល​ហើយ​! ឈប់​ចាញ់បោក​ក្រុមហ៊ុន​ថ្នាំជក់​” ត្រូវបាន​បង្កើតឡើង ដើម្បី​បំផុស​អោយ​យុវជន​ចូលរួម​ក្នុងការ​ទប់ស្កាត់​ឧបាយកល​របស់​ឧស្សាហកម្ម​ថ្នាំជក់​។
​ ​
​នាពេល​បច្ចុប្បន្ន​លោក​វេជ្ជបណ្ឌិត មុំ គង់ បាន​កំពុង​ដឹកនាំ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា ដើម្បី​បន្ត​ឆន្ទៈ ក្នុងការ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា ដើម្បី​ឈានទៅ​កាន់​បន្ថយ​គ្រោះថ្នាក់​ដល់​អាយុជីវិត និង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ខ្មែរ ដែល​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំជក់​។ លោក​វេជ្ជបណ្ឌិត បានធ្វើ​ការតាមដាន និង​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​ថ្នាំជក់ ជា​ទៀងទាត់ និង​ធ្វើ​របាយការណ៍​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ចាត់វិធានការ​។

​ក្នុងឱកាស​នោះដែរ លោកស្រី​វេជ្ជបណ្ឌិត Li Ailan តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា បាន​ថ្លែងថា ការរៀបចំ​ពិធី​ប្រគល់​ពាន​ដ៏​សំខាន់​មួយ​នេះ ដែល​ជាការ​ប្រារព្ធ​ទិវា​ពិភពលោក​គ្មាន​ថ្នាំជក់ ២០២០ ស្រប​ពេលដែល​អង្គការ​សុខភាព​ពិភពលោក ទទួលស្គាល់​បុគ្គល ឬ​ស្ថាប័ន ចំពោះ​ស្នាដៃ​ឆ្នើម​និង​សមិទ្ធផល​ក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដែល​ទទួលស្គាល់​ដោយ​ការិយាល័យ​ទាំង​៦​ប្រចាំ​តំបន់​របស់ខ្លួន​។​

​លោកស្រី បាន​បញ្ជាក់ថា យើង​ពិត​ជាមាន​មោទនភាព​ណាស់​ដែល “ ពាន​ពិសេស​របស់​អគ្គលេខាធិកា​រ​នៃ​អង្គការ​សុខភាព​ពិភពលោក “ ត្រូវបាន​ផ្ដល់ជូន​ដៃគូ​កម្មវិធី​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​របស់​យើង គឺ​លោក​វេជ្ជបណ្ឌិត មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​។ កម្មវិធី​នេះ​គឺជា​ដំណើរ​ការប្រកាស​ជា​ផ្លូវការ បន្ទាប់ពី​ការជ្រើសរើស ដោយ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ប្រទេស​កម្ពុជា គាំទ្រ​ដោយ​ប្រធានការិយាល័យ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក មុនពេល​អនុម័ត​ចុងក្រោយ ដោយ​អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក​។

​យើង​មាន​មោទនភាព​ដែល​សម​ភាគីរ​របស់​យើង ត្រូវបាន​ទទួលស្គាល់​ពី​អគ្គលេខាធិការ នៃ​អង្គការ​សុខភាព​ពិភពលោក​ថា​ជា ជើងឯក​ក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ។​

​យើង​សុទ្ធតែ​ដឹង​គ្រប់គ្នា​ថា ថ្នាំជក់​គឺជា​មូលហេតុ​ដ៏​សំខាន់​មួយ នៃ​ការស្លាប់​ជុំវិញ​ពិភពលោក ដែល​យើង​អាច​ទប់ស្កាត់បាន ហើយ​វា​បានសម្លាប់​ប្រជាជន​ប្រមាណ​ច្រើនជាង ៨ លាន​នាក់​ក្នុង​មួយឆ្នាំៗ​។ ដោយឡែក​នៅ​កម្ពុជា ប្រជាជន​ច្រើនជាង ១៥ ០០០​នាក់ បាត់បង់​ជិវិត​ដោយសារ​ការប្រើប្រាស់​ផលិតផល​ថ្នាំជក់​ដោយផ្ទាល់ និង​ស្រូប​ផ្សែង​បារី​ពី​គេ​។ ដោយសារតែ​ផលិតផល​ថ្នាំជក់ បានសម្លាប់​អ្នកប្រើប្រាស់​ផលិតផល​របស់ខ្លួន ជាង​ពាក់កណ្ដាល ឧស្សាហកម្ម​ថ្នាំជក់​បន្ត​ស្វែងរក “​អ្នក​ជំនួស​” ជា​អតិថិជន​ថ្មី​ដើម្បី​រក្សា​មុខ​ជំនួញ​របស់​ពួកគេ​ឱ្យ​រីកចម្រើន​។ ប៉ុន្មាន​ឆ្នាំនេះ ឧស្សាហកម្ម​ថ្នាំជក់​បាន​ប្ដូរ​មុខមាត់​ថ្មី​ដោយ​ណែនាំ​ផលិតផល​ថ្នាំជក់​ថ្មី និង​ផលិតផល​នីកូទីន​ញៀន​ថ្មី ដូចជា បារី​អេ​ឡិច​ត្រូ​និ​ច និង​ឧបករណ៍ Vape ផ្សេងៗ​ទៀត ដើម្បី​ទាក់​យក​អ្នកប្រើប្រាស់​ជំនាន់​ថ្មី​។

