Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា ចិន ជំរុញ​ការទូទាត់​រូបិយប័ណ្ណ​ជា​ប្រាក់រៀល និង ប្រាក់​យ៉​ន់​ចំពោះ​ពាណិជ្ជកម្ម​ទ្វេភាគី​

spot_img

​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​) និង​នាយកដ្ឋាន​គ្រប់គ្រង​ការ​ប្តូរប្រាក់ នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ពិភាក្សា​អំពី​យន្តការ នៃ​ការជំរុញ​ការទូទាត់​ជា​ប្រាក់រៀល និង ពាណិជ្ជកម្ម​ក្រៅប្រទេស​ជា​ប្រាក់​យ៉​ន់ (​ចិន​) ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយ​ប្រទេស​ចិន​។

​ឧកញ៉ា ចាន់ សុ​ឃាំង អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (​ស​.​អ​.​ក​)​និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​ទទួលបន្ទុក​ផ្នែក​វិនិយោគ និង​ហិរញ្ញវត្ថុ​របស់ ស​.​អ​.​ក អម​ជាមួយនឹង​លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន ស​.​អ​.​ក បានទទួល​ជួប​ស្វាគមន៍​ពិភាក្សា​ជាមួយនឹង​ធនាគារជាតិ​នៃ​កម្ពុជា ដែលមាន​វត្តមាន លោក ឡុង វិ​បុណ្យ​ឫទ្ធ អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ការ​ប្តូរប្រាក់ នៃ​ធនាគារជាតិ​នៃ​កម្ពុជា និង​សហការី​។​

​ឧកញ៉ា ចាន់ សុ​ឃាំង បាន​សម្តែង​ការចាប់អារម្មណ៍​ជា​វិជ្ជមាន និង​គាំទ្រ​ពេញទំហឹង លើ​គំនិត​ផ្តួចផ្តើម​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុងការ​សម្រួលការ​ទូទាត់​ពាណិជ្ជកម្ម​អង្ករ​ក្រៅប្រទេស ពោលគឺ​ជាមួយនឹង​ប្រទេស​ចិន ដែលជា​ជំហាន​ដំបូង​របស់​ធនាគារជាតិ​នៃ​កម្ពុជា គឺ​ផ្តោតលើ​វិស័យ​កសិកម្ម​ដែលជា​ពិសេស​គឺ​វិស័យ​ស្រូវ​អង្ករ​។

​លោក​ឧកញ៉ា បានលើកឡើង​ពី​សក្តានុពល​និង​ប្រតិបត្តិការ​នៃ​ការធ្វើ​ពាណិជ្ជកម្ម​អង្ករ​ជាមួយនឹង​ប្រទេស​ចិន​ដែលមាន​ស្រាប់ ជាក់ស្តែង​រយៈពេល​៥​ខែ​នៃ​ដើមឆ្នាំ​២០២០ នេះ កម្ពុជា​បានធ្វើ​ពាណិជ្ជកម្ម​អង្ករ នាំ​ចេញទៅ​ប្រទេស​ចិន ក្នុង​រង្វង់​ទឹកប្រាក់​ប្រមាណ​ជាជាង ៧១​លាន​ដុល្លារ​អាមេរិក ដែលជា​កំណើន​មួយ​គួរឱ្យកត់សម្គាល់​។​

​ដូច្នេះ ការជំរុញ​ការទូទាត់​ជា​ប្រាក់​យ៉​ន់​ចិន​ដោយផ្ទាល់​នេះ នឹង​ជួយ​សម្រួល​ដល់​ដំណើរការ ក៏ដូចជា​ផ្តល់នូវ​ភាព​ចំណេញ​និង​ងាយស្រួល​ដល់​ពាណិជ្ជករ​កម្ពុជា​និង​ចិន និង​អាចជួយ​ពង្រីក​ទីផ្សារ​អង្ករ​កម្ពុជា​ទៅ​ប្រទេស​ចិន​បន្ថែមទៀត​ផងដែរ​។ ចំពោះ​ការជំរុញ​ការទូទាត់​ជា​ប្រាក់រៀល គឺជា​យន្តការ​បន្ទាប់​ស​ម្រា​ប់​ទូទាត់​ការទិញ​លក់​ស្រូវ​អង្ករ​ក្នុងស្រុក ជាពិសេស​ជាមួយ​កសិករ​។

