Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ជួយ​កែលម្អ​ការសម្ដែង​ឈុត​វីដេអូ​កំប្លែង និង​សិល្បករ ស្លៀកពាក់​ឯកសណ្ឋាន​មិន​ត្រឹមត្រូវ ប៉ះពាល់​ដល់​នគរបាល​ជាតិ​

spot_img

​ភ្នំពេញ​៖ នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ែន វិបុល អគ្គលេខាធិការ​នៃ​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា បាន​ផ្ញើលិខិត​ផ្លូវការ​មួយច្បាប់​ជូន​ដល់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ដោយ​សំណូមពរ​ពិនិត្យ​កែលម្អ​ដល់​ស្ថានីយទូរទស្សន៍ និង​សិល្បករ​មួយចំនួន​ដែល​បាន​និពន្ធ និង​ដឹកនាំ​ការសម្ដែង​ឈុត​វីដេអូ​កំប្លែង​ខ្លីៗ ដែលមាន​ផលប៉ះពាល់​ពាក់ព័ន្ធ​ទៅនឹង​រូប​ភាពជា​មន្ត្រីនគរបាល​ជាតិ​។​

​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា មួយរយៈ​កន្លងមកនេះ ជាពិសេស​ស្ថិតក្នុង​ស្ថានភាព​ដែល​ក្រសួងមហាផ្ទៃ​បាននិងកំពុង​ធ្វើ​យុទ្ធនា​ការពង្រឹង ការអនុវត្តន៍​ច្បាប់​ចរាចរណ៍ សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា​បាន​ពិនិត្យ និង​សង្កេតឃើញថា មាន​ស្ថានីយទូរទស្សន៍ ក៏ដូចជា សិល្បករ​មួយចំនួន​បាន​ផលិត​ជា​ខ្សែ​វីដេអូ​កំប្លែង​ខ្លី ដោយ​ឈុត​សាច់រឿង​ខ្លះ​បាន​សម្ដែង​ជា​តួអង្គ​មន្ត្រី​នគរបាលជាតិ ដែលមាន​ការ​ស្លៀកពាក់​ឯកសណ្ឋាន​មិនបាន​ត្រឹមត្រូវ និង​មិន​គ្រប់គ្រាន់​សញ្ញា​សម្គាល់​ផ្អែក​តាម​បទដ្ឋាន ស្ដីពី​ឯកសណ្ឋាន និង​ស្លាក​សញ្ញា​មន្ត្រី​នគរបាលជាតិ ដែល​បានកំណត់ ហើយ​តួអង្គ​នគរបាល​មាន​សក់វែង និង​បាន​ប្រើពាក្យ​សំដី​ខ្លះ​មិន​សមរម្យ​ទៅនឹង​ក្រមសីលធម៌​វិជ្ជាជីវៈ របស់​មន្ត្រីនគរបាល​ជាតិ​ទៀតផង​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ែន វិបុល បានលើកឡើង​បន្ថែមថា តាមរយៈ​សកម្មភាព​ក្នុង​ខ្សែ​វីដេអូ ដូច​បាន​រៀបរាប់​គោរព​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ខាងលើ ដែល​ត្រូវបាន​មជ្ឈដ្ឋាន​ខាងក្រៅ ធ្វើការ​ចែករំលែក​គ្នា​ទៅវិញទៅមក​យ៉ាង​ទូលំទូលាយ​នៅក្នុង​បណ្ដាញ​សង្គម​ទៀត​នោះ សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា បាន​យល់ឃើញថា ពិត​ជាមាន​ផលប៉ះពាល់​ជះឥទ្ធិពល​មិនល្អ​ដល់​កិត្យានុភាព និង​សេចក្ដីថ្លៃថ្នូរ របស់​កងកម្លាំង​នគរបាលជាតិ ដែល​បាននិងកំពុង​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច ថែរក្សា​ការពារ​សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព និង​ស្ថិរភាព​សង្គម ជូន​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​។​

​សមាគម​មិត្ត​នគរបាលជាតិ​កម្ពុជា សូម​សំណូមពរ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន មេត្តា​ពិនិត្យ និង​ជួយ​សម្រួល​ចាត់វិធានការ កែលម្អ​ដល់​ស្ថានីយទូរទស្សន៍ ក៏ដូចជា​ក្រុម​សិល្បករ​ដែលមាន​ចំណុច​ខ្វះខាត​តាម​ការគួរ​៕
ដោយ​៖​កូ​ឡាប​

spot_img
×