Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​កោះរ៉ុង ខេត្ត​ព្រះសីហនុ សំណូមពរ​សម្តេច ហ៊ុន សែន ស្នើរ​កុំអោយ​អញ្ជើញ​ចូលរួម​ពិធី​សម្ភោ​ធ បឹង​ហ្គា​ឡូ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប របស់ ឧកញ៉ា គិត ម៉េង

spot_img

​ខេត្ត​ព្រះសីហនុ​៖ (​ខាងក្រោម​នេះ គឺ​ជា​ខ្លឹមសារ​លិខិត​ទាំងស្រុង របស់​ប្រជាពលរដ្ឋ រស់នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង ខេត្ត​ព្រះសីហនុ ផ្ញើ​ចូលទៅក្នុង PAGE ឬ FACEBOOK សម្តេច​)​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​..!

​កម្ម​វ​ត្តុ​: សំណើ​សុំ​អង្វរ​សម្តេច​តេជោ មេត្តា​កុំ​អញ្ជើញ​ចូលរួម​ពិធី​សម្ពោធ​ដាក់អោយ​ដំណើរការ អាជីវកម្ម បឹង​ហ្គា​ឡូ នៅលើ​កោះរ៉ុង របស់ លោក​ឧកញ៉ា គិត ម៉េង នៅ​ថ្ងៃ​ទី​12/02/2018 ខាងមុខនេះ​។​

​លិខិត​ប្រជាពលរដ្ឋ​កោះរ៉ុង បាន​សំពូ​ម​ពរ​ដល់​សម្តេច ហ៊ុន សែន ថា យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ​នៅ​លើ​កោះរ៉ុង កំពុង​រង​ការទន្ទ្រាន យក​ដី​សង់​បឹង​ហ្គា​ឡូ Royal Sand ពី​សំណាក់​ក្រុមហ៊ុន Royal Group របស់ លោក​ឧកញ៉ា គិត ម៉េង​..​។ ដូច្នេះ​ពលរដ្ឋ​ពួក​ខ្ញុំ សូម​គោរព​រាយការណ៍​ជូន​សម្តេច​តេជោ មេត្តា​ជ្រាប​ថា ក្រោយពី​មាន​ការទន្ទ្រាន​យក​ដី របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ឆ្នេរ​សុខសាន្ត ដើម្បី​សង់​បឹង​ហ្គា​ឡូ របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប គឺ​កន្លងមក​ក្រុមហ៊ុន​នេះ បាន​ធ្វើទុក្ខបុកម្នេញ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​ដី​ជា​បន្តបន្ទាប់​នៅ​តំបន់​នោះ​។​
​ប្រជាពលរដ្ឋ​កោះរ៉ុង អោយដឹង​ដូច្នេះ រួច​បាន​បញ្ជាក់ថា កាលពី​ថ្ងៃ​ទី​21/12/2016 រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​អោយ​អាជ្ញាធរ​សុរិយោដី ចុះ​វាស់វែង​ក្បាលដី ដើម្បី​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ រហូត​ដល់​ដំណាក់កាល​បិទ​ផ្សាយបាន​ចប់​សព្វគ្រប់​រួច​ហើយ​ដែរ​។ ប៉ុន្តែ​មក​ដល់ពេលនេះ បាន​អូសបន្លាយ​ពេល​ជាង ១​ឆ្នាំ​មកហើយ នៅឡើយ អាជ្ញាធរ នៅ​មិនទាន់​បាន​ចែក​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ​យើងខ្ញុំ​នៅ​ឡើយ​ទេ​។ ដូចនេះ​មាន​ន័យ​ថា ការ​ទន្ទ្រាន​យក​ដី​សង់​បឹង​ហ្គា​ឡូ ពី​សំណាក់​ក្រុមហ៊ុន Royal group របស់​លោក​ឧកញ៉ា គិត ម៉េង នា​ពេល​កន្លងមក​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន នៃ​រដ្ឋ​បាក​ខេត្ត​ព្រះសីហនុ ហាក់​មិនសូវ​រវល់​អើពើ​ទៅ​លើ​កង្វល់ របស់​ប្រជាពលរដ្ឋ​កោះរ៉ុង ដែល​ជា​ជនរងគ្រោះ ផ្តើម​ដោយ​សកម្មភាព ទន្ទ្រាន​យក​ដីធ្លី​ពលរដ្ឋ​ពី​សំណាក់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប​នោះទេ ត្បិត​អី​ដី ដែល​ត្រូវ​ទន្ទ្រាន​មួយចំនួនធំ មាន​ម្ចាស់​ដើម​កាន់កាប់​តាំងពី​ដូនតា​មក និង​ម្ន​កកាន់កាប់​ដី​មួយចំនួនទៀត ត្រូវបាន​ម្ចាស់​ដើម​លក់​បន្ត តែ​ម្ចាស់​ដើម​នៅ​តែ​ទទួលខុសត្រូ ទៅលើ​សកម្មភាព នៃ​ការលក់ដូរ​ដី​លើ​កោះរ៉ុង របស់​ខ្លួន​ដដែល រហូតមកដល់​ពេលនេះ​។