​តំណាង​ធនាគារជាតិ​នៃ​កម្ពុជា លោក ឡុង វិ​បុណ្យ​ឫទ្ធ ក៏បាន​សម្តែង​នូវ​ការ​អរគុណ​ចំពោះ​ការគាំទ្រ​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លើ​ការជំរុញ​ការទូទាត់​ពាណិជ្ជកម្ម​ក្រៅប្រទេស ជាមួយ​ប្រទេស​ចិន ជា​ប្រាក់​យ៉​ន់​នេះ តប​តាម​ការស្នើ​ពី​ធនាគារកណ្តាល​របស់​ប្រទេស​ចិន (Central Bank of China) ម្តង​ហើយ​ម្តងទៀត លើ​ការ​ស្នើឱ្យ​កម្ពុជា​សហការ​លើ​ការទូទាត់​រូបី​យ​ប័ណ្ណ​ជា​ប្រាក់​យ៉​ន់​លើ​ពាណិជ្ជកម្ម​ទ្វេភាគី ដើម្បី​សម្រួល​ដល់​ប្រតិបត្តិការ និង​ចំណេញ​ដល់​សេដ្ឋកិច្ច​។​

​លោក លន់ យ៉េ​ង បានផ្តល់​មតិយោបល់ ចំពោះ​យន្តការ​នេះ​ថា គួររៀបចំ​ព្រឹត្តិការណ៍​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ឬ​ព្រឹត្តិការណ៍​ប្រកាស​នៃ​ការចាប់ផ្តើម​ទូទាត់​ប្រាក់​យ៉​ន់ ដោយ​ចាប់ផ្តើម​ពី​ពាណិជ្ជកម្ម​អង្ករ​មុនគេ ដែល​អាច​អញ្ជើញ​ធនាគារកណ្តាល​ទាំងពីរ (​កម្ពុជា និង​ចិន​) និង​ធនាគារពាណិជ្ជ​ដែលជា​អ្នកអនុវត្ត​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​។ តប​តាម​ការលើកឡើង​នេះ ខាង​ធនាគារជាតិ​កម្ពុជា​បាន​បង្ហាញថា​ប្រហែល​នឹង​អាចមាន​ពិធី នៅពេលដែល​កម្ពុជា​រៀបចំ​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប ខាងមុខ​ដែល​អាចមាន​ការចូលរួម​ដោយ​ថ្នាក់ដឹកនាំ​កំពូល​របស់​ប្រទេស​ទាំងពីរ​។
​ជា​សំណូមពរ ពី ស​.​អ​.​ក ទៅកាន់​ធនាគារជាតិ​នៃ​កម្ពុជា ទៅលើ​ជំហាន​នៃ​ការផ្តួចផ្តើម​នៃ​ការទូទាត់​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជា​ប្រាក់​យ៉​ន់​នេះ ស​.​អ​.​ក ស្នើឱ្យ​ធនាគារជាតិ​នៃ​កម្ពុជា ជួយ​សម្របសម្រួល​លើ​អត្រា​ប្តូរប្រាក់ (Exchange Rate) ដែលជា​ការព្យាករណ៍ (forecast fixed exchange rate) រវាង​ប្រាក់រៀល​កម្ពុជា និង ប្រាក់​យ៉​ន់​របស់​ចិន​ឱ្យបាន​មុន​មួយខែ​ម្តង ព្រោះនេះ​ជា​ឧបសគ្គ​ធំ​មួយ​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​ក្រៅប្រទេស បើសិន​យើង​ចង់ឱ្យ​មានការ​ចរាចរ និង​ទូទាត់​ជា​ប្រាក់​យ៉​ន់​ចិន​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ ធនាគារជាតិ​នៃ​កម្ពុជា ទទួលយក​សំណូមពរ​ពី ស​.​អ​.​ក ក្នុង​ការស្នើ​ឱ្យជួយ​សម្រប​សម្រួល​លើ​អត្រា​ប្តូរប្រាក់​យ៉​ន់ ជាមួយនឹង​ធនាគារកណ្តាល​ចិន ទៅ​ពិភាក្សា​បន្ត ហើយ ស​.​អ​.​ក ក៏​នឹង​បន្ត​សហការ​យ៉ាង​ជិតស្និទ្ធ ក្នុងការ​ផ្តល់នូវ​ព័ត៌មាន ឬ​ទិន្នន័យ​ផ្សេងៗ​ទៅ​ធនាគារជាតិ ដើម្បី​អាចធ្វើ​យ៉ាងណា​ឱ្យ​យន្ត​ការជំរុញ​ការទូទាត់​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន ជា​ប្រាក់​យ៉​ន់ នៅ​ដំណាក់កាល​ដំបូង​នេះ ដើម្បី​អាច​ចេញ​ជា​ផ្លែផ្កា​នាពេលខាងមុខ​៕

​ដោយ​៖CEN


spot_img
×