​អ្នក​ជក់បារី​ងាយ​នឹង​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ដូចជា​សកម្មភាព​ជក់បារី ដោយ​យក​ម្រាមដៃ​ប៉ះ​មាត់ អាច​ចម្លង​វីរុស​ពី​ដៃ​ចូលទៅក្នុង​មាត់​។ អ្នក​ជក់បារី​ប្រហែល​ជាមាន​ជំងឺ​សួត ឬ​សមត្ថភាព​សួត​ចុះ​អន់ថយ ដែល​វា​អាច​កើនឡើង​ហានិភ័យ​ខ្ពស់​នៃ​ការកើត​ជំងឺ​ធ្ងន់ធ្ងរ​។ ឧបករណ៍​ជក់​ដូចជា បំពង់​ជក់​តែងតែ​បឺត​រួមគ្នា និង​ទុយោ​ដែល​អាច​ចម្លងជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការប្រើប្រាស់​រួមគ្នា​គ្នា​ដោយ​គ្មាន​រក្សា​គម្លាត​សង្គម​។

​សេចក្ដី​សង្ខេប​បែប​វិទ្យាសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក ចំពោះ​ការជក់បារី​និង​ជំងឺ​កូ​វីដ​-១៩ បាន​សន្និដ្ឋានថា ផ្អែកលើ​ភស្ដុតាង​មាន​ស្រាប់ ការជក់បារី​ជាប់​ពាក់ព័ន្ធ​ជាមួយ ការកើនឡើង​នៃ​ភាព​ធ្ងន់ធ្ងរ​នៃ​ជំងឺ និង​អ្នកស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ដោយ​ជំងឺ​កូ​វីដ​-១៩​។

​ប្រធានបទ​ឆ្នាំនេះ ចំពេល​ដែល​យើង​ផ្ដោត​ការយកចិត្ត​ទុក ទៅលើ​ការ​បកអាក្រាត​ល្បិចកល​ដ៏​ពិសពុល របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ឧស្សាហកម្ម​ពាក់ព័ន្ធ ក្នុងការ​បំភាន់​ដល់​យុវជន​។ ឧស្សាហកម្ម​ថ្នាំជក់ និង​ឧស្សាហកម្ម​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ដាក់​គោលដៅ​ចំៗ​ទៅលើ់​យុវជន ដោយ​ប្រើប្រាស់​កលល្បិច ដែល​អូសទាញ​យុវជន​ដូចជា ការប្រើប្រាស់​រសជាតិ​ច្រើន​ជ​ម្រើ់​ស ការ​រចនា​បែប​ទាក់ទាញ ផ្សព្វផ្សាយ​ផលិតផល​ថ្មី​ដោយ​ប្រើពាក្យ “​កាត់បន្ថយ​គ្រោះថ្នាក់​” ឬ “ អនាម័យ​ជាង​” ជំនួស​បារី​ធម្មតា ឧបត្ថម្ភ​តារា​ល្បីៗ​/​មនុស្ស​មាន​ឥទ្ធិពល​នៅក្នុង​សង្គម​ឱ្យជួយ​ផ្សព្វផ្សាយ​ផលិតផល​ពួកគេ ប្រើប្រាស់​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ​កន្លែង​លក់រាយ និង​កន្លែង​តាំង​បង្ហាញ​ដែលមាន​កុមារ​ចេញចូល​ញឹកញាប់ តាមរយៈ​ភាពយន្ត ទូរទស្សន៍ និង​បណ្ដាញ​សង្គម​ផ្សេងៗ​ទៀត​។