​ប្រជាពលរដ្ឋ​កោះរ៉ុង ក៏​បាន​អោយដឹង​ដែរ​ថា ជាក់ស្តែង​ថ្មីៗ​នេះ មាន​ព័ត៌មាន​ចេញ​ពី​សាលាខេត្ត​ព្រះសីហនុ ពិសេស​ប្រធាន​មន្ទីរ​សុរិយោដី ខេត្ត​ព្រះសីហនុ លោក នួន ប៉ុក បានទាមទារ​ប្រយោជន៍​ពី​ការ​ចេញ​ប័ព្ណកម្មសិទ្ធិ​ដីធ្លី​នៅ​លើ​កោះរ៉ុង​ចំនួន 25%(​ម្ភៃ​ប្រាំ​ភាគរយ​) ពី​ម្ចាស់​ដី​នី​មួយៗ ទើប​ចេញ​ប័ណ្ណ​កម្ម​សិទ្ធ​ជូន​ពលរដ្ឋ និង​បាន​ប្រើ​កលល្បិច​គ្រប់បែបយ៉ាង ប្រឆាំង​ជំទាស់​ជាមួយ​ពួក​ខ្ញុំ ដោយឡែក នួន ប៊ុក បាន​ប្រើ​អោយ​កូនចៅ​ខ្លួន ឈ្មោះ ឃួន គីម​ស៊ីន អោយ​លុបឈ្មោះ​ម្ចាស់​ដី​ខ្លះ ចេញ​ពី​បញ្ជី​ឈ្មោះ ដែល​ត្រូវ​ចែក​ប័ណ្ណកម្មសិទ្ធិ តាម​វិធី​ម្យ៉ាង គឺ​ចែក​ប័ណ្ណកម្មសិទ្ធិ ចំពោះ​ម្ចាស់​ដី ដែល​ស្នាក់​នៅ​លើ​កោះ​ជា​អចិន្ត្រៃយ៍​តែប៉ុណ្ណោះ (​តាមរយៈ​សៀវភៅ​ស្នាក់នៅ ចេញ​ដោយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​)​។ លិខិត​ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​លើ​កោះរ៉ុង ក៏​បាន​ចាត់ទុក សកម្មភាព​ភាព​អនុវត្ត​ការងារ របស់ លោក នួន ប៉ុក ថា​ជា​ទង្វើរ​ខុសច្បាប់ ដោយ​ចោទ​ថា បាន​គៀបសង្កត់​ប្រជាពលរដ្ឋ​ទន់ខ្សោយ ចាត់ទុកថា ក្នុង​នីតិវិធី នៃ​ការចុះបញ្ជី​ដីធ្លី និង​ចេញ​ប័ណ្ណកម្មសិទ្ធិ នៅ​កម្ពុជា​កន្លងមក មិន​មាន​មន្ត្រី ឬ​អាជ្ញាធរ អនុវត្ដ​នីតិវិធី​ដោះស្រាយ​តាម​របៀប លោក នួន ប៉ុក កំពុង​អនុវត្ត​ក្នុង​ការងារ ដូច​រាល់ថ្ងៃ​នេះ​ទេ​។
​ជាងនេះទៀត ប្រជាពលរដ្ឋ ក៏​បាន​ចោទ លោក ឃួន គឹម​ស៊ីន អោយ​មក​ប្រាប់​ប្រជាពលរដ្ឋ​ម្ចាស់​ដី ឈ្មោះ កាន់ បាន ថា លោក​ទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បញ្ជា​មិន​អោយ​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដី​អោយ​យើងខ្ញុំ​ថែម​ទៀត​។​