​យើង​ត្រូវតែ​បន្ត​តាមដាន​ឱ្យទាន់​នៅ​នឹង​ការ​វិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ការរីកចម្រើន​ផលិតផល​ថ្នាំជក់​ថ្មី ដើម្បី​ការពារ​យុវជន ពី​កលល្បិច​អាក្រក់​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ឧស្សាហកម្ម​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ ប៉ុន្តែ​ការប្រឹងប្រែង​របស់​យើង មិនត្រូវ​ធ្វើ​តែ​ឯកឯង​ទេ ក្នុងនាម​ជា​ជើងឯក​សុខភាព​សាធារណៈ​។ យើង​ត្រូវ​ការជំរុញ​ភាពក្លាហាន​យុវជន ឱ្យ​ក្រោកឈរ​តតាំង​នឹង​ឧស្សាហកម្ម​ថ្នាំជក់​ធំៗ​។ យើង​ត្រូវ​អប់រំ​យុវជន​ឱ្យ​ចេះ​ទប់​ទល់នឹង​ការស្វែងរក​ទីផ្សារ​របស់​ឧស្សាហកម្ម​ថ្នាំជក់ បដិសេធ​គ្រប់​ផលិតផល​ថ្នាំជក់ សារធាតុ​នីកូទីន និង​ផ្សព្វផ្សាយ​ចំណេះដឹង​ទៅដល់​យុវជន​ដ៏ទៃទៀត​។ ទាំងអស់គ្នា យើង​អាច​សម្រេចបាន​ជំនាន់​គ្មាន​ថ្នាំជក់​។

​ក្នុងឱកាស​នេះ យើង​ជួបជុំគ្នា​ដើម្បី​ថ្លៃ​អំណរគុណ​ដល់​លោក​វេជ្ជបណ្ឌិត មុំ គង់ ម្ចាស់​ពាន​ពិសេស​របស់​អគ្គលេខាធិកា​រ នៃ​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​ឆ្នាំនេះ​។ ការងារ​របស់លោក​វេ​ជ្ជ​បណ្ឌិត​ជាង​២​ទសវត្សរ៍​មកនេះ បាន​នាំនូវ​សមិទ្ធផល​ច្រើន​អនេក​នៅក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ លោក​វេជ្ជបណ្ឌិត មុំ គង់ គឺជា​បុគ្គល​សំខាន់​មួយរូប​ក្នុងការ​ជំរុញឱ្យមាន​កា​រ​អនុម័ត​ច្បាប់ ស្ដីពី​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​ឆ្នាំ​២០១៥ ការដក​ការផ្សាយពាណិជ្ជកម្ម​ថ្នាំជក់ នៅ​ហាង​មិន​ជាប់ពន្ធ​នៅ​អាកាសយានដ្ឋាន ការប្រឆាំង​និង​ទប់ស្កាត់​ការ​ជ្រៀត​ជ្រែ​តរបស់​ឧស្សាហកម្ម​ថ្នាំជក់ ទៅលើ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​នៅ​កម្ពុជា​។

​តាមរយៈ​ភាពជា​អ្នកដឹង​នាំ​របស់លោក​វេជ្ជបណ្ឌិត លោក​មានលទ្ធភាព​បង្កើត​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​នៅក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងការ​ជំរុញ​ការត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ អ្វីដែល​សំខាន់​មួយទៀត លោក​វេជ្ជបណ្ឌិត​បាន​ជំរុញឱ្យមាន​ការចូលរួម​ពី​យុវជន​កម្ពុជា នៅក្នុង​ការខិតខំ​ប្រឹង​ប្រែង​ក្នុង​វិស័យ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​។ លោក​វេជ្ជបណ្ឌិត មុំ គង់ គឺជា​បុគ្គល​តែមួយ​រូប​ដែល​ទទួលបាន​ពាន​ពិសេស របស់​អគ្គលេខាធិការ​នៃ​អង្គការ​សុខភាព​ពិភពលោក​នៅ​ឆ្នាំនេះ ហើយ​វា​ជា​លើកដំបូង​បង្អស់​សម្រាប់​ប្រទេស​កម្ពុជា​៕

ដោយ​៖​កូ​ឡាប​

spot_img
×