​ផ្តើម​ពី​បញ្ហា​នេះ យើងខ្ញុំ​ជា​ប្រជាពលរដ្ឋ ដែល​មាន​ចំណែក​ក្បាល​ដី​នៅ​លើ​កោះរ៉ុង សូម​គោរព​ជូន​ប្រសាសន៍​សម្តេច មេត្តា​ជ្រាប​ថា កន្លងមក​ក្នុង​ការវាស់វែង​ដីធ្លី ដើម្បី​ចេញ​បណ្ណ័កម្មសិទ្ធិ គឺ​យោង​តាម​ការបញ្ជាក់​ទទួល​ស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន ភូមិ សង្កាត់​ប៉ុណ្ណោះ​។ ក្នុងនោះ ក៏​បាន​គោលនយោបាយ​ឆ្វៀល​ដី​ជូន​ប្រជាពលរដ្ឋ តាម​រូបមន្ត​ស្បែក​ខ្លា ដែល​ជា​គោលនយោបាយ​មួយ​ដ៏​ល្អ របស់​សម្តេច​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល ដែល​បាន​ការពារ​ផលប្រយោជន៍ ជូន​ពលរដ្ឋ​នៅ​តាម​សហគមន៍ នានា នៅពេល​រដ្ឋាភិបាល បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដល់​ក្រុមហ៊ុន​ណាមួយ​។

​លិខិត​ប្រជាពលរដ្ឋ​កោះរ៉ុង បានឲ្យ​ដឹង​ដូច្នេះ រួច​បាន​បន្ត​សរសេរ​សារ​ចោទ លោក​ឧកញ៉ា គិត ម៉េង និង​ដៃជើង ថា​បាន​ព្យាយាម​យក​រូបភាព​ដែល​សម្តេច​តេជោ​ថត​ជាមួយ លោក គិត ម៉េង ទៅ​គំរាមកំហែង មន្ត្រី​ថ្នាក់ក្រោម ដើម្បី​ទាមទារ​ផលប្រយោជន៍​ផ្សេងៗ​។ ឧទាហរណ៍​ដូចជា​រូបភាព សម្តេច​ជិះ​យន្តហោះ​ធុន​តូច​ជាមួយ លោក គិត ម៉េង និង​រូប​ភាពស្និទ្ធស្នាល ដែល​សម្តេច​ថត​ជាមួយ លោក​ឧកញ៉ា គិត ម៉េង នា​ពេលកន្លងមក​។​

​អាស្រ័យហេតុនេះ ដើម្បី​ជៀសវាង​ប៉ះពាល់​ប្រជាប្រិយភាព និង​កិត្ដិយស សម្តេច គួរតែ​កុំ​អញ្ជើញ​មក​ចូលរួម​ជា​អធិបតី នៅក្នុង​ពិធី​សម្ពោធ​បឹង​ហ្គា​ឡូ Royal Sand ដែល​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប Royal Group របស់ លោក គិត ម៉េង ដែល​ត្រៀម​ធ្វើ​ពិធី​សម្ភោ​ធ​នៅ​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នោះ​អី​។
​ជាង​នេះ​ទៀ​ត ក៏​បាន​សំណូមពរ សម្តេច មេត្តា​ជួយ​អន្តរាគមន៍​ទៅ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ អោយជួយ​ពន្លឿ​ន ចេញ​ប័ណ្ណកម្មសិទ្ធិ ជូន​ប្រជាពលរដ្ឋ ដែល​មាន​ចំណែក​ក្បាល​ដី​នៅ​លើ​កោះរ៉ុង អោយបាន​គ្រប់ៗ​គ្នា បាន​ប្រើប្រាស់​ស្របច្បាប់ អោយបាន​ឆាប់ ដោយ​ក្តី​អនុគ្រោះ​។​

​នៅក្នុង​លិខិត របស់​ប្រជាពលរដ្ឋ​កោះរ៉ុង ផ្ញើជូន​សម្តេច ហ៊ុន សែន តាម PAGE ឬ FACEBOOK សម្តេច ក៏​បាន​ចាត់ទុក សកម្មភាព របស់​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​មន្ត្រី​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ថា​បាន​រួម​ដៃ​ឃុបឃិត​គ្នា​សរសេរ​របាយការណ៍​ភូតកុហក និង​ក្បត់​សម្តេច ដោយ បាន​សរសេរ​របាយការណ៍​ការពារ​តែ​គ្នា​គេ ឬ​បុគ្គល​ជា​បក្សពួក​គ្នា​គេ ដោយ​បាន​មក​ធ្វើបាប​ប្រជាពលរដ្ឋ​ទន់ខ្សោយ ដែល​ជា​អ្នកគាំទ្រ សម្តេច ជា​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទៅវិញ​។

​លិខិត​ពលរដ្ឋ​កោះរ៉ុង​ដដែល បាន​ជំរាបជូន​សម្តេច​ថា បើសិន​សម្តេច​ជួយ​អប្តរាគមន៍ ឈាន​ដល់​ពន្លឿន​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី ជូន​ពលរដ្ឋ​ពួកគាត់ បាន​ឆាប់​មែន​នោះៗ ប្រជាពលរដ្ឋ​យើងខ្ញុំ នឹង​មាន​លទ្ធភាព​ប្រកប​របរ​អាជីវកម្ម​ផ្សេងៗ​ដោយ​ស្របច្បាប់ ហើយ​មិន​បង្កើត​អោយ​មាន​កង្វល់​ដល់​សម្តេច និង​រាជរដ្ឋាភិបាល​នោះទេ​។
​បន្ថែម​លើស​នេះ យើងខ្ញុំ​ទាំងអស់គ្នា​នៅ​ទូទាំង​កោះរ៉ុង ខេត្ត​ព្រះសីហនុ សន្យាថា នឹង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច ជា​អ្នកដឹកនាំ អោយ​ទទួលបាន​ជោគជ័យ ១០០% នៅ​គ្រប់​អាណត្តិ នៃ​ការបោះឆ្នោត​នី​មួយៗ​នៅ​កម្ពុជា​។​

​សូម​សម្តេច មេត្តា​ទទួល​នូវ​ការគោរព​ស្រឡាញ់​ដ៏​ខ្ពង់ខ្ពស់​អំពី​យើងខ្ញុំ​៕ ពលរដ្ឋ​កោះរ៉ុង​

(​លិខិត របស់​ប្រជាពលរដ្ឋ​កោះរ៉ុង​ខាងលើនេះ ក៏​មាន​ផ្ញើ​មក​កាន់ គេហទំព័រ CEN.COM.KH ស្នើរ​សំណូមពរ​អោយជួយ​ផ្សព្ធផ្សាយ​ដែរ​)​។​

​យ៉ាងនេះក្តី អ្នកយក​ព័ត៌មាន​គេហទំព័រ CEN.COM.KH មិនទាន់​អាច​ទាក់ទង លោក​ឧកញ៉ា គិត ម៉េង អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ដើម្បី​បំភ្លឺ​ទៅលើ​លិខិត របស់ ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​លើ​កោះរ៉ុង ដែល​បាន​សរសេរ​លិខិត​ចោទ​ក្រុមហ៊ុន​នេះ​បានទេ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​២៧ ខែ​មករា ឆ្នាំ​២០១៨​។

​ក្នុងនោះ CEN.COM.KH ក៏​មិន​ទាន់​អាច ស្នើរ​សុំ​ការបំភ្លឺ​ពី លោក នួន ប៉ុក ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយ៍កម្ម សំណង់ និង​សុរិយោដី ខេត្ត​ព្រះសីហនុ ដើម្បី​បកស្រាយ​ការចោទប្រកាន់ របស់​ប្រឃាពលរដ្ឋ​នៅ​ភូមិ​សុខសាន្ត សង្កាត់​កោះរ៉ុង បាន​នៅឡើយ​ដែរ​៕​ ដែនសីមា

spot_img